ដាក់អាវភ្លៀងតាមខ្លួនផង សប្តាហ៍ក្រោយ ក្រ​សួង​ថាអាចមាន​ភ្លៀង​ធ្លាក់ស្ទើរទូទាំងប្រទេស​

  • 2017-12-21 07:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​មាន​សីតុណ្ហភាព​ចុះត្រជាក់​ប៉ុន្មាន​ថ្ងៃ​មក​នេះ ដល់ពេល​​ភ្លៀង​ធ្លាក់​វិញ​ម្តង​នៅ​ស្ទើរ​ទូទាំង​ប្រ​ទេស​ចាប់ពី​សប្តាហ៍ក្រោយ​ទៅ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រ​សួង។

ក្រ​សួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃនេះ​ប្រ​កាស​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃទី​២៦​ដល់ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០១៧​ នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ស្ទើរ​ទូទាំង​ប្រ​ទេសពីកម្រិត​មធ្យម ទៅច្រើន ជាពិសេស​តាម​បណ្តា​ខេត្ត​ជាប់​ព្រំប្រ​ទល់​ប្រទេស​វៀតណាម​។

ក្រ​សួង​ឲ្យ​ដឹងទៀតថា​ចំណែក​នៅ​តំបន់មាត់​សមុទ្រ និង​លើ​ផ្ទៃ​សមុទ្រក៏មាន​ពពក​ដេរដាស និង​មាន​ភ្លៀង​ធ្លាក់ពីបង្គួរទៅច្រើន​ផង​ដែរ។

មូល​ហេតុ​ដែលនាំឲ្យមាន​ភ្លៀង​ធ្លាក់នេះ​ក្រ​សួង​បញ្ជាក់ថា​មក​ពី​មាន​វិសម្ពាធទាប​មួយ​​នៅ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងទី១៩ ខែធ្នូ ឆ្នាំ​២០១៧ និង​បង្កើតបានជា​ព្យុះ​មួយ ដែល​ព្យុះនេះ​កំពុង​ស្ថិត​នៅ​ភាគខាងត្បូងប្រ​ទេស​ហ្វី​លីពីន​នាពេល​នេះ៕


អត្ថបទ៖ ទូច សុខា