តិចនិក​៨​យ៉ាង​ធ្វើ​ឲ្យ​កាមេរ៉ា​សំណព្វ​ចិត្ត​របស់​អ្នក​បានប្រើ​កាន់​តែយូរ​អង្វែង

  • 2018-01-17 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ជា​ចំណូលចិត្ត​​មួយ​ ដូច្នេះ​ទើប​​មាន​អ្នក​ហ៊ាន​វិនិយោគ​លើ​កាមេរ៉ា និង​ឧបករណ៍​ពាក់ព័ន្ធ ទាំង​ថវិកា និង​ពេលវេលា ក្នុង​ការ​រៀន​ប្រើប្រាស់ ព្រោះ​មិន​មាន​ន័យ​ថា ទិញ​មក​ភ្លាម​ចេះ​ប្រើ​នោះ​ទេ​។

ពេលទិញ​ក៏​មិន​ចង់​ឲ្យ​កាមេរ៉ា​អ្នក​ឆាប់​ផ្លាស់ប្ដូរ​ថ្មី​ដែរ ព្រោះ​ជា​ឧបករណ៍​សំណព្វចិត្ត​។ អនុវត្ត​តាម​ចំនុច​ខាងក្រោម ដើម្បី​ជួយ​ថែរក្សា​កាមេរ៉ា​អ្នក​ប្រើ​បាន​យូរ​អង្វែង​។

១. អ្នក​មិន​គួរ​ប្រើ​អាវ​ជូត​សំអាត​នោះ​ទេ​

សំលៀកបំពាក់​អ្នក​ពាក់​មាន​ធូលី​ដី ញើស​ជាច្រើន មិន​គួរ​ប្រើ​ជូត​សម្អាត​លើ Lens នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​កញ្ចក់​។អ្នក​ប្រហែល​ជា​ធ្លាប់​លឺ ពេទ្យ​ខាង​ភ្នែក​បាន​ណែនាំ​មិន​ឲ្យ​ជូត​កញ្ចក់​ជាមួយ​អាវ ឬ​កន្សែង​ពោះគោ​។ អ្នក​គួរ​សម្អាត​ធូលី​ដោយ​ប្រើ​ក្រដាស​ជូត Lens, ក្រណាត់​ទន់​ស្តើង ឬ​ច្រាស​ផលិត​សម្រាប់​សម្អាត Lens។

២. ប្រើ​ខ្សែ​ភ្ជាប់​នឹង​កាមេរ៉ា​

អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​ច្រើន ការ​ជ្រុះ​កាមេរ៉ា​ពី​ដៃ ខណៈ​ពេល​តម្រង់​ថតរូប​។ អ្នក​គួរ​ប្រើ​ខ្សែ​មាន​ស្រាប់​របស់​កាមេរ៉ា DSLR ភ្ជាប់​នឹង​ករ ពេល​ថត​នៅ​ខាងក្រៅ ដើម្បី​ការពារ​វត្ថុ​សំណប់​ចិត្ត​។

៣. បិទ​គម្រប​*

Lens ជា​ទ្រព្យ​មាន​តម្លៃ​សម្រាប់​ការ​ថតរូប​។ អ្នក​គួរ​បិទ​គម្រប​ទាំង​ខាងមុខ និង​ខាងក្រោយ Lens ដើម្បី​ការពារ​ធូលី​ដី សំណើម ឬ​សារធាតុ​រាវ ប៉ះ​ចូល​ខាងក្នុង ពេល​អ្នក​ដោះ Lens ចេញ​មិន​ប្រើប្រាស់​។

៤. កុំ​ប្រើ Sensor ខ្លាំង​ពេក​

Sensor ជា​បេះដូង​កាមេរ៉ា ដែល​ត្រូវការ​ថែទាំ និង​ប្រយ័ត្នប្រយែង​ពេល​អ្នក​សម្អាត​។ ប្រសិនបើ​អ្នក​ប្រើ​កាមេរ៉ា​អាច​ផ្លាស់ប្ដូរ Lens គួរ​ប្រើ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយសារ Sensor ដូចជា​មេដែក​មួយ​សម្រាប់​ធូលី​ដី ដែល​នឹង​កាន់​តែ​អាក្រក់ ពេល​អ្នក​ប្រើ​នៅ​ខាងក្រៅ។ អ្នក​គួរ​ផ្លាស់ប្ដូរ Lens ឲ្យ​បាន​រហ័ស ហើយ​តម្រង់​កាមេរ៉ា​ចុះ​ក្រោម ពេល​ដោះ ឬ​ភ្ជាប់ Lens។

៥.​ មេម៉ូរី​មាន​តម្លៃ​ណាស់​

អ្នក​មិន​គួរ​ដោះ មេម៉ូរី​កាត​ចេញ​ពី​កាមេរ៉ា ពេល​កាមេរ៉ា​នៅ​បើក ជាពិសេស​ពេល​វា​កំពុង​បញ្ជូន​ទិន្នន័យ​ទៅ​កាន់​កាត ព្រោះ​អាច​បណ្តាល​ឲ្យ​មេម៉ូរី​ខូច​។ ប្រសិនបើ​អ្នក​ឃើញ​មាន​ពន្លឺ​លោត​ជា​បន្តៗ ក្រោយ​អ្នក​ថត​រូបភាព មាន​ន័យ​ថា​ទិន្នន័យ​កំពុង​បញ្ជូន​ទៅ​កាន់​កាត​។

៦. ការ​ប្រើប្រាស់​ថ្ម​

ប្រសិនបើ​អ្នក​មិន​ប្រើ​កាមេរ៉ា​ជា​យូរ​ថ្ងៃ ថ្ម​ក៏​នៅ​តែ​បាត់បង់​ដែរ តែ​ការ​បាត់បង់​ថាមពល​ថ្ម​ពេល​មិន​ប្រើ មិន​ប៉ះពាល់​ដល់​កាមេរ៉ា​ទេ តែ​អ្នក​ប្រហែល​ជា​បាត់បង់​ឧកាស​ថតរូប​ទិដ្ឋភាព​ណា​មួយ​។ អ្នក​គួរ​ដោះ​ថ្ម​ចេញ ពេល​អ្នក​មិន​ប្រើប្រាស់ ព្រោះ​ការ​ទុក​ថ្ម​ក្នុង​កាមេរ៉ា​មិន​ប្រើ​រយៈពេល​យូរ​អាច​បណ្តាល​ឲ្យ​មាន​សំណឹក​ឬ​សំណើម​។ យ៉ាងណាមិញ មុន​ពេល​ទាញ​កាមេរ៉ា​មក​ថត គួរ​ប្រាកដ​ថា​មាន​ថ្ម​នៅ​ខាងក្នុង និង​មាន​ថាមពល​គ្រប់គ្រាន់​។

៧. ការ​កាន់​កាមេរ៉ា​ ប្រើប្រាស់​

អ្នក​គួរ​ផ្លាស់ប្ដូរ​ទម្លាប់​ដោយ​កាន់​កាមេរ៉ា​ពេល​ថតរូប​ប្រើ​ដៃ​ទាំង​ពីរ មួយ​កាន់​តួ​កាមេរ៉ា និង​មួយ​ទៀត​កាន់​ទ្រ​ពី​ក្រោម Lens។ ការ​ធ្វើ​បែប​នេះ ជួយ​រក្សា​លំនឹង​កាមេរ៉ា​ពេល​ថត​កុំ​ឲ្យ​រូបភាព​ព្រាល និង​ជួយ​កាត់បន្ថយ​ការ​របូត​ដៃ​ធ្លាក់​។

៨. កុំ​ភ្លេច​យក​កាបូប​តាម​

អ្នក​គួរ​ដាក់​កាមេរ៉ា និង​ឧបករណ៍​​ប្រើជាមួយ​កាមេរ៉ា​ក្នុង​កាបូប​ដាក់​សម្ភារៈ​ មិនមែន​កាបូប​ធម្មតា​នោះ​ទេ ព្រោះ​អាច​ជួយ​រក្សា​កាមេរ៉ា​អ្នក​បាន​ល្អ ពេល​ចេញ​ក្រៅ​៕​


ប្រភព៖ DigitalTrends | Sabay News អត្ថបទ៖ ប៊ុនធឿន