ផ្លូវ៥កន្លែងនៅកម្ពុជា កាច់កុងដូចអន្ទង់អាំង ពុះជ្រែកកាត់ព្រៃភ្នំស្អាតបំផុត

  • 2018-01-30 05:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ Sabay តែង​ចុះ​ផ្សាយ​ជា​រឿយៗ​អំពី​ផ្លូវ​ដ៏​ស្អាត​នានា​នៅ​កម្ពុជា​មក​បង្ហាញ​ប្រិយមិត្ត តែ​នៅ​ថ្ងៃ​នេះ​សុំ​លើក​ម្ដង​៥​កន្លែង​តែ​ម្ដង។ តោះ​ទៅ​ស្គាល់​ទាំង​អស់​គ្នា​ណា!

១. ផ្លូវ​ឡើង​ទៅ​ឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ»

ឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ» គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ប្រទេស​កម្ពុជា។ ភ្នំ​បូកគោ មាន​កម្ពស់​ប្រមាណ ១០៧៥ ម៉ែត្រ គ្រប​ដណ្ដប់​ដោយ​អាកាស​ធាតុ​ដ៏​ត្រជាក់​​ខុស​ប្លែក​ពី​តំបន់​ណា​ៗ​ទាំង​អស់។ អ្វី​ដែល​ទាក់​ចិត្ត​ភ្ញៀវទេសចរ​មិន​អាច​បំភ្លេច​បាន​ពេល​ទៅ​ដល់​ទី​នោះ គឺ​ផ្លូវ​បត់​បែន​ កាច់​កុង​តាម​ជម្រាល​ភ្នំ ពុះ​ជ្រែក​កាត់​ព្រៃព្រឹក្សា​ដ៏​ស្អាត​បំផុត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។

ផ្លូវ​ដ៏​វែង​អន្លាយ​នេះ​ត្រូវ​បាន​សាងសង់​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង និង​អភិវឌ្ឍ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះបរម​រតនកោដ្ឋ ព្រះបាទ​សម្ដេច​ ព្រះនរោត្ដម​ សីហនុ។

២. ផ្លូវ​ទៅ​ខេត្ត​កោះកុង

​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៤៨ បំបែក​ពី​ស្រែអំបិល ឆ្ពោះ​ទៅ​ខេត្ត​កោះកុង ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង ១៤០ គីឡូម៉ែត្រ អ្នក​ប្រាកដ​ជា​នឹង​លង់​​សម្រស់​ធម្មជាតិ​តាម​ដង​ផ្លូវ វាលស្រែ​រំលេច​ពណ៌​ខៀវស្រងាត់ ក្រោយ​រង​ដំណក់​ទឹកភ្លៀង​ជោកជាំ​នា​ខែ​វស្សា និង​ទេសភាព​រំលេច​ពណ៌​មាស​នា​រដូវ​ប្រាំង​ ជាមួយ​ភ្នំ​តូច​ធំ​យ៉ាង​វែង​អន្លាយ​​នាំ​​អារម្មណ៍​ស្រស់​ស្រាយ ទោះ​បី​ហត់​នឿយ​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ណា​ក៏​ដោយ​។

៣. ផ្លូវ​ពី​រតនគីរី​ទៅ​មណ្ឌលគីរី

បើ​អ្នក​ដំណើរ​ចេញ​ពី​ទី​​រួម​ខេត្ត​រតនគីរី​ដល់​ស្រុក​លំផាត់​ និង​បន្ត​ដំណើរ​​​ឆ្ពោះ​ទៅ​ស្រុក​កោះ​ញែក​​ខេត្ត​មណ្ឌលគីរី​ លោក​អ្នក​ប្រាកដ​ជា​​មាន​អារម្មណ៍​ស្រស់​ស្រាយ​ សប្បាយ​​រីក​រាយ​ ភ្លេច​អត់​ទុក្ខ​ហ្មង​សៅ​​នានា​ជា​មួយ​នឹង​សម្រស់​ធម្មជាតិ​តាម​ដង​សង្ខាង​ផ្លូវ​ប្រៀប​ដូច​ជា​ផ្ទាំង​គំនូរ​ដែល​ផុស​ចេញ​ពី​វិចិត្រករ​​ដៃ​ឯក។ ​

ផ្លូវ​ជាង​២០០​គីឡូម៉ែត្រ​ហាក់​ដូច​ជា​ឆ្ងាយ​ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​លើ​ង​ផ្លូវ​ដែល​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ​ និង​គ្មាន​អ្វី​រំខាន​ដល់​ចរាចរណ៍​ ស្រាប់​តែ​ទៅ​ដល់​​ទី​រួម​ខេត្ត​មណ្ឌលគីរី​​ក្នុង​រយៈ​ពេល​មួយ​​ដែល​អារម្មណ៍​​របស់​លោក​អ្នក​មិន​ទាន់​អស់​ចិត្ត​​នឹង​ធម្មជាតិ​ឡើយ។

៤. ផ្លូវ​ទៅ​ដាក់ដាំ

ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ ឆ្ពោះ​ទៅ​​​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង​ ​​រហូត​ដល់​ទល់​ដែន​ប្រទេស​វៀតណាម ចម្ងាយ​ផ្លូវ​ប្រហែល​ ៣០​គីឡូម៉ែត្រ​ លោក​អ្នក​នឹង​ឃើញ​​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ ​​​ប្រៀប​ដូច​ជា​នៅ​បណ្ដា​ប្រទេស​​អភិវឌ្ឍ​យ៉ាង​ដូច្នោះ​ដែរ។

ជាមួយ​នឹង​​អាកាស​ធាតុ​ត្រជាក់​នៅ​តំបន់​ឦសាន​​ខេត្ត​មណ្ឌល​គិរី​ ​ផ្លូវ​ទៅ​ដាក់ដាំ​ ក្រាល​ដោយ​កៅស៊ូ​ ស្អាត ខណៈ​​តាម​ផ្លូវ​មាន​ឡើង​ភ្នំ​ចុះ​​ភ្នំ​ ផ្លូវ​មាន​រៀង​អក្សរ​ N ​បត់បែន​ ​ថែម​ទាំង​មាន​ដើម​ឈើ​តូច​ធំ​អម​សង​ខាង​ផ្លូវ​ ជា​ពិសេស​គឺ​មាន​ដើម​ស្រល់​ដុះ​លើ​ភ្នំ​​ និង​មាន​ស្មៅ​លើ​ភ្នំ​ពណ៌​មាស​​​ទៀត​នោះ​ ធ្វើ​ឲ្យ​អ្នក​ស្ទើរ​តែ​មិន​ជឿ​ថា ​​ជា​ដែន​ដី​​របស់​ដូនតា​ខ្មែរ​យើង​ឡើយ។

៥. ផ្លូវ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់

បើ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ កាត់​តាម​ស្រុក ក្រវាញ ស្រុក​វាលវែង រហូត​ដល់​ស្រុក​ថ្មបាំង ព្រំដែន​កម្ពុជា-ថៃ ប្រិយមិត្ត​ប្រាកដ​ជា​លង់​នឹង​សម្រស់​ផ្លូវ​ដ៏​ស្រស់​ស្អាត​បំផុត ​ទើប​នឹង​ស្ថាបនា​រួច ពុះ​ជ្រែក​កាត់​ព្រៃភ្នំ​ដ៏​ខៀវ​ស្រងាត់ មាន​ឡើង​ មាន​ចុះ បត់បែន​ប្រៀប​ដូច​អន្ទង់​អាំង​ដូច្នោះ​ដែរ។

ផ្លូវ​ជាតិ​លេខ​៥៥នេះ ​មាន​ប្រវែង​ជាង ១៨២​គីឡូម៉ែត្រ ទទឹង 9ម៉ែត្រ។​ ជា​ផ្លូវ​ហាយ​វេ​ថ្នាក់​ទី៣ និង​ត្រូវ​បាន​កំណត់​ល្បឿន​ក្នុង​ការ​បើកបរ នៅ​តំបន់​ធម្មតា គឺ​ក្នុង​ល្បឿន​60km/ម៉ោង។ ចំពោះ​ផ្លូវ​ស្ថិត​ក្នុង​តំបន់​ភ្នំ គឺ​បាន​កំណត់​ល្បឿន 30គីឡូម៉ែត្រ/ម៉ោង។ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​​បណ្ដាញ​ផ្លូវ​ដ៏​សំខាន់​មួយ​ នៃ​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​ពី​ខេត្ត​ពោធិ៍សាត់​ ទៅ​ត​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ៥  និង​បណ្ដា​ផ្លូវ​សំខាន់​ៗ​​មួយ​ចំនួន​ទៀត នៃ​ព្រំដែន​កម្ពុជា-ថៃ ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតនៃ​បណ្ដាញ​ផ្លូវ នៅ​ភាគ​ខាង​លិច ​ប្រទេស​កម្ពុជា៕​


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ