ដំណើរ​កម្សាន្ត​ជាមួយ​ធម្មជាតិ​ដ៏​សែន​អស្ចារ្យ​នៅ​កោះឆាង

  • 2018-02-04 04:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចាស់​តែង​និយាយ​ថា​លឺ​មួយ​រយ​ដង​មិន​ស្មើ​នឹង​ឃើញ​ផ្ទាល់​ភ្នែក​ម្តង ដូច្នេះ​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​លែង​កោះ​ឆាង​នៅ​ឯ​ប្រទេស​ថៃ។ ក្នុង​ការ​ធ្វើ​ដំណើរ​ ពួក​ខ្ញុំ​បាន​ចំណាយ​អស់​រយៈ​ពេល​ជិត​១០​ម៉ោង​ដោយ​ធ្វើ​ដំណើរ​តាម​ខេត្ត​កោះកុង​ដើម្បី​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ រួច​ហើយ​ត្រូវ​ជិះ​ពី​ទល់ដែន​ទៅ​កាន់​ខេត្ត​ត្រាង​ដើម្បី​ឆ្លង​សាឡាង​ទៅ​កោះ​ឆាង។ មិត្ត​អ្នក​អាន​ប្រហែល​យល់​អារម្មណ៍​នេះ​ហើយ​មែន​ទេ? ខ្ញុំ​គេង​ចង់​៣​ ៤​ដង​ហើយ​ទម្រាំទៅ​ដល់។

រូបភាព​នៅ​កំពង់ដ​រង​ចាំ​ស្រឡាង

អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា​ផ្លូវ​ឡើង​ភ្នំ​បូកគោ​ពិបាក​ឡើង​ហើយ​បត់​ចុះ​បត់​ឡើង​ទៀត​មែន​ទេ? ប៉ុន្តែ​ផ្លូវ​នៅ​កោះ​ឆាង​វិញ​សាហាវ​ជាង​ផ្លូវ​ឡើង​ភ្នំ​បូកគោ​ទៀត ទោះបីជា​ផ្លូវ​ភ្នំ​ដូច​គ្នា​មែន​ប៉ុន្តែ​នៅ​ទី​នោះ​ជា​រាង​អក្សរ S ហើយ​ឡើង​ចុះ​ៗ​ស្ទើរ​តែ​មើល​មិន​ឃើញ​អ្នក​នៅ​ម្ខាង​ទៀត។ នៅ​តាម​សង​ខាង​ដង​ផ្លូវ​មាន​សុទ្ធ​តែ​ព្រៃឈើ​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត adventure ប្រាកដ​ជា​ត្រូវ​ចិត្ត​ណាស់​ហើយ​ព្រោះ​មិន​មែន​មាន​តែ​សមុទ្រ​នោះ​ទេ។

ល្មម​បាន​ទៅ​ដល់​គោលដៅ​ម៉ោង​ប្រហែល​២​ជិត​៣​ព្រោះ​ខ្ញុំ​បាន​ចេញ​ដំណើរ​តាំង​ពី​ទៀប​ភ្លឺ​ម្ល៉េះ​។ បន្ទាប់​ពី​យក​ឥវ៉ាន់​ទៅ​ទុក​នៅ​សណ្ឋាគារ​ហើយ​ពួក​ខ្ញុំ​ក៏​បាន​ទៅ​ផ្សារ​បន្ត​ដំណើរ​ទៅ​កំពុង​ផែ Bang Bao ព្រោះ​លឺ​ថា​ទេសភាព​នៅ​ទី​នោះ​ស្អាត ហើយ​ដើម្បី​ទៅ​ដល់​កំពង់​ផែ​យើង​ត្រូវ​ដើរ​ឆ្លង​កាត់​ផ្សារ។

ពួក​ខ្ញុំ​ក៏​បាន​ញុំា​បាយ​ថ្ងៃ​ត្រង់​នៅ​ទី​នោះ ទើប​បន្ត​ដំណើរ​ទៅ​កាន់​កំពង់​ផែ​ទៀត។

មឹក​អាំង​កោះ​ឆាង​មើល​ទៅ​មិន​ខុស​គ្នា​ពី​ប្រទេស​យើង​ទេ ប៉ុន្តែ​រសជាតិ​ទឹក​ជ្រលក់​ខុស​ពី​របស់​យើង។ ដូច​ដែល​អ្នក​បាន​ដឹង​ស្រាប់​ហើយ​ថា​ប្រទេស​ថៃ​ចូលចិត្ត​ហិល​គឺ​ហិល​ទាល់​តែ​មែន​ទែន​ហ្មង ប៉ុន្តែ​ឆ្ងាញ់។

នំ​គ្រួក​ថៃ​រសជាតិ​ខុស​ពី​ខ្មែរ​យើង​ខ្លាំង​ណាស់​ដោយ​នំគ្រួក​ថៃ​មាន​រសជាតិ​ផ្អែម​លមៗ​ហើយ​មិន​មាន​ទឹក​ជ្រលក់​ដូច​យើង​នោះ​ឡើយ ជាពិសេស​គឺ​ឆ្ងុយ​ដូង​ទៀត​ផង។ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​បាន​ទៅ​កុំ​ភ្លេច​ភ្លក់​ឲ្យ​សក់​ណា!

ទី​បំផុត​ខ្ញុំ​ក៏​បាន​មក​ដល់​គោលដៅ។ គ្រាន់​តែ​ទៅ​ដល់​មាន​អារម្មណ៍​ថា​ស្រឡះ​ខ្លួន​ណាស់​ ដក​ដង្ហើម​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ពិត​ជា​ស្រួល​ខ្លួន​ណាស់​ ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​ក៏​បាត់​អស់​រលីង​ដែរ។

ទាំង​អស់​នេះ​ជា​ទេសភាព​នៅ​ជុំ​វិញ​កំពង់ផែ Bang Bao

ថ្ងៃ​បន្ទាប់​ខ្ញុំ​ក៏​បាន​ទៅ​លេង​នៅ​ឆ្នេរ​ជិត​សណ្ឋាគារ​ដែល​ខ្ញុំ​គេង។ បើ​និយាយ​ទៅ​ឆ្នេរ​នៅ​ទី​នោះ​មិន​សូវ​ជា​ស្អាត​ដូច​ឆ្នេរ​នៅ​ខ្មែរ​ប៉ុន្មាន​ទេ​ហើយ​ក៏​មិន​សូវ​មាន​អ្នក​លែង​ទឹក​ប៉ុន្មាន​ដែរ ប៉ុន្តែ​ខ្ញុំ​ស្រលាញ់​បរិយាកាស​ស្ងប់ស្ងាត់​នៅ​ទីនោះ​បូក​រួម​ជាមួយ​នឹង​ទេសភាព​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។

ស្អែក​ឡើង​ខ្ញុំ​ក៏​បាន​ទៅ​ញុំា​អាហារ​ថ្ងៃ​ត្រង់​នៅ Resort មួយ​ដែល​នៅ​ជម្រាល​ភ្នំ ខ្ពស់​ល្មម​ដែល​អាច​មើល​ទេសភាព​ជុំវិញ​កោះ​បាន។

រួច​ហើយ​ពួក​ខ្ញុំ​ក៏​បាន​ជិះ​កាណូត​ទៅ​លែង​កោះ​មួយ​ទៀត​ដែល​អ្នក​អាច​ឃើញ​នៅ​ក្នុង​រូបភាព​ខាង​លើ​ដើម្បី​ជ្រមុជ​មើល​ផ្កា​សមុទ្រ​និង​ត្រី។

រីឯ​ត្រី​តូចៗ​នេះ​វិញ​អត់​មាន​ខ្លាច​មនុស្ស​ទេ ពេល​ខ្លះ​យើង​កំពុង​ឈរ​លែង​អញ្ចឹង​វា​មក​ចឹក​ជើង​យើង​ទៀត ប៉ុន្តែ​កុំ​បារម្ភ​អី​អត់​ឈើ​នោះ​ទេ​គ្រាន់​តែ​ភ្ញាក់​តែ​ប៉ុណ្ណោះ។ ហើយ​ខ្ញុំ​និង​ប្អូន​ខ្ញុំ​បាន​យក​នំបុ័ង​មក​ដាក់​ធ្វើ​ជា​ចំណី​ឲ្យ​វា​ទៀត​ ពួក​វា​នាំ​គ្នា​មក​រោម​យើង​តែ​ម្ដង​ពិត​ជា​សប្បាយ​ណាស់។ ខ្ញុំ​ក៏​បាន​ឃើញ​ផ្កា​សមុទ្រ​ស្អាតៗ​ត្រី​សមុទ្រ​ផ្សេងៗ​ទៀត​ហើយ​ជាពិសេស​គឺ​ឈ្លើង​សមុទ្រ​តែម្ដង។

ដំណើរ​កម្សាន្ត​មួយ​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​អ្នក​ដែល​ស្រលាញ់​ធម្មជាតិ​ដូច​ជា​ខ្ញុំ ព្រោះ​នៅ​ទី​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ពីមុន​នោះ​ទេ។


អត្ថបទ៖ Sey