ចង់​ឃើញ​ផ្កា​សាគូរ៉ា​ដ៏​ស្រស់​ស្អាត កុំ​ភ្លេច​ធ្វើ​តាម​គន្លឹះ​ទាំង​នេះ​ណា៎!!

  • 2018-02-23 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

អ្នក​ដំណើរ​គ្រប់​រូប​ពេល​ដែល​បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​ហើយ គ្មាន​អ្នកណា​ដែល​ថា​មិន​ចង់ គយគន់​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ផ្កា​សាគូរ៉ា​នោះ​ទេ តែ​ពេល​ខ្លះ​ទៅ​ដល់​ហើយ​អត់​បាន​ឃើញ​ទៀត ក៏​ព្រោះ​ទៅ​ខុស​រដូវ​កាល​របស់​វា គួរ​ឲ្យ​ស្ដាយ​ណាស់។ ដើម្បី​កុំ​ឲ្យ​លើក​ក្រោយ​ខក​ខាន​ឱកាស​ល្អ​ៗ​អញ្ចឹង​ទៀត លើក​ក្រោយ​មុន​នឹង​ទៅ សាក​ល្បង​ធ្វើ​តាម​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​ម្តង​មើល៍!

១. តាម​ដាន​ឲ្យ​ដឹង​ពី​រដូវ​កាល​របស់​ផ្កា​សាគូរ៉ា

​ផ្កា​សាគូរ៉ា​ចាប់​ផ្ដើម​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​នៅ​ពាក់​កណ្តាល​ខែ​មិនា និង​រុះរោយ​ទៅ​វិញ​នៅ​ពេល​ជិត​ដល់​ ខែ​ឧសភា​។​ ដោយសារ​រីក​លូតលាស់​នៃ​ផ្កា​នេះ​ប្រែប្រួល​មិន​ទៀត​ទាត់​ពី​មួយ​ឆ្នាំ ​ទៅ​មួយ​ឆ្នាំ​ និង​ខុស​ៗ​គ្នា​ទៅ​តាម​តំបន់​នីមួយៗ​នោះ​ទើប​ប្រជា​ពលរដ្ឋ​ជប៉ុន តែង​តែ​ធ្វើ​ការ​ប៉ាន់​ស្មាន​ពី​​រដូវ​កាល​នៃ​ផ្កា​នេះ​ដូច​ទៅ​នឹង​អាកាសធាតុ​យ៉ាង​អញ្ចឹង​ដែរ។ 

២. ធ្វើ​ការ​កក់​ទុក​មុន​ឲ្យ​រួច​រាល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

បើ​គិត​ថា​ចង់​ឃើញ​ផ្កា​សាគូរ៉ា​ឲ្យ​ខាន​តែ​បាន ​មិន​ចង់​ឲ្យ​ខក​ខាន​ដូច​លើក​មុន​ៗ​ទេ​នោះ រួសរាន់​រៀប​ចំ​កក់​កន្លែង​គេង និង​ជើង​ហោះ​ហើរ​ឲ្យ​បាន​រួច​រាល់​ទុក​ជា​មុន។

៣. ស្នាក់​នៅ​​ឲ្យ​បាន​ច្រើន​ថ្ងៃ

 លោក​អ្នក​គប្បី​ស្នាក់​ឲ្យ​បាន​ច្រើន​ថ្ងៃ​បន្តិច​ក៏​ល្អ​ដែរ ដើម្បី​បង្កើន​ឱកាស​នៃ​ការ​គយគន់​ផ្កា​សាគូរ៉ា​ឲ្យបាន​គ្រប់​គ្រាន់​តែ​ម្តង។ ត្រៀម​ទុក​ថា​ ករណី​បើ​មាន​ការ​អាក់រអួល ឬ​ក៏​ផ្កា​នេះ​រីក​យឺត​ មិន​បាន​រីក​ត្រឹម​ត្រូវ​តាម​ពេល​ដែល​បាន​ប៉ាន់​ស្មាន​ទុក នោះ​លោក​អ្នក​ក៏​អាច​ដូរ​ផែន​ការ​ទៅ​កម្សាន្ត​នៅ​កន្លែង​ផ្សេង​ជំនួស​វិញ​បាន។

៤. ជិះ​រថភ្លើង​ឆ្លង​កាត់

​​​មាន​កន្លែង​ជា​ច្រើន​ដែល​អាច​មើល​ផ្កា​សាគូរ៉ា​បាន ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល ច្រើន​អ្នក​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ចេញ​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​​ដើម្បី​គយគន់​ទេសភាព​ផ្កា​សាគូរ៉ា​ក៏​បាន។

៥. ឡើងភ្នំ

បើ​អ្នក​គិត​ថា​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ដើម្បី​គយគន់​ទេសភាព​នៃ​ផ្កា​ដ៏​ស្រស់​ត្រកាល​នេះ​វា​លឿន​ខ្លាំង​ពេក លោក​អ្នក​អាច​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​គយគន់​មើល​សម្រស់​ផ្កា​នេះ​ឲ្យ​បាន​ពេញ​ភ្នែក​ក៏​បាន​ដែរ។

៦. នៅ​ដល់​យប់​ជ្រៅ​បន្តិច

នៅ​ពេល​យប់​ផ្កា​សាគូរ៉ា​ក៏​អាច​បង្ហាញ​សម្រស់​បាន​យ៉ាង​ស្រស់​ស្អាត​មិន​ចាញ់​ពេល​ថ្ងៃ​ដែរ។ កន្លែង​ដែល​មាន​ផ្កា​សាគូរ៉ា​ស្អាត​នោះ​គឺ​នៅ​តាម​ទន្លេ​មាត់ Meguro នៅ​ក្នុង​ទី​ក្រុង​តូក្យូ​ និង​នៅ​ឧទ្យាន Maruyama  នៅ​ក្នុង​ទី​ក្រុង​ក្យូតូ។


ប្រភព៖ smartertravel ប្រែ​សម្រួល៖ Khou Sophy