តើ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ អាច​ជួយ​​ឲ្យ​អ្នក​ខូច​ចិត្ត​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ​បានមែន​ហ៎?

  • 2018-03-12 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ដែល​បាន​ជួប​គ្នា​ យល់ចិត្ត ស្រលាញ់​គ្នា​ ហើយ​បែរ​ជា​បែក​បាក់​គ្នា​វិញ​នោះ​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​ទទួល​យក​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ​មិន​ថា​ស្រី​ឬ​ក៏​ប្រុស​ទេ។ ខណៈ​ពេល​ដែល​រឿង​បែប​នេះ​កើត​ឡើង​ម្នាក់ៗ មិន​ដឹង​ថា​ត្រូវ​ថា​ធ្វើ​អ្វី​ដើម្បី​ឲ្យ​អារម្មណ៍​ខ្លួន​ឯង​បាន​ប្រសើរ​ឡើង​វិញ​បាន​​ ក្រៅពី​សំងំ​ពិបាក​ចិត្ត​ម្នាក់​ឯង ផឹក​ស្រា​បំបាត់​ទុក្ខ​ជាដើម។ ការ​ដែល​ធ្វើ​បែប​នេះ គឺ​មិន​អាច​ជួយ​អ្វី​ឲ្យ​បាន​ប្រសើរ​ឡើយ ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​សុខ​ភាព​ថែម​ទៀត​ផង។ ការ​ដើរ​កម្សាន្ត​ទៅ​កន្លែង​ដែល​លោក​អ្នក​​ចូល​ចិត្ត​គឺ​ជា​វិធី​ដែល​ល្អ​បំផុត​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ​បាន​ណា! ស្ដាប់​ទៅ​មិន​គួរ​ឲ្យ​ជឿ​សោះ​ហ្ន៎ះ? អញ្ចឹងតោះ! ទៅ​ស្វែង​យល់​ពី​ហេតុ​ផល​ទាំង​អស់​គ្នា​តិច​មើល៍៖

ជួប​មនុស្ស​ថ្មីៗ៖ ការ​ដែល​ទៅ​ដើរ​កម្សាន្ត​គឺ​ឱកាស​ដ៏​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ស្គាល់​និង​ជួប​មនុស្ស​ថ្មី​ជា​ច្រើន​ ដើរ​លេង​នៅ​កន្លែង​ជាមួយគ្នា ជជែក​គ្នា​លេង ជាមួយ​មនុស្ស​ដែល​មាន​ចំណូល​ចិត្ត​ដូច​គ្នា ជួយ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល​មួយ​កម្រិត​ដែរ។

ចាប់​អារម្មណ៍​ពី​ខ្លួន​ឯង​វិញ​ម្តង៖ នៅ​ពេល​ដែល​កំពុង​ស្រលាញ់​គ្នា ម្នាក់ៗ​គឺ​មិន​​សូវ​ខ្វល់​ពី​ចំណូល​ចិត្ត​ខ្លួន​ឯង​ច្រើន​ឡើយ គឺ​សម្រប​ទៅ​តាម​មនុស្ស​ដែល​ខ្លួន​ឯង​ស្រលាញ់​រហូត។ ដូច្នេះ ពេលវេលា​នេះ​គឺ​ជា​របស់​អ្នក​ហើយ ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ តាម​ចិត្ត​ចុះ។

ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ៖ កំឡុង​ពេល​ដើរ​កម្សាន្ត​ លោក​អ្នក​អាច សិក្សា​ពី​អ្វី​ថ្មី​ៗ ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក ​និង​សាក​ល្បង​ធ្វើ​អ្វី​ដែល​លោក​អ្នក​មិន​ធ្លាប់​បាន​ធ្វើ​​កាល​ពី​មុន​មក។

បច្ចុប្បន្ន​ភាព​គឺ​ជា​រឿង​សំខាន់​ជាង​គេ៖ រឿង​ដែល​កន្លង​ផុត​ហើយ ឲ្យ​វា​ហួស​ទៅ​ ត្រូវ​គិត​ពី​រឿង​សប្បាយៗ ក្នុង​ពេល​បច្ចុប្បន្ន​​វិញ​ល្អ​ជាង។

ដើរ​ទៅ​មុខ​ជានិច្ច៖ ឱកាស​ល្អ​ៗ ​មិន​មាន​ច្រើន​ឡើយ​ កុំ​រវល់​តែ​សំងំ​ខូច​ចិត្ត​ឥតប្រយោជន៍ ដើរ​លេង​ឲ្យ​សប្បាយ ធ្វើ​អ្វី​ដែល​ល្អ​ៗ សម្រាប់​ខ្លួន​ឯង​វិញ​ប្រសើរ​ជាង។

https://theblondeabroad.com/2015/11/08/why-travel-is-the-best-cure-for-a-broken-heart/

​​


ប្រភព៖ theblondeabroad.com ប្រែ​សម្រួល៖ Khou Sophy