ថ្ងៃសែនទទួលទេវតា ហាមធ្វើរឿងទាំងនេះដាច់ខាត ប្រយ័ត្នគ្រួសារជួបតែរឿងស៊យ

  • 2018-04-10 03:53:18
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់​ក្នុង​គ្រួសារ​នីមួយៗ​ហាម​ដាច់​ខាត មាន​អ្នក​ស្រក់​ទឹក​ភ្នែក ឈ្លោះ​ទាស់​ទែង​គ្នា មិន​ថា​ប្ដី​ប្រពន្ធ បងប្អូន តា​យាយ​នោះ​ទេ។ ជំនឿ​តាំង​ពី​បុរាណ​មួយ​ទៀត​នោះ គឺ​ហាម​ដាច់​ខាត​ឲ្យ​បោក​ប្រាស់​របស់​ទ្រព្យ​ចោល​រហូត​ដល់​បាក់​បែក​ឡើយ មិន​ថា​ចាន ​ឆ្នាំង សំលៀកបំពាក់ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកតា​អាចារ្យ​បុរាណ​ខ្មែរ គង់ ណេរ រៀបរាប់​មក​កាន់​ Sabay។

លោកតា បន្ត​ថា ថ្ងៃ​មហា​សង្ក្រាន្ត គឺ​ជា​ថ្ងៃ​ដ៏​មាន​សិរី​សួស្ដី សម្រាប់​គ្រួសារ​នីមួយៗ ហើយ​ត្រូវ​គ្រវាត់​រឿង​រ៉ាវ​ស្មុគស្មាញ​ចិត្ត​ចោល​ឲ្យ​អស់។ ក្នុង​នោះ​បើ​ប្ដី​ប្រពន្ធ​ បង​ប្អូន​ប្រុស​ស្រី ធ្លាប់​ឈ្លោះ​គ្នា ឬ​ធ្លាប់​ធ្វើ​ខុស​ដាក់​គ្នា​ពី​មុន​មក​ ត្រូវ​មក​ជានា​គ្នា​វិញ ហើយ​លើក​លែង​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។ លោកតា​អាចារ្យ​រូប​នេះ ប្រាប់​ថា បើ​ថ្ងៃ​សិរី​សួស្ដី​ក្លាយ​ជា​ថ្ងៃ​ក្ដៅ​ក្រហាយ​វិញ​ នោះ​គ្រួសារ​នឹង​ជួប​តែ​រឿង​រកាំ​រកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។

​ក្នុង​ថ្ងៃ​មហា​សង្ក្រាន្ត​មក​ដល់ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក គ្រួសារ​នីមួយៗ​ត្រូវ​ជួប​ប្រជុំគ្នា​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ​សមាទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌​ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា​ ទើប​ទទួល​បាន​នូវ​សេចក្ដី​សុខ សុភមង្គល។ ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោកតា គង់​ ណេរ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹង​ចូល​មក​​ដល់​នៅ​ ថ្ងៃ​​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក។ ថ្ងៃ​សង្ក្រាន្ត​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ​ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្តវេន​រក្សា​មនុស្សលោក​ក្នុង​ឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយសាច់​ទ្រាយ (ជា​សត្វ​ព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ