ត្រឹម២២ឆ្នាំ បើធ្វើបាន៨ចំណុចនេះ ទុកថាជាមនុស្សដ៏អស្ចារ្យបំផុតហើយ

  • 2018-04-23 07:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​មិន​ដែល​រង់ចាំ​មនុស្ស​ទេ មាន​តែ​មនុស្ស​ទេ ជា​អ្នក​រង់ចាំ​ពេល​វេលា។ មាន​របស់​ជា​ច្រើន​មនុស្ស​អាច​ទិញ​បាន លើក​លែង​តែ​ពេល​វេលាមិន​អាច​ទិញ​បាន ហើយ​គ្មាន​នរណា​ម្នាក់​អាច​បង្វិល​ពេល​វេលា​ឲ្យ​ត្រឡប់​ក្រោយ​នោះ​ឡើយ។ ដូច្នេះ​ត្រូវ​សួរ​ខ្លួន​ឯង​ថា រយៈពេល​នៃ​ផែនដី​វិល ស្មើ​នឹង​​៣៦៥​ថ្ងៃ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្លួន​ឯង? បើ​សិន​ជា​អ្នក​ធ្វើ​បាន ៨​យ៉ាង​ដូច​ខាង​ក្រោម​នេះ គឺ​មាន​ន័យ​ថា អ្នក​ប្រើ​ពេលវេលា នៃ​ការ​វិល​មួយ​ជុំ​របស់​ផែនដី​មាន​ន័យបំផុត។

១. អាច​ឆ្លង​កាត់​រឿង​លំបាក​ៗ​ខ្លាំង

គ្រប់​ស្ថានភាព​លំបាក​ៗ​ជា​ច្រើន ដែល​ចូល​មក​ក្នុង​ជីវិត​មិន​ថា រឿង​គ្រួសារ ស្នេហា មិត្តភក្ដិ កន្លែង​ការងារ ប៉ុន្តែ​អ្នក​អាច​ដោះស្រាយ​បាន នោះ​មាន​ន័យ​ថា​ជា​ភាព​ជោគជ័យ​មួយ​ជំហាន​ហើយ។ ចំណុច​នេះ​បញ្ជាក់​ថា អ្នក​ក្លាយ​ជា​មនុស្ស​រឹង​មាំ មិន​ចុះចាញ់​រឿង​អ្វី​ងាយៗ ក្លាហាន​ហ៊ាន​ប្រឈម និង​អាច​រក​ដំណោះស្រាយ​ដ៏​សមស្រប​បំផុត។

រូបតំណាង

២. មាន​លុយ​ចាយ​គ្រប់គ្រាន់​ទោះ​មិន​ទាន់​សល់

ទោះ​មិន​ទាន់​មាន​លុយ​កាក់​សល់​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ តែ​អ្នក​អាច​រក​ចំណូល​​បាន​ល្មម​មួយ​ចាយ​គ្រប់​គ្រាន់ មិន​ខ្វះ​មុខ​ ខ្វះ​ក្រោយ​ មិន​ចាំ​បាច់​រក​ខ្ចី​អ្នក​ណា នោះ​ក៏​ចាត់​ទុក​ជា​ភាព​ជោគជ័យ​ដែរ។ មនុស្ស​ក្នុង​វ័យ​ស្របាល​អ្នក មិន​ប្រាកដ​ថា​មាន​លុយ​ចាយ​ខ្លួន​ឯង​ទេ ព្រោះ​អ្នក​ខ្លះ​នៅ​តែ​លាដៃ​សុំ​លុយ​ឪពុកម្ដាយ​ចាយ​នៅ​ឡើយ។

៣. ឡើង​តំណែង និង​ប្រាក់​ខែ​នៅ​កន្លែង​ការងារ

បើ​ក្រឡេក​មក​មើល​ការងារ​ក្នុង​ឆ្នាំ​នេះ អ្នក​បាន​សាង​ស្នាដៃ​ល្អៗ​ជា​ច្រើន​ ធ្វើ​ឲ្យ​អ្នក​ថ្នាក់​ដឹកនាំ​សប្បាយ​ចិត្ត ហើយ​រីករាយ​នឹង​ដំឡើង​តំណែង និង​ប្រាក់​ខែ​។ ដូច្នេះ​អ្នក​គួរ​តែ​សប្បាយ​ចិត្ត និង​មាន​មោទនភាព​លើ​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​បាន​បំពេញ​កន្លង​មក។

រូបតំណាង

៤. ក្លាយ​ជា​មនុស្ស​គួរ​ជា​ទី​រាប់​អាន​ពី​អ្នក​ជុំវិញ​ខ្លួន

ទៅ​ដល់​ទី​ណា​ក៏​មាន​អ្នក​ស្រឡាញ់​រាប់​អាន ចូលចិត្ត ក៏​ចាត់​ទុក​ជា​ភាព​ជោគជ័យ​ដែរ។ ចំណុច​នេះ​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ល្អ ចេះ​បត់បែន​គ្រប់​កាលៈទេសៈ អាច​សម្រប​ខ្លួន​គ្រប់​ជាមួយ​ប្រភេទ​មនុស្ស មិន​មាន​សត្រូវ មាន​តែ​មិត្ត។ ដូច្នេះ​ទៅ​ថ្ងៃ​មុខ មិន​ថា​មាន​រឿង​អ្វី​ក៏​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ចាំ​លើក​ទឹក​ចិត្ត​ដែរ។

៥. ជា​មនុស្ស​ចាស់​ទុំ​មិន​មែន​នៅ​ក្មេង​ដូច​ពី​មុន

ឈប់​លេង​សើច ឡិកឡក់​អត់​ប្រយោជន៍ ឈប់​ទន់​ជ្រាយ តែ​ប្រែក្លាយ​ជា​មនុស្ស​ចាស់​ទុំ ទាំង​សម្ដី​សំដៅ ទាំង​ការ​ការ​ស្លៀក​ពាក់ ករិយាមាយាទ។ ទាំង​នេះ​ហើយ​ជា​ចំណុច​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត ដើម្បី​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់។

៦. អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ដែល​ខ្លួន​ឯង​ប្រាថ្នា​តាំង​ពី​តូច

កាល​ពី​តូច​ធ្លាប់​មាន​ក្ដី​ស្រមៃ​ដើរ​លេង​កន្លែង​ឆ្ងាយៗ ឫ​ទៅ​កាន់​តំបន់​ទេសចរណ៍​ណា​មួយ ដោយ​ខ្លួន​ឯង​ទេ? បើ​ក្នុង​ឆ្នាំ​នេះ អ្នក​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ច្រើន​កន្លែង​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ចាយ​លុយ​គ្រួសារ នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​សម្រេច​បាន​ក្នុង​ជីវិត។ ចំណុច​នេះ​អាច​ជា​រឿង​តូចតាច​សម្រាប់​អ្នក​មាន តែ​ជា​ជោគជ័យ​ដ៏​ធំ​សម្រាប់​អ្នក​ដែល​ប្រឹងប្រែង​រក​លុយ​ដោយ​សមត្ថភាព និង​អាច​ទៅ​កាន់​កន្លែង​ទាំង​នោះ​ដូច​បំណង។

រូបតំណាង

៧. អាច​កំណត់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​នៅ​អនាគត

ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ បើ​អ្នក​ដឹង​ពី​អ្វី​ដែល​គោល​បំណង​ពិត​ប្រាកដ​របស់​អ្នក ហើយ​បើ​បាន​រៀប​ចំ​ផែន​ការ ដើម្បី​សម្រេច​ឲ្យ​បាន គឺ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។ តើ​អ្នក​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ឯង​សម្រាប់​ឆ្នាំ​ថ្មី​ឫ? បើ​មិន​ទាន់​ទេ សូម​គិត​ពិចារណា​ឡើង​វិញ។

៨. លែង​ជា​បន្ទុក​ឪពុក​ម្ដាយ

ពាក្យ​ថា បន្ទុក​ឪពុកម្ដាយ មិន​មែន​សំដៅ​តែ​លើ​រឿង​សុំលុយ​ចាយ​តែម្យ៉ាង​នោះ​ទេ តែ​ចំណុច​នេះ​សំដៅ​ថា អ្នក​អាច​មើល​ខុស​ត្រូវ​ខ្លួន​ឯង​បាន ចេះ​បែង​ចែក​អ្វី​ល្អ អ្វី​មិន​ល្អ អ្វី​គួរ​ធ្វើ និង​អ្វី​មិន​គួរ​ធ្វើ មិន​ឲ្យ​លោក​ទាំង​ពីរ​ហត់​មាត់​ត​ទៅទៀត។ បើ​ធ្វើ​ចំណុច​នេះ​បាន នោះ​អ្នក​អាច​ត្រួសត្រាយ​ផ្លូវ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​រុកកួន​ឪពុក​ម្ដាយ​ទៀត​ទេ៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ