រកឃើញតំបន់ដីដុះដ៏ធំមួយនៅកំពង់ស្ពឺ ស្អាតខ្លាំងមិនចាញ់ឧត្ដរមានជ័យឡើយ

  • 2018-04-29 07:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​ដីដុះ​រលួស​ធំ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​ភ្ញៀវ​ទេសចរ ដោយ​សារ​មាន​ដី​ច្រោះ​រំលេច​ចេញ​ជា​ទស្សនីយភាព ប្លែក​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ រហូត​ក្រសួង​កំពុង​អភិវឌ្ឍ​ជា​តំបន់​ទេសចរ​ប្រវត្តិ​សាស្ត្រ​ទៀត​ផង។

ដោយ​ឡែក​កាល​ពី​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្រទះ​ឃើញ​តំបន់​១ មាន​ដី​ដុះបញ្ចេញ​ក្បូរក្បាច់​​ប្លែកៗ នៅ​ជាប់ៗ​គ្នា​លើ​ផ្ទៃ​ដី​ដ៏​ធំ នៅ​ក្បែរ​ជើង​ភ្នំ​តូច​-ធំ គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត។ បើ​តាម លោក ស៊ិន សាវន ជា​គ្រូ​បង្រៀន ក្នុង​ខេត្ត​កំពង់ស្ពឺ ទើប​តែ​បាន​ទៅ​តំបន់​នោះ បាន​ប្រាប់​ Sabay តាម​ទូរសព្ទ​ថា ដី​ច្រោះ​ដ៏​អស្ចារ្យ​នោះ ស្ថិត​នៅ​ភូមិ​បន្ទាយ​រការ ឃុំ​ក្រាំង​ដីវ៉ាយ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។ លោក​ថា នៅ​ទីនោះ​មាន​ទេសភាព​ស្អាត​ខ្លាំង​កម្រ​បាន​ឃើញ មាន​ដើម​ឈើ​តូចៗ ដុះ​តាម​ជម្រាល​ភ្នំ​​ខ្ពស់​ទាប ពណ៌​ខៀវ​ខ្ចី។

អ្វី​ដែល​ភ្ញាក់​ផ្អើល​គឺ​ដី​ដុះ ដែល​កើត​ឡើង​ដោយ​សារ ​ទឹក​ហូរ​ចេញ​ពី​កំពូល​ភ្នំ​នានា បាន​ពាំនាំ​ដី​ទាំង​នោះ​បង្កើត​ឲ្យ​ក្លាយ​ជា​ទិដ្ឋភាព​ដ៏​ប្លែក ប្រៀប​ដូចជា​ប្រាង្គ​ប្រាសាទ​ដូច្នោះ​ដែរ។ ប្រសិន​បើ​បាន​ទៅ​ដល់​ប្រាកដ​ជា​រំភើប​នឹង​សម្រស់​ធម្មជាតិ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ផង​នោះ ប្រាកដ​ជា​រំសាយ​អស់​នូវ​រាល់​ទុក្ខ​កង្វល់​ផ្សេងៗ។

(​លោក ស៊ិន សាវន ដែលបានទៅដល់តំបន់នោះ)

ប្រសិន​បើ​ចង់​ទៅ​ដល់​ទីតាំង​នោះ ត្រូវ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៤ ប្រមាណ​៧០​គីឡូម៉ែត្រ​ហួស​ផ្សារ​ត្រពាំង​ក្រឡឹង​បន្តិច ប្រិយ​មិត្ត​នឹង​ឃើញ​ខ្លោងទ្វារ​វត្ត​ព្រៃ​រមៀត នៅ​ខាង​ស្ដាំ​ដៃ។ ចូល​តាម​ខ្លោងទ្វារ​វត្ត​នោះ​ទៅ​ត្រង់​រហូត ប្រមាណ​ជាង​២០​គីឡូម៉ែត្រ នឹង​ទៅ​ដល់​សាលា​ឃុំ​ក្រាំង​ដីវ៉ាយ។ សាកសួរ​មន្ត្រី​សាលា​ឃុំ​បន្ថែម ប្រិយ​មិត្ត​ប្រាកដ​ជា​ទៅ​ដល់​តំបន់​នោះ ដោយ​មិន​ពិបាក​រក​ឡើយ៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់សិទ្ធិដោយលោក ស៊ិន សាវន