រឿង​ចម្លែក​ៗ​ទាំង​៨​មាន​តែ​នៅ​កូរ៉េ​ខាង​ត្បូង​ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​ដឹង

  • 2018-06-04 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺ​ជា​គោល​ដៅ​ទេសចរណ៍​​ដ៏​សំខាន់​មួយ​របស់​អ្នក​ទេសចរណ៍​​​ បន្ទាប់​ពី​ទៅ​លេង​នៅ​ទី​នោះ​រួច​ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ពួក​គេ​ទើប​តែ​នឹង​ត្រឡប់​មក​ពី​ភព​ផ្សេង​អ៊ីចឹង។​ ព្រោះ​នៅ​ទី​នោះ​មាន​រឿង​ប្លែក​ៗ​ពី​ប្រទេស​នានា​លើ​ពិភព​​លោក​ និង​ជា​រឿយៗ​ជនជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ហៅ​ទឹក​ដី​ដែល​ពួក​គេ​កំពុង​រស់​នៅ​ថា​​ "Goryeo" ដែល​មាន​ន័យ​ថា​ "High និង​ Clear"។​

​ខាង​ក្រោម​នេះ​ជា​រឿង​ចម្លែក​ៗ​ទាំង​៨​ដែល​មាន​តែ​នៅ​កូរ៉េ​ខាង​ត្បូង​តែ​ប៉ុណ្ណោះ៖

១. សកម្មភាព​ដ៏​មមាញឹក​ខ្លាំង​ជាង​គេ​នៅ​កូរ៉េ​គឺ​ការ​ដើរ​ទិញ​អីវ៉ាន់​​ (Shopping)

នៅ​តាម​ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​នានា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូងជា​ទូទៅ​បើក​រហូត​ដល់​ម៉ោង​១១យប់ ចំពោះ​ការ​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​វិញអាច​ដើរ​ទិញ​រហូតដល់​ម៉ោង​៤​ទាប​ភ្លឺ​ឯណោះ​។​​

២. បុរស​ៗ​ភាគ​ច្រើន​នៅ​កូរ៉េ​ខាង​ត្បូង​ចំណាយ​លុយ​ជាង​​ ៩00លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​ៗ​សម្រាប់​គ្រឿង​​តុបតែង​មុខ​ប្រចាំ​ថ្ងៃ

BB Cream​ ជា​ផលិតផល​ចាំបាច់​មួយ​ពេល​ផាត់​មុខ​។ នៅ​កូរ៉េ​ខាងត្បូង ក៏មាន​កម្មវិធី​ទូរទស្សន៍​ដែល​ចាក់​ផ្សាយ​ពី​ការ​ផាត់​មុខ​សម្រាប់​បុរស​ផង​ដែរ។​ នេះ​មិន​មែន​មាន​តែ​សម្រាប់​វិស័យសិល្បៈប៉ុណ្ណោះ​ទេ បើ​សិន​ជា​ពួក​គេ​ចង់​បាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​អ្វី​មួយ​​ដូច​ជា​ពេល​សម្ភាស​ការងារ​នោះ​​ ពួក​គេ​តែង​តែធ្វើ​ការ​ផាត់​មុខ​ដើម្បី​បិទបាំង​នៅ​ភាព​ខ្វះ​ចន្លោះ​លើ​មុខ​របស់​ពួក​គេផងដែរ។​

៣. ពេល​ជ្រើស​រើស​គូរ​ស្រករ​ ប្រភេទ​ឈាម​ជា​រឿង​សំខាន់

ដោយ​សារ​តែ​ពួក​គេ​ជឿ​ថា​ប្រភេទ​​ឈាម​គឺ​ជា​កត្តា​សំខាន់​​ក្នុង​ការ​កំណត់​លក្ខណ​និង​អត្តចរិត​​របស់​បុគ្គល​។​ ហើយ​វា​ក៏​ជា​លក្ខខណ្ឌ​ដ៏​សំខាន់​បំផុត​​​សម្រាប់​ពេល​ជ្រើសរើស​គូរ​ស្រករ​ផង​ដែរ​។

៤. ជនជាតិ​កូរ៉េ​ខាង​ត្បូង​ងប់ងុល​នឹង​​ "Sweet Potatoes” និង​ "Honey Butter Chips”​​

សូម្បី​តែ​ក្នុង​កាហ្វេ​ក៏​មានរស​​ជាតិ​ដំឡូង​ផ្អែម​ដែរ ហើយ​បើ​និយាយ​ពី​ម្ហូប​តាម​ដង​ផ្លូវ​របស់​ពួក​គេ​វិញ​គឺ​ទៅ​ដល់​ទី​ណា​ក៏​មិន​បាត់​របស់​សំខាន់​មួយ​នេះ​ដែរ។ ពួក​គេ​មិន​ត្រឹម​តែ​ចូល​ចិត្ត​ញ៉ាំ​ដំឡូង​ផ្អែម​នេះ​ទេ​ពួក​គេ​ក៏​ចូល​ចិត្ត​​ "Honey Butter Chips”​​ ដែរ។​ នៅ​តាម​ហាង​លក់​ទំនិញ​​នីមួយ​ៗ​សឹង​តែ​រក​ទិញ​របស់​នេះ​មិន​ទាន់​ព្រោះ​មាន​មនុស្ស​ជា​ច្រើន​តម្រង់​ជួរ​គ្នា​ទិញ​តែ​ម្ដង។​ ​​​

៥. បន្ទាប់​ពី​ផឹក​ស្រា​ Soju បាន​ពីរ​កែវ​ ពួក​គេ​និយាយ​ច្រើន​ជាង​ធម្មតា​បើ​ទោះ​ជា​​ម្នាក់​នោះ​អៀន​ប៉ុណ្ណា​ក៏​ដោយ

បើ​សិន​ជា​ជនជាតិ​កូរ៉េ​បបួល​អ្នក​ផឹក​ស្រា​ Soju នោះ​មាន​ន័យ​ថា​គេ​ចង់​ស្គាល់​អ្នក​ឱ្យ​ច្រើន​ជាង​នេះ​ ព្រោះ​ពេល​ជាតិ​ស្រា​នោះ​ចូល​ខ្លួន​ហើយ​អ្នក​នឹង​បើក​ចិត្ត​និយាយ​បាន​កាន់​តែ​ច្រើន​។​ ជា​ពិសេស​ជន​ជាតិ​កូរ៉េ​មិន​ព្រួយ​​​ពី​រឿង​ស្រវឹង​ឡើយ​ព្រោះ​ពួក​គេ​មាន​វិធី​បុរាណ​ជា​ច្រើន​ក្នុង​ការ​បន្សាប​ជាតិ​ស្រវឹង។​​

៦. ពេល​ទារក​សម្រាល​មក​ភ្លាម​គេ​ចាត់​ទុក​ថា​ទារក​នោះ​​មាន​អាយុ​១​ឆ្នាំ​ភ្លាម

ហេតុ​ដែល​ពួក​គេ​គិត​ដូច​នេះ​ពី​ព្រោះ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​គឺ​ដោយ​សារ​ទារក​បាន​រស់​នៅ​​ក្នុង​ពោះ​ម្ដាយ​គេ​អស់​រយៈពេល​៩​ខែ​១០​ថ្ងៃ​ដែល​សឹង​តែ​នឹង​ស្មើ​​​១​ឆ្នាំ​​ទៅ​ហើយ​។​​

​៧. Valentine's Day នៅ​កូរ៉េ​ខុសប្លែក​ពី​ប្រទេស​ផ្សេង​ៗ

ថ្ងៃ​ទី​១៤​ កុម្ភៈ​​ ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​មនុស្ស​ទូទៅ​ចូល​រួម​ប្រារព្ធ​​និង​មាន​ការ​ទិញ​អំណោយ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្តែនៅ​កូរ៉េ​គេ​ជ្រើស​យក​ថ្ងៃ​ទី​១៤ នៃ​ខែ​ផ្សេង​ៗ​គ្នា​​ដើម្បី​ប្រារព្ធ​ Valentine's Day ខុស​ៗ​គ្នា​។​ ឧទាហរណ៍​: ថ្ងៃ​ទី​១៤​ មីនា​ គេ​ប្រារព្ធ​បុណ្យ​ " White Day” ​ជា​ថ្ងៃបុណ្យ​ដ៏​មាន​ភាព​ផ្អែម​ល្ហែម​ជាង​គេ​។​​ នៅ​ថ្ងៃ​ទី​ ១៤​មិថុនា​ គឺ "Kiss Day” ។​ ថ្ងៃ​ទី​ ១៤​ធ្នូ​ គឺ "Hug Day” និង​នៅ​ថ្ងៃ​ទី ១៤​ មេសា​ ជា​ថ្ងៃ​ដែល​កម្សត់​ជាង​គេ​គឺ​ "Black Day” ដែល​ជា​បុណ្យ​សម្រាប់​អ្នក​គ្មាន​គូរ​ ហើយ​អ្វី​ដែល​គេ​ញ៉ាំ​នៅ​ថ្ងៃ​នោះ​គឺ​មី​ស្រូប​ដោយ​ទឹក​ជ្រលក់​ពណ៌ខ្មៅ​​ ដែល​មាន​ឈ្មោះ​ថា​ "Jajangmyeon”

​៨. បើ​សិន​ជា​មាន​ពិធី​ជប់លៀង​នៅ​ផ្ទះ​​របស់​អ្នក​ អ្នក​មិន​បាច់​បារម្ភ​ពី​រឿង​សាប៊ូ​សម្រាប់​សម្រាប់​សម្អាត​ទេ

​​​ភ្ញៀវ​នឹង​មក​ចូល​រួម​កម្មវិធី​ជប់លៀង​ដោយ​មាន​ជាប់​មក​ជា​មួយ​នូវ​សាប៊ូ​សម្រាប់​លាង​សម្អាត​​ជា​អំណោយ​មក​ចូល​រួម​។​ នេះ​ជា​គំនិត​ល្អ​មួយ​ដែល​នៅ​ប្រទេស​ផ្សេង​ៗ​គួរ​យក​ជា​គំរូ៕


ប្រភព៖ Brightside ប្រែ​សម្រួល៖ Sin Sovannleakhena