៨​ចំណុច​ដែល​អ្នក​គួរ​តែ​ទៅ​លេង​នៅ​កោះ​ណាមី​ប្រទេស​កូរ៉េ

  • 2018-08-07 04:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

អ្នក​ដែល​ចូលចិត្ត​មើល​រឿង​កូរ៉េ​ប្រហែល​ជា​ស្គាល់​កោះ​នេះ​ហើយ​មើល​ទៅ ជាពិសេស​អ្នក​គាំ​ទ្រ​រឿង Winter Sonata តែ​ម្ដង។

ឈុត​ឆាក​នៅ​ក្នុង​រឿង​នេះ​ភាគ​ច្រើន​ត្រូវ​បាន​ថត​នៅ​កោះ​នេះ។ ខាង​ក្រោម​នេះ​ជា​៨​ចំណុច​ដែល​អ្នក​គួរ​ទៅ​លេង​នៅ​កោះ​នេះ៖

១. ទេសភាព​ស្អាត

កោះ​ណាមី​គឺ​ជា​កោះ​ដែល​ស្អាត​មួយ​នៅ​ប្រទេស​កូរ៉េ។ សម្រាប់​អ្នក​ដែល​ធុញថប់​នឹង​បរិយាកាស​អ៊ូអរ​នៅ​ទី​ក្រុង​ កោះ​ណាមី​គឺ​ជា​កន្លែង​ដែល​ល្អ​សម្រាប់​លំហែ​កាយ​ជាមួយ​នឹង​ធម្មជាតិ។

២. ភ្លក់​នំ​អង្ករ​ចៀន​ដែល​ល្បី

នំ​នេះ​គឺ​មាន​ឈ្មោះ​ល្បី​នៅ​កោះ​ណាមី​នេះ​ដែល​អ្នក​ត្រូវ​តែ​សាក។ នំ​នេះ​ស្រួយ​ហើយ​មាន​ស្នូល​សណ្ដែក​ក្រហម​ពី​ក្នុង​ទៀត​ផង​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​នំ​នេះ​មាន​ឈ្មោះល្បី​នៅ​ទី​នោះ។

៣. ថត​រូប​ស្អាត​ៗ​ជាមួយ​នឹង​ដើម Redwood

អ្នក​ដែល​ធ្លាប់​មើល​រឿង Winter Sonata គឺ​សុទ្ធ​តែ​ដឹង​ហើយ​ថា​នៅ​កន្លែង​ដើមឈើ​នេះ​មាន​ឈុត​រ៉ូមែនទិច។ ដើម Redwood ដែល​មាន​នៅ​តាម​ផ្លូវ Metasequoia Road និង​ដើម​ស្រល់​ដែល​មាន​នៅ Central Korean Pine គឺ​ជា​តំបន់​ដែល​គេ​តែង​មក​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ហើយ​ទី​នេះ​គឺ​កាន់​តែ​ស្អាត​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ។

៤. ទស្សនា​តំបន់​ដែល​គេ​ថត​រឿង Winter Sonata

អ្នក​អាច​ដើរ​ទៅ​ស្ពាន​មួយ​ដែល​មាន​ឈ្មោះ​ថា First Kiss Bridge ជា​ស្ពាន​ដែល​តួ​ប្រុស​ក្នុង​រឿង Winter Sonata បាន​ថើប​តួ​ស្រី​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ Snowman។

៥. ដើរ​ទស្សនា​កោះ​ណាមី

ទោះ​បី​ជា​កោះ​ណាមី​គឺ​ជា​កោះ​តូច​មួយ​ប៉ុន្តែ​អ្នក​នៅ​តែ​ចំណាយ​ពេលច្រើន​គួរ​សម​ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ថ្មើរជើង។ អ្នក​ក៏​អាច​ជួល​កង់​ជិះ​ឬ​ក៏​ជិះ​ឡាន​ទេសចរណ៍​ដែល​មាន​នៅ​ទី​នោះ​បាន​ដែរ។

៦. ជិះ​ខ្សែ​រ៉ក

អ្នក​អាច​ជិះ​ខ្សែ​រ៉កពី​ផែ Gapyeong ទៅ​កោះ​ណាមី​បាន​ដោយ​មិន​ចាំ​បាច់​ជិះ​សាឡាង។ បទ​ពិសោធន៍​ដែល​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​មិន​បាន​នេះ​គឺ​ចំណាយ​ពេល​តែ​២នាទី​ប៉ុណ្ណោះ​អ្នក​នឹង​ទៅ​ដល់​កោះ​ណាមី​ហើយ។

៧. ទៅ​យក​បទ​ពិសោធន៍​ថ្មី​នៅ Petite France

Petite France គឺ​ជា​ភូមិ​មួយ​ដែល​តុបតែង​ដូច​ជា​ភូមិ​របស់​ប្រទេស​បារាំង​អញ្ចឹង​ដែល​មាន​ចំងាយ​២៥នាទី​ពី​ស្ថានីយ​កោះ​ណាមី​ដោយ​ជិះ​ឡាន​ក្រុង​ទេសចរណ៍ Gapyeong។ ម៉ូត​ប្លង់​នៃ​ភូមិ​នេះ​គឺ​យក​តាម​រឿង​និទាន​មួយ​របស់​បារាំង​ឈ្មោះ​ថា The Little Prince ដែល​និពន្ធ​ដោយ​ Saint-Exupery ហើយ​បើ​អ្នក​ធ្លាប់​មើល​រឿង My Love From The Star ដែល​តួ​ប្រុស​គឺ​ជា​មនុស្ស​ភព​ផ្កាយ​នោះ​អ្នក​ប្រាកដ​ជា​ស្គាល់​ភូមិ​នេះ​ច្បាស់​ហើយ។ ទី​នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ទទួល​យក​បទ​ពិសោធន៍​សិល្បៈ និង​វប្បធម៌​បែប​អឺរ៉ុប។

៨. គយគន់​សួន​ផ្កា​នៅ Garden of Morning Calm

ជាមួយ​នឹង​សួន​ផ្កា​ខុសៗ​គ្នា​ទាំង​២៦​ Garden of Morning Calm គឺ​ជា​ឋានសួគ៌​របស់​ស្រីៗ​និង​អ្នក​ដែល​ចូលចិត្ត​ថត​រូប។ Garden of Morning Calm គឺ​បើក​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង​ព្រោះ​ភ្ញៀវ​ទេសចរ​អាច​មក​ទស្សនា​សួន​ទៅ​តាម​រដូវ​នីមួយៗ​របស់​ប្រទេស​កូរ៉េ​បាន។ នៅ​រដូវ​ផ្ការីក​ផ្កា Magnolia ផ្កា Azalea និង​ផ្កា Cherry Blossoms រីក​ស្គុះស្គាយ​ដែល​ធ្វើ​ឲ្យ​សួន​ទាំង​មូល​មាន​ពណ៌​ផ្កាឈូក។ នៅ​រដូវ​ក្ដៅ​វិញ សួន​នេះ​បាន​ពោរពេញ​ទៅ​ដោយ​ពណ៌​ចម្រុះ​ដោយ​សារ​តែ​ផ្កា​កុលាប ផ្កា Iris និង​ផ្កា Blue Hydrangea រីក​ដុះដាល។ កំឡុង​ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ​វិញ សួន​នេះ​ពោរ​ពេញ​ទៅ​ដោយ​ពណ៌​ក្រហម​ប្រឿងៗ​របស់​ផ្កា Chrysanthemums និង ផ្កា Maples។ រី​ឯ​រដូវ​រងា​វិញ​ធ្វើ​ឲ្យ​សួន​ទាំង​នេះ​គ្រប​ដណ្ដប់​ដោយ​ព្រិល​ពណ៌​ស​ប៉ុន្តែ​ដោយ​សារ​តែ​ភ្លើង​ពណ៌​ដែល​បាន​តុបតែង​នៅ​លើ​ដើម​ឈើ​ទាំង​នោះ​ធ្វើ​ឲ្យ​សួន​នេះ​ក្លាយ​ទៅ​ជា​ដែន​ដី​ដ៏​អស្ចារ្យ​មួយ​អញ្ចឹង៕


ប្រភព៖ eatandtravelwithus ប្រែ​សម្រួល៖ Sey