បើ​បាន​ទៅ​ជប៉ុន​កុំ​ភ្លេច​ទៅ​លេង​កោះ​ដែល​គួរ​ឲ្យ​ស្រលាញ់​ទាំង​នេះ

  • 2018-09-04 08:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ សំលៀកបំពាក់​ទាន់​សម័យ ប្រទេស​ដែល​សម្បូរ​ប្រជាជន​អាយុ​វែង​។ ប៉ុន្តែ​អ្នក​មាន​ដឹង​ទេ​ថា​ប្រទេស​ជប៉ុន​ក៏​ជា​ប្រទេស​ដែល​សម្បូរ​តំបន់​ដែល​គួរ​ឲ្យ​ស្រលាញ់​ជាង​គេ​? ខាង​ក្រោម​នេះ​គឺ​ជា​កោះ​របស់​ប្រទេស​ជប៉ុន​ដែល​អ្នក​អាច​ឃើញ​សត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់​ជា​ច្រើន៖

១. កោះអូគូណូស៊ីម៉ា ឬ កោះទន្សាយ

កោះ​ទន្សាយ​នេះ​ជា​តំបន់​ទេសចរណ៍​មួយ​ដែល​មាន​ប្រជាប្រិយភាព។ អ្នក​អាច​រីករាយ​នឹង​ទិដ្ឋភាព​គួរ​ឲ្យ​ស្រលាញ់​ជាមួយ​នឹង​ចំនួន​សត្វ​ទន្សាយ​ដែល​មាន​នៅ​កោះ​នេះ​ជា​ច្រើន។ ទន្សាយ​ទាំង​អស់​នោះ​សុាំ​ជាមួយ​នឹង​មនុស្ស​ហើយ​អ្នក​ក៏​អាច​ឲ្យ​ចំណី​ទៅ​ពួក​វា​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​នៅ​ទី​នេះ​សម្បូរ​សត្វ​ទន្សាយ? បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី២​មក កោះ​នេះ​បាន​ក្លាយ​ទៅ​ជា​សួន​មួយ​ ហើយ​ក៏​បាន​ប្រលែង​សត្វ​ទន្សាយ​ឲ្យ​មាន​សេរីភាព​នៅ​លើ​កោះ​នោះ​។​ ចំនួន​ទន្សាយ​ក៏​កាន់​តែ​កើន​ឡើង​ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​កោះ​ទន្សាយ​សម្រាប់​ភ្ញៀវ​ទេសចរ​រីករាយ​ជាមួយ​នឹង​ពួក​វា។

២. កោះ​តាស៊ីរ៉ូជីម៉ា ឬ កោះ​ឆ្មារ

នៅ​លើ​កោះ​នេះ​មាន​ជំនឿ​ថា ការ​ចិញ្ចឹម​សត្វ​ឆ្មារ​គឺ​នាំ​សំណាង​ល្អ​មក​ដល់​អ្នក។ រហូត​មក​ដល់​ឥឡូវ​នេះ​ចំនួន​សត្វ​ឆ្មារ​នៅ​ទី​នោះ​កើន​ឡើង​ជា​លំដាប់។ អ្វី​ដែល​ប្លែក​នោះ​គឺ​នៅ​កោះ​នេះ​មាន​ចេតិយ​សម្រាប់​ឆ្មារ​ដែល​អ្នក​អាច​ទៅ​ទស្សនា​បាន​ទៀត​ផង។ កោះ​នេះ​មាន​ច្បាប់​ដ៏​តឹងតែង​មួយ​គឺ​ហាម​មិន​ឲ្យ​ចិញ្ចឹម​ឆ្កែ​ឬ​យក​ឆ្កែ​ចូល​មក​កោះ​នេះ​ជា​ដាច់​ខាត។

៣. ភូមិ​កញ្រ្ជោង Zao

ទោះ​បី​ជា​ទី​នេះ​មិន​មែន​ជា​កោះ​ផ្ទាល់​របស់​សត្វ​កញ្ជ្រោង​ដូច​កោះ​ដែល​មាន​រៀបរាប់​មក​ខាង​លើ​នៅ​ឯ​ភ្នំ Miyagi Zao ក៏​ដោយ​ក៏​អ្នក​អាច​រក​ឃើញ​ជម្រក​សត្វ​កញ្ជ្រោង​ដោយ​ឥត​គិត​ថ្លៃ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ភូមិ​កញ្ជ្រោង Zao ដែល​អ្នក​អាច​ចំណាយ​ដើម្បី​ទិញ​ចំណី​យក​ទៅ​ឲ្យ​សត្វ​កញ្ជ្រោង​ទាំង​នោះ។

ភូមិ​កញ្រ្ជោង Zao នេះ​មាន​កញ្ជ្រោង​ប្រហែល​ជា​ជាង១០០​ក្បាល​ដែល​មាន​ពូជ​និង​ពណ៌​ខុសៗ​គ្នា​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនា ហើយ​ក៏​មាន​ចិញ្ចឹម​កូន​ទន្សាយ សេះ និង​ពពែ​ផង​ដែរ។

ចាប់​តាំង​ពី​សត្វ​កញ្ជ្រោង​ទាំង​នេះ​ត្រូវ​បាន​ចិញ្ចឹម​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ពេទ្យ​សត្វ​និង​ក្នុង​គោល​បំណង​ដើម្បី​ព្យាបាល​ជំងឺ​ ដូច្នេះ​វា​មិន​មាន​គ្រោះ​ថ្នាក់​ដូច​សត្វ​កញ្ជ្រោង​ព្រៃ​ផ្សេងៗ​នោះ​ទេ៕


ប្រភព៖ Mustdotravels ប្រែ​សម្រួល៖ Sey