ធ្លាប់ទៅលេងភូមិសូកូឡា​នៅប្រទេសថៃអត់?

  • 2018-09-19 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 38

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​លឺ​ថា​ប្រទេស​ថៃ​អ្នក​ប្រាកដ​ជា​គិត​ទៅ​ដល់​ម្ហូប​នៅ​តាម​ផ្លូវ​ដែល​ល្បី​នៅ​ទីនោះ​ ឬ​ក៏​ឆ្នេរ​សមុទ្រ​ហើយ​មែន​អត់? ប៉ុន្តែ​ក្រៅ​ពី​នេះ​ក៏​មាន​កន្លែង​ដែល​ប្លែកៗ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ដែល​អ្នក​អាច​ទៅ​លេង​បាន។ មួយ​ក្នុង​ចំណោម​នោះ​គឺ Chocolate Ville ដែល​ជា​ភោជនីយដ្ឋាន​មួយ​ប្លែក​ខុស​ពី​គេ​ មាន​ទីតាំង​ធំ​ជាមួយ​នឹង​ការ​រៀបចំ​តុប​តែង​ដូច​ភូមិ​មួយ​នៅ​ប៉ែក​អឺរ៉ុប​អញ្ចឹង។ Chocolate Ville នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ Kaset nawamin សង្កាត់ Bueng Kum ទីក្រុង​បាងកក។

នៅ Chocolate Ville នេះ​អ្នក​អាច​ចូល​ទៅ​ថត​រូប​លេង​បាន​យ៉ាង​សេរី​ដោយ​មិន​ចាំ​បាច់​ត្រូវ​ទិញ​សំបុត្រ​ចូល​នោះ​ឡើយ​។ ដោយ​សារ​តែ Chocolate Ville គឺ​ជា​ភោជនីយដ្ឋាន​សម្រាប់​តែ​អាហារ​ពេល​យប់​ទើប​នៅ​ទី​នោះ​ចាប់​បើក​ម៉ោង ៤ល្ងាច រហូត​ដល់១២យប់។

នៅ​ទី​នោះ​មាន​ទី​ធ្លា​សួន​ធំ​ មាន​អគារ​ដែល​សង់​ឡើង​តាម​ម៉ូដអឺរ៉ុប​ជាមួយ​នឹង​ទេសភាព​ដ៏​អស្ចារ្យ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ខ្លួន​ឯង​កំពុង​តែ​នៅ​ប្រទេស​អឺរ៉ុប​អញ្ចឹង។ ដើម្បី​គយគន់​ទេសភាព​ទាំង​មូល​របស់ Chocolate Ville នៅ​ទីនោះ​ក៏​មាន​កន្លែង​សម្រាប់​ឲ្យ​អ្នក​ឡើង​ទៅ​មើល​ទេសភាព​ពី​លើ​បាន​ផង​ដែរ។

អ្នក​ប្រាកដ​ជា​ចម្លែក​ចិត្ត​ហើយ​ថា​ទី​នេះ​មាន​ឈ្មោះ​ថា Chocolate Ville ប៉ុន្តែ​បែរ​ជា​មិន​មាន​ហាង​ឬ​តូប​លក់​សូកូឡា​សោះ។ តាម​ពិត​ទៅ​ Chocolate Ville គឺ​គ្រាន់​តែ​ជា​ឈ្មោះ​របស់​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះ​ដោយ​ពួក​គេ​មាន​លក់​តែ​ម្ហូប​សម្រាប់​អាហារ​ពេល​យប់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​អ្នក​អាច​អង្គុយ​កន្លែង​ណា​ក៏​បាន​នៅ​ក្នុង​បរិវេណ Chocolate Ville នេះ​ អ្នក​រត់​តុ​នឹង​យក​បញ្ជី​មុខ​ម្ហូប​ជូន​អ្នក​ដល់​កន្លែង​ហើយ​មិន​មែន​មាន​តែ​ម្ហូប​ថៃ​មួយ​នោះ​ទេ​គឺ​ពួក​គេ​មាន​បម្រើ​ម្ហូប​គ្រប់​ប្រភេទ​មិន​ថា​អឺរ៉ុប​ឬ​ថៃ​ក៏​ដោយ៕

Chocolate Ville

Soi Nawamin 74, Yak 3-8, Kaset-Nawamin Road Klong Kum Subdistrict, Bueng Kum District Bangkok 10230, Thailand បើកពីម៉ោង: 16.00 – 00.00


ប្រភព៖ anakjajan ប្រែ​សម្រួល៖ Sey