កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក ប្រចាំឆ្នាំ២០១៧ នៅប្រទេសកម្ពុជា

  • 2017-06-05 05:25:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ ជុំប្រកួតកម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក (WSC) ប្រចាំឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ បានប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ដល់៣០ ខែឧសភា ឆ្នាំ២០១៧ មានបេក្ខជនចូលរួមចំនួន ២៣១នាក់ ដែលមកពីសាលា ចំនូន ០៩។ ការប្រកួត WSC នៅជុំនេះ រៀបចំដោយអង្គការស្ទីមកម្ពុជា។ កម្មវិធីនេះធ្វើឡើង ដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន សាកល្បងនូវសមត្ថភាព និងអនុវត្តជំនាញថ្មីៗ ព្រមទាំងជួយបង្កើនក្រុមបញ្ញវន្ត និងអ្នកដឹកនាំ របស់សហគមន៍សកល នាពេលអនាគត។

ការប្រគល់រង្វាន់ជ័យលាភី បានប្រព្រឹត្តទៅ នៅសាលប្រជុំនៃសាកលវិទ្យាល័យអន្តរជាតិហ្សាម៉ាន់ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១៧។ នាឱកាសនេះផងដែរ រង្វាន់ត្រូវបានប្រគល់ជូនសិស្សជ័យលាភីជាក្រុម និងជាបុគ្គល លើវិញ្ញាសារចំនួន៤ ផ្សេងគ្នា មានដូចជាការប្រកួតជជែកពិភាក្សា ការសរសេរដោយសហការគ្នា ការប្រកួតប្រជែងបញ្ញា និងការប្រកួតឆ្លើយសំណួរ។

លើសពីនេះ បេក្ខជនជ័យលាភីទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមប្រកួតនៅជុំអន្តរជាតិ ដែលនឹងរៀបចំឡើងនៅទីក្រុងអាថែននៃប្រទេសក្រិក ទីកុ្រងហាណូយនៃប្រទេសវៀតណាម និងទីក្រុងកាប់ថោននៃប្រទេសអាព្រិចខាងត្បូង នារដូវក្តៅខាងមុខនេះ។ នៅជុំអន្តរជាតិ មានបញ្ចូលនូវការប្រកួតប្រជែងជាច្រើនទៀត ព្រមទាំងមានព្រឹត្តិ ការណ៍ ដែលរៀបចំដោយដៃគូសហគមន៍។

ក្រុមដែលទទួលជោគជ័យពីការប្រកួតជុំអន្តរជាតិ នឹងមានសិទ្ធិចូលទៅប្រកួតកម្មវិធីផ្តាច់ព្រ័ត្រយកជើងឯកប្រចាំសហគមន៍សកល (Tournament of Champions) នៅសាកលវិទ្យាល័យយែល (Yale University) នៃសហរដ្ឋអាមេរិក។ កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក ផ្តល់ឱកាសឱ្យបេក្ខជនមកពីសហគមន៍ជុំវិញពិភពលោកបានសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក បានជជែកពិភាក្សា និងបង្កើតចំណងមិត្តភាព ជាមួយគ្នា។

រៀបចំដោយ៖ អង្គការស្ទីមកម្ពុជា


អត្ថបទ៖ chan sonita