«Atomic Blonde» អាទិទេព​ឃាតក​ស្រី​មុខ​ស្មើ​ ដៃ​រហ័ស​

  • 2017-08-03 09:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឡប់​មក​វិញ​សារ​ជា​ថ្មី​ជាមួយ​សាច់​រឿង​វាយ​ប្រហារ​ដ៏​រន្ធត់​ក្រោម​ស្នាដៃ​ដឹក​នាំ​របស់​លោក​ David Leicth ដែល​ជា​អ្នកដឹកនាំរឿង​វាយ​តប់​ដ៏​ល្បី​ល្បាញ​ «Jonh Wick» វគ្គ១ ឥឡូវ​នេះ ​លោក​បាន​បង្ហាញ​ពី​ទឹក​ដៃ​ថ្មី​នៅ​ក្នុង​រឿង «Atomic Blonde»។

រឿង​ «Atomic Blonde» ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ការ​សម្លាប់​​ភ្នាក់​ងារ​ពិសេស M16 ​ម្នាក់​ដែល​ស្ថិត​នៅ​កំឡុង​ពេល​សង្គ្រាម​ត្រជាក់​របស់​ប្រទេស​ប៊ែកឡាំង​នៅ​ក្នុង​ឆ្នាំ​១៩៨៩។ ​ភ្នាក់​ងារ​សម្ងាត់​ James Gasciogne ត្រូវ​បាន​សម្លាប់​ដោយ​ភ្នាក់ងារ​សម្ងាត់​ផ្សេង​មួយ​ទៀត​ និង​ដណ្ដើម​យក​ឯកសារ​ឈ្មោះ​ភ្នាក់​ងារ​ដ៏​សំខាន់​ដែល​លាក់​ទុក​នៅ​ក្នុង​នាឡិកា​ដៃ​។​

ក្រោយ​មក​ភ្នាក់​ងារ​ពិសេស M16 ក៏​បាន​បញ្ជូន​ភ្នាក់ងារ​ជាន់​ខ្ពស់​របស់​ខ្លួន​ Lorraine Broughton ដែល​សម្តែង​ដោយ​ Charlize Theron ដើម្បី​ទៅ​ស៊ើប​អង្កេត​ពី​ករណី​សម្លាប់​ភ្នាក់ងារ​របស់​ខ្លួន​ និង​ដណ្តើម​យក​ឈ្មោះ​ភ្នាក់ងារ​សម្ងាត់​នៅ​ក្នុង​នាឡិកា​នោះ​ត្រឡប់​មក​វិញ។

នៅ​ក្នុង​បេសកកម្ម​មួយ​នេះ​ ពោរពេញ​ទៅ​ដោយ​ភាព​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​យើង​ពិត​​ជា​ពិបាក​ប៉ាន់​ស្មាន​លទ្ធផល​ចុង​ក្រោយ​នៃ​សាច់​រឿង​មែន​ទែន​។​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​សាច់រឿង​វាយ​ប្រហារ​ ប្រាកដ​ជា​ជក់​ចិត្ត​ដិត​អារម្មណ៍​នឹង​រឿង «Atomic Blonde» ជា​មិន​ខាន​ ដោយ​សារ​ការ​វាយ​ប្រហារ​របស់​តួ​ស្រី Lorraine Broughton នឹង​ធ្វើ​​ឲ្យអ្នក​មើលប្រឹង​តាម​គាត់​គ្រប់​ឈុត​ឆាក​វាយ​តប់​ទាំងអស់មិនព្រិចភ្នែក។

មិន​ត្រឹម​តែ​មាន​ឈុត​ឆាក​វាយ​តប់​រហូត​នោះ​ទេ​ នៅ​មាន​ឈុត​ឆាក​ស៊ី​អារម្មណ៍​ដែលអ្នក​មើល​នឹក​ស្មាន​មិន​ដល់​ផង​ដែរ។ បើ​មិន​ចង់​ខក​ខាន​សាច់​រឿង​ដ៏​ល្អ​មួយ​នេះ​ សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ទាំង​អស់​គ្នា​នៅ​គ្រប់​រោង​ភាព​យន្ត​ ចាប់​ពី​ថ្ងៃ​ទី​៤​ ខែ​សីហា​ ឆ្នាំ​២០១៧​នេះ​ទាំង​អស់​គ្នា​។


អត្ថបទ៖ Nita