បទ​ពិសោធន៍​ដែល​ខ្ញុំ​ទទួល​ពី​ដំណើរ​​កម្សាន្ត​នៅ​លើ​កោះ រ៉ុងសន្លឹមជាលើកដំបូង​...!

  • 2017-11-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដើរ​លេង​បាន​ផ្ដល់​បទ​ពិសោធន៍​ជា​ច្រើន​ដល់​ខ្លួន​ខ្ញុំ​ផ្ទាល់​។​ នៅ​ក្នុង​ឱកាស​បុណ្យ​អុំទូក ខ្ញុំ​និង​គ្រួសារ​​ខ្ញុំ​បាន​ទៅ​លេង​កោះ​មួយ​ដែល​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​នៅ​ខេត្ត​ព្រះសីហនុ​​​​ដែល​ហៅ​ថា​កោះ​រ៉ុងសន្លឹម​(Koh Rong Sonloem) ​ហើយ​វា​ក៏​ជា​លើក​ដំបូង​ផង​ដែរ។​ ដោយ​សារ​តែ​វា​ជា​លើក​ដំបូង​នឹង​ហើយ​ដែល​នាំ​ឱ្យ​គ្រួសារ​របស់​ខ្ញុំ​ត្រៀម​របស់​របរ​យ៉ាង​ច្រើន​ស្ទើរ​អស់​ពី​ផ្ទះ​តែ​ម្ដង​។​ ខ្ញុំ​នឹង​រៀប​រាប់​ពី​បទ​ពិសោធន៍​ដ៏​រីក​រាយ​និង​គួរ​ឱ្យ​ចង់​សើច​មួយ​នេះ​ដល់​មិត្ត​អ្នក​អាន​។​

កុំ​រៀប​ចំ​ហួសហេតុ​ពេក!

គ្រួសារ​ខ្ញុំ​បាន​រៀប​ចំ​ឥ​វ៉ែ​ឥវ៉ាន់​តាំង​ពី​ម៉ោង​៣ទាបភ្លឺ​ដើម្បី​ទៅ​ដើរ​លេង។ ដោយ​សារ​តែ​បាន​លឺ​ថា​នៅ​កោះ​នោះ​គ្មាន​អី​ញ៉ាំ​ទេ​អញ្ចឹង​ពួក​យើង​បាន​ត្រៀម​​របស់​របរ​ចាន​ ឆ្នាំង ​ស្លាបព្រា​ ចង្ក្រាន​​ និង​ធុង​ទឹកកក​ទុក​សម្រាប់​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង។​ ពេល​ទៅ​ដល់​ខេត្ត​ព្រះសីហនុ​​ពួក​យើង​បាន​ទិញ​គ្រឿង​សមុទ្រ​យក​ទៅ​ញ៉ាំ​នៅ​លើ​កោះ​នោះ។​ ហើយ​យើង​ក៏​បន្ត​ដំណើរ​ទៅ​កាន់​ផែ​ដើម្បី​ជិះ​កប៉ាល់​ទៅ​កាន់​កោះ​។​ តែ​មុន​នឹង​បាន​ឡើង​កប៉ាល់​គឺ​ពិត​ជា​មាន​ភាព​ត្រដាបត្រដួស​មែន​ទែន​ដោយ​សារ​តែ​អីវ៉ាន់​ដែល​ជញ្ជូន​មាន​ច្រើន​ហើយ​ធ្ងន់​និង​ត្រូវ​ដើរ​ឆ្ងាយ​។ មិន​ត្រឹម​តែ​ចាន​ឆ្នាំង​ទេ​, គ្រួសារ​ខ្ញុំ​បាន​ជញ្ជូន​តង់​ ខ្នើយ​និង​ភួយ​ទៀត​បូក​រួម​នឹង​កាបូប​ដាក់​សំលៀក​បំពាក់​ម្នាក់​មួយ​​ៗ​ទៀត។​

នៅ​ពេល​កប៉ាល់​មក​ដល់​ផែ​យើង​ត្រូវ​ជញ្ជូន​របស់​ទាំង​នោះ​ឡើង​លើ​​កប៉ាល់​​។​មាន​មនុស្ស​ជា​ច្រើន​រួម​ដំណើរ​តាម​កប៉ាល់​ហើយ​ម្នាក់​ៗ​ក៏​មិន​ខុស​ពី​គ្រួសារ​ខ្ញុំ​ប៉ុន្មាន​ដែរ​​។​ អ្នក​ខ្លះ​ត្រូវ​ជួល​រទេះ​ជញ្ជូន​​អីវ៉ាន់​ទៀត​ផង។​

ទីបំផុត​យើង​ក៏​បាន​ទៅ​ដល់​កោះ​នៅ​ម៉ោង៦:៣០ល្ងាច។​ ពួក​យើង​បាន​កក់​ផ្ទះ​សម្រាប់​​​​​​​​​​​​​​ស្នាក់​នៅ​មួយ​ចម្ងាយ​ប្រហែល​១គីឡូ​កន្លះ​​ពី​ផែ​នៃ​កោះ​។ ម្នាក់​ៗ​ទាំង​អស់​កម្លាំង​ទាំង​ឃ្លាន​ហើយ​ត្រូវ​ដើរ​លើ​ឆ្នេរ​ខ្សាច់​ដ៏​ឆ្ងាយ​ដោយ​មាន​អីវ៉ាន់​​សំពីង​សំពោង​ស្ពាយ​ផង​យួរ​ផង​ទូល​ផង។ Zzzz

តាម​ពិត​ទៅ​នៅ​ទី​នោះ​មិន​មែន​គ្មាន​អី​ញ៉ាំ​សោះ​នោះ​ទេ​តែ​ថ្លៃ​។​ ​ជា​ពិសេស​មាន​ភោជនីយដ្ឋាន​​ bar ដែល​មាន​អាហារ​ឆ្ងាញ់​​​ៗ​និង​ស្រា​ក្រឡុក​ឆ្ងាញ់​​ៗ​ផង​ដែរ។​

កុំ​ខ្លាច​វង្វេង​!

អ្នក​ដែល​បាន​ស្គាល់​ខ្ញុំ​ភាគ​ច្រើន​ដឹង​ថា​គ្មាន​អ្នក​ណា​ដែល​អត់​ប្រយោជន៍​ជាង​ខ្ញុំ​ទេ​ពេល​និយាយ​ដល់​រឿង​ផ្លូវ។​ ខ្ញុំ​មិន​សូវ​ពូកែ​ស្គាល់​ផ្លូវ​ទេ​តែ​ពេល​ទៅ​ដល់​កន្លែង​ណា​ថ្មី​ប្លែក​ខ្ញុំ​មិន​ខ្លាច​នឹង​វង្វេង​ទេ​​ព្រោះ​ខ្ញុំ​គិត​ថា​​ឱកាស​បាន​ដើរ​លេង​កន្លែង​ល្អ​ៗ​ប្លែក​ៗ​​កម្រ​មាន​ដូច​នេះ​ខ្ញុំ​ចង់​ដើរ​ឱ្យ​បាន​សព្វ​ដើម្បី​ឱ្យ​ដឹង​ថា​មាន​អ្វី​ខ្លះ។​ (​Think outside the box and go out of your comfort zone!)

កុំ​ខ្វល់​ពី​អ្វី​ដែល​យើង​មិន​អាច​ផ្លាស់​ប្ដូរ​បាន​

គ្រួសារ​ខ្ញុំ​បាន​កក់​ផ្ទះ​សម្រាប់​គេង​តែ​រយៈ​ពេល​មួយ​យប់​ប៉ុណ្ណោះ​​ដោយ​មាន​គម្រោង​ស្នាក់​នៅ​តែ​មួយ​យប់​។​​ តែ​ដោយ​សារ​តែ​ពេល​មក​ដល់​កោះ​យប់​ពេក​ទៅ​ហើយ​មិន​បាន​កម្សាន្ត​អស់​ចិត្ត​ពួក​យើង​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​មួយ​យប់​ទៀត។​ ប៉ុន្តែ​បញ្ហា​នោះ​គឺ​ម្ចាស់​ផ្ទះ​អនុញ្ញាត​ឱ្យ​​ពួក​យើង​ស្នាក់​នៅ​តែ​មួយ​យប់​តាម​ការ​កក់​ទុក​ប៉ុណ្ណោះ​​ព្រោះ​មាន​អ្នក​កក់​ផ្សេង​ទៀត​ដែរ។​

ប៉ុណ្ណឹង​មិន​ជា​បញ្ហា​ទេ​​, ពួក​យើង​បាន​ស្វែង​រក​ផ្ទះ​ថ្មី​សម្រាប់​គេង​មួយ​យប់​ទៀត។​ តែ​កន្លែង​ថ្មី​នោះ​មិន​មាន​ភាព​ស្ងប់​ស្ងាត់​និង​មាន​ឆ្នេរ​ខ្សាច់​ស្អាត​ដូច​កន្លែង​ចាស់​ទេ។​ តែ​យើង​ក៏​នៅ​តែ​មាន​រឿង​កម្សាន្ត​ដ៏​ទៃ​ទៀត​និង​​​អាហារ​ឆ្ងាញ់​ៗ​​ញ៉ាំ​ដែរ។​

រាត្រី​ចុង​ក្រោយ​នៅ​លើ​កោះ​រ៉ុងសន្លឹម, គ្រួសារ​ខ្ញុំ​និង​ខ្ញុំ​បាន​ដើរ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ញ៉ាំ​ Cocktai នៅ​ហាង​មួយ​ដែល​មាន​ឈ្មោះ​ថា​ The One។​ ដែល​មាន​ស្រា​ក្រឡុក​ច្រើន​ប្រភេទ​និង​អាហារ​បែប​អឺរ៉ុប​ឆ្ងាញ់ ៗ​មិន​ខុស​ពី​នៅ​ទី​ក្រុង​ទេ។​


អត្ថបទ៖ Sin Sovannleakhena