មក​ស្គាល់​នាវា​កម្សាន្ត​យក្ស​ដ៏​ទំនើប ខ្មែរ​យើង​និយម​ជិះ​ដើរ​លេង​ពី​កោះ​តៃវ៉ាន់ ដល់​ជប៉ុន

  • 2017-11-13 09:43:05
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស ហើយ​ចង់​សាក​របស់​ថ្មីៗ អាច​ថា​​ត្រូវ​ម៉ាច់​តែ​ម្ដង ព្រោះ​រាល់​ដង​ធ្លាប់​ជិះ​តែ​យន្ត​ហោះ រួច​ជិះ​ឡាន​ក្រុង ឬ​រថភ្លើង​បន្ត ដើម្បី​ទៅ​ដល់​កន្លែង​ជា​ទី​ប្រាថ្នា​សម្រាប់​ដើរ​លេង តែ​លើក​នេះ គឺ​អេម​ម៉ង ជិះ​នាវា​កម្សាន្ត​ទំហំ​យក្ស ហើយ​ទំនើប ដើរ​លេង​ពី​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ទៅ​ដល់​ជប៉ុន។

ភោជនីយដ្ឋាន​ទំនើបៗ​មាន​ទាំង​រសជាតិ​ដើម​បែប​ចិន អាស៊ី និង​អឺរ៉ុប ការ​ស្នាក់​លំដាប់​ប្រណីតៗ Wi-Fi អាង​ហែល​ទឹក អាង​ទឹក​ក្ដៅ កន្លែង​ស្ដាប់​ភ្លេង កន្លែង​ញ៉ាំ Cocktail កន្លែង​វាយ​កូន​ហ្គោល កន្លែង​លេង​បាល់​បោះ ហាង​ទំនិញ​ម៉ាក​ល្បីៗ​រួច​ពន្ធ និង​ការ​ធ្វើ​កម្សាន្ត​ពី​កោះ​មួយ​ទៅ​កោះ​មួយ​នៅ​ជប៉ុន មាន​ម៉ា​កំផ្លេ​ពេញ​ប៉ឹប​នៅ​លើ​នាវា​កម្សាន្ត SuperStar Aquarius កម្ពស់ ១២ ជាន់​របស់​តៃវ៉ាន់​ដែល​មាន​ទទឹង ២៩ ម៉ែត្រ និង​បណ្ដោយ​រហូត​ដល់ ២៣០ ម៉ែត្រ​ឯណោះ។

នាវា​ទំនើប​ដែល​ផ្ទុក​មនុស្ស​បាន​រហូត​ដល់​ជាង ១៥០០ នាក់ មួយ​នេះ កំពុង​ចាប់​ផ្ដើម​ពេញ​និយម​បណ្ដើរៗ​ហើយ​សម្រាប់​ខ្មែរ​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ទេសចរណ៍ Xing Fuwah Travel។

ចង់​ឲ្យ​ដំណើរ​កម្សាន្ត​កាន់​តែ​សប្បាយ​គ្រប់​សព្វ​តាំង​ពី​នៅ​លើ​តៃវ៉ាន់ លើ​នាវា ដល់​ជប៉ុន យើង​ត្រូវ​ចំណាយ​ពេល​សម្រាប់​ដំណើរ​កម្សាន្ត​នេះ​យ៉ាង​ហោច​ណាស់ ៣ យប់ ៤ ថ្ងៃ​ដែរ ព្រោះ​មាន​កន្លែង​ត្រូវ​ទៅ​លេង​ច្រើន។

គ្រាន់​តែ​ទៅ​ដល់​តៃវ៉ាន់​ភ្លាម អារម្មណ៍​ចាប់​ផ្ដើម​កញ្ជ្រោល​បណ្ដើរៗ ព្រោះ​នៅ​តំបន់​ពាណិជ្ជកម្ម ទីក្រុង​តៃប៉ិ យើង​អាច​​ដើរ​ទិញ​ទំនិញ​ប្រេនៗ ទំនិញ​នៅ Outlet ធម្មតា ទិញ​ឡាន​ក្រុង​គ្មាន​ដំបូល​ដើរ​លេង​ផ្អើល​ពេញ​ក្រុង​តៃប៉ិ និង​ឆៀង​ទៅ​សាក​ភ្លក់​រសជាតិ​នំ​ចាខ្វៃ និង​ទឹក​សណ្ដែក​ល្បី​ប្រចាំ​ក្រុង​ដែល​មាន​មនុស្ស​តម្រង់​ជួរ​ចាំ​ទិញ​ប្រវែង​ជិត ២ គីឡូម៉ែត្រ​ឯណោះ។

កាន់​តែ​រំភើប គឺ​ពេល​ទៅ​ដល់​កោះ​មីយ៉ាកូជីម៉ា និង​កោះ​ណា​ហា ខេត្ត​អូគីណាវ៉ា ប្រទេស​ជប៉ុន! ទេសភាព​លើ​កោះ​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់ ខ្យល់​សមុទ្រ​ត្រជាក់​បក់​ត្រសៀកៗ និង​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ខុស​ពី​កន្លែង​ផ្សេងៗ។ ចង់​ដឹង​ច្បាស់ មើល​វីដេអូ​ក្រុម​ការងារ Sabay បាន​ទៅ​ដល់​នេះ​ទៅ ក៏​ដឹង​ថា​សប្បាយ​ដែរ៖


អត្ថបទ៖ សុផាត