នាំឲ្យស្គាល់ កន្លែងកម្សាន្តបែបស្រុកស្រែ២កន្លែង ទេសភាពស្អាត ម្ហូបឆ្ងាញ់គ្មានគីមី

  • 2017-11-24 04:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​ដល់​ដំណើរ​កម្សាន្ត​ទៅកាន់​ទឹក​ដី​ប្រវត្តិសាស្ត្រ​ខេត្ត​សៀមរាប ប្រិយមិត្ត​ប្រាកដ​ជា​នឹក​ឃើញ​មុន​គេ​នូវ​ប្រាសាទ​បុរាណ​នានា ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​តែ​ម្ដង។ ប៉ុន្តែ​សៀមរាប មិន​គ្រាន់​តែ​មាន​សម្បត្តិ​វប្បធម៌​ផ្នែក​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​បច្ចុប្បន្ន​ក៏​សម្បូរ​កន្លែង​ដើរ​លេង​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

១. អាហារដ្ឋាន​ចម្ការ​ត្រាវ

អាហារដ្ឋាន​ចម្ការ​ត្រាវ​ គឺ​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​បែប​ស្រុកស្រែ និង​ស្ងប់​ស្ងាត់។ រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​មួយ​នេះ កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ។ ក្រៅ​ពី​មាន​ទេស​ភាព​ដ៏​ស្រស់​បំព្រង មាន​ទាំង​វាល​ស្រែ ​ស្រះទឹក​ធំៗ​ដ៏​ថ្លា​ឈ្វេង​ព្រម​ទាំង​ផ្កាឈូក​កំពុង​រីក​ក្រពុំ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ជះ​ក្លិន​ក្រអូប​ប្រហើរ​នៃ​ក្លិន​ស្រូវ រុក្ខជាតិ​តូចធំ​ហើយ​នោះ គឺ​ម្ហូប​អាហារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។

បើ​តាម​ការ​រៀបរាប់​ពី លោក​ យ៉ាន វិវឌ្ឍន៍ ជា​ម្ចាស់​អភិវឌ្ឍ​រមណីដ្ឋាន​មួយ​នេះ ប្រាប់​ថា ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​ជា​ច្រើន​មុខ​ដូចជា​សម្ល​ម្ជូរ​ត្រាវ​កូន​ត្រី ម្ជូរ​ពង​ត្រី ម្ជូរ​ស្រុក​ស្រែ សម្ល​កកូរ ប្រហើរ ម្ជូរ​គ្រឿង ត្រីអាំងត្រី​បំពង មាន់អាំង មាន​ស្ងោ និង​ម្ហូប​ជាច្រើន​មុខ​ទៀត សុទ្ធ​តែ​បែប​ធម្មជាតិ​ទាំង​អស់​ដោយ​ទិញ​ពី​អ្នក​ភូមិ​ផ្ទាល់​គ្មាន​ជាតិ​គីមី ទាំង​សាច់​ ត្រី និង​បន្លែ​គ្រប់​ប្រភេទ​ស្រស់​យក​មក​ចម្អិន​ភ្លាមៗ ជូន​ពិសា​ក្ដៅៗ​យ៉ាង​ឈ្ងុយឆ្ងាញ់។

ដូច្នេះ​ប្រសិន​បើ​ចង់​ភ្លក់​រសជាតិ​ម្ហូប​ខ្មែរ​គ្រប់​មុខ​ដ៏​ឈ្ងុយឆ្ងាញ់ និង​សម្រាក​លម្ហែ​កាយ​ក្រវាត់​ចោល​ភាព​ស្មុគស្មាញ​ទាំង​ឡាយ​អាច​ទៅ​ទីនោះ​បាន ដោយ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេ​ខ៦ ក្នុង​សង្កាត់ទឹកវិល​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។

២. រមណីយដ្ឋាន​ធម្មជាតិ​ភ្នំក្រោម

ក្រៅ​ពី​រមណីយដ្ឋាន​ខាងលើ ​ភ្នំក្រោម ក៏​ជា​កន្លែង​លេង​កម្សាន្ត​បែប​ស្រុកស្រែ​ដ៏​ល្បីល្បាញ​មួយ​ដែរ។ ចំពោះ​អ្នក​មិន​ចង់​ទៅ​កន្លែង​ថ្លង់​អ៊ូអរ ចូល​ចិត្ត​បែប​ស្ងប់ស្ងាត់ រ៉ូមែនទិក ជាមួយ​គូស្នេហ៍ ឫ​ជា​លក្ខណៈ​គ្រួសារ គឺ​មិន​ខក​បំណង​ឡើយ។ រមណីយដ្ឋាន​ធម្មជាតិ​ភ្នំក្រោម មាន​ទេសភាព​ស្អាត​លម្អ​ដោយ​សួន​ផ្កា​ដ៏​ស្រស់​បំព្រង ស្រះទឹក​ដ៏​ថ្លា​ឈ្វេង​មាន​ដាំ​ដើម​ឈូក និង​ខ្ទូស​សាងសង់​លើ​ទឹក​ជា​ច្រើន​ច្រើន​កន្លែង​ទៀត​ផង ហើយ​ប្រិយមិត្ត​ក៏​អាច​ជិះ​ទូក​លេង​កម្សាន្ត​បានដែរ​។

ជា​ពិសេស​នោះ គឺ​ល្បី​ថា​ម្ហូប​អាហារ​បែប​ស្រុក​ស្រែ​គ្រប់​មុខ​សុទ្ធ​តែ​ឆ្ងាញ់​ចង់​ញ៉ាំ​អ្វី​ក៏​មាន​តាម​តម្រូវ​ការ​ ហើយ​តម្លៃ​ក៏​សមរម្យ​សេវា​ក៏​រហ័ស​ទាន់​ចិត្ត។

រមណីយដ្ឋាន​ភ្នំ​ក្រោមមាន​ទីតាំង​នៅ​ភូមិ​ក្រសាំង​រលើង ស្រុក​សៀមរាប ជិត​ភ្នំ​ក្រោម ខេត្ត​សៀមរាប​៕

ចុចអានអត្ថបទពាក់ព័ន្ធ៖


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ