ស្ពានបាតដៃមាសនៅ Da Nang ស្អាតមែនពិតតែទៅមិនរើសថ្ងៃ ប្រយ័ត្នដូចស្រមោចរោមស្ករ
- ច័ន្ទ, 6 ឧសភា 2019 02:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានបាតដៃមាសនៅ Da Nang ស្អាតមែនពិតតែទៅមិនរើសថ្ងៃ ប្រយ័ត្នដូចស្រមោចរោមស្ករ
ចន្លោះមិនឃើញ
ស្ពានបាតដៃមាសនៅខេត្ត Da Nang ដែលជាកន្លែងទេសចរណ៍កំពុងល្បីផ្ទុះនៅប្រទេសវៀតណាមងាយទទួលរងការកកស្ទះខ្លាំង នៅរាល់ថ្ងៃបុណ្យធំៗខ្លាំងណាស់។
ទោះបីទើបតែត្រូវបានបង្កើតឡើងមិនយូរប៉ុន្មានក៏ដោយ តែស្ពានបាតដៃមាសនៅក្នុងខេត្ត Da Nang ប្រទេសវៀតណាម កំពុងទទួលបានប្រជាប្រិយភាពមិនចាញ់តំបន់ទេសចរណ៍យូរឆ្នាំដូចនៅ Da Lat និង Ha Long នោះដែរ ដោយសារតែភាពច្នៃប្រឌិត និងខុសប្លែករបស់ខ្លួន។ តាមនោះដែរ ស្ពានដែលនៅក្បែរមាត់សមុទ្រនេះ ទទួលភ្ញៀវជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃទោះថ្ងៃសម្រាក ឬថ្ងៃធម្មតាក៏ដោយ។
យ៉ាងណាក៏ដោយ ភ្ញៀវទេសចរដែលបានទៅដល់ស្ពាននេះហើយ បានប្រាប់មេរៀនដ៏មានតម្លៃសម្រាប់អ្នកគ្រប់គ្នាទៅលេងស្ពាននេះ ដើម្បីជួបប្រទះហេតុការណ៍មិនបានថតរូប ហើយពិបាកដើរលេងអ្វីទាំងអស់លើស្ពាននេះដោយសារតែមនុស្សច្រើនពេក។
តាមនោះដែរ កាលពីថ្ងៃទី១ ខែឧសភាកន្លងទៅនេះ ដែលជាថ្ងៃពលកម្មអន្តរជាតិនេះ ស្ពាននេះបានជួបប្រទះហេតុការណ៍ដ៏មិនគួរឲ្យជឿមួយនោះគឺ មនុស្សជិត២ម៉ឺននាក់បានឈរតម្រង់ជួរដើម្បីចាំឡើងលេងលើស្ពាននេះ ដែលជាហេតុធ្វើឲ្យស្ពាននេះមើលពីលើមិនខុសពីស្រមោចរោមស្ករនោះឡើយ ហើយធ្វើឲ្យគេមើលសឹងមិនស្គាល់ស្ពានបាតដៃមាសដ៏ល្បីឈ្មោះទៀតផង។
ដើម្បីកុំឲ្យជួបប្រទះបញ្ហាខាងលើ អ្នកលក់ដូរក្នុងតំបន់បានឲ្យដឹងថា អ្នកទេសចរដែលចង់ថតរូបស្អាត មិនគួរមកលេងនៅទីនេះនៅរាល់បុណ្យជាតិធំៗរបស់វៀតណាមឡើយ ត្បិតមនុស្សនឹងសម្រុកមកច្រើនខ្លាំងណាស់។ ដោយអ្នកទាំងអស់គ្នា អាចមកកម្សាន្តនៅចុងសប្ដាហ៍ ក៏ដូចជាថ្ងៃបុណ្យជាតិរបស់ខ្លួន ដែលប្រជាជនវៀតណាមមិនបានឈប់សម្រាក នោះទើបមានឱកាសថតរូបស្អាត និងមិនបញ្ជ្រៀតគ្នា។
ជាមួយគ្នានោះដែរ ក្រៅពីស្ពានបាតដៃមាសនេះ អ្នកទេសចរក៏គួរទៅតំបន់ផ្សេងក្នុងខេត្ត Da Nang មិនគួរសម្រុកទៅតែស្ពានដើម្បីកាត់បន្ថយការកកស្ទះ៕
ចុចអាន៖ ឈប់ច្រើនថ្ងៃអីហ្នឹង បានទៅលេង Da Lat នៅវៀតណាមដឹងតែសប្បាយកប់ហ្មង
ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel