ទឹកធ្លាក់រមនាពីរជាទីកម្សាន្តដ៏រីករាយមានទាំងវារីអគ្គិសនីខ្នាតតូច
- 2017-03-06 03:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់រមនាពីរជាទីកម្សាន្តដ៏រីករាយមានទាំងវារីអគ្គិសនីខ្នាតតូច
ចន្លោះមិនឃើញ
ទឹកធ្លាក់រមនាទីពីរជាកន្លែងកម្សាន្តដ៏រីករាយមួយនៅក្នុងខេត្តមណ្ឌលគីរី។ ពេលភ្ញៀវជាតិ និងអន្តរជាតិទៅដល់ទីនោះប្រាកដជាចម្លែកអារម្មណ៍នឹងសំឡេងពីរខុសគ្នាពោលគឺសំឡេងទឹកធ្លាក់ និងសំឡេងវារីអគ្គិសនីលាយបញ្ចូលគ្នាក្នុងពេលតែមួយ។
សូមទស្សនាវីដេអូ
https://www.youtube.com/watch?time_continue=101&v=1gyU9r-3sk4
ទឹកធ្លាក់លើផ្ទាំងថ្មកម្ពស់ប្រហែលជា៥ម៉ែត្រ ប៉ុន្តែបើសរុបទាំងផ្នែកខាងលើ និងខាងក្រោមប្រហែលជា៣០០ម៉ែត្រដែលលេងកម្សាន្តបាន។នៅជាប់ទឹកធ្លាក់នោះមានវារីអគ្គិសនីខ្នាតតូចមួយដែលអាចបម្រើដល់អ្នកភូមិនៅទីនោះបានខ្លះ។ វាមានបំពងដែកមួយប្រវែងប្រហែល១៥ម៉ែត្រ និងមានសន្ទះនៅខាងក្នុងសម្រាប់បុកនឹងកម្លាំងទឹកហូរចូលដែលបង្កើតបានជាសំឡេងផាំងៗក្នុងរយៈពេលប្រមាណ៣០វិនាទីម្តង។ សំឡេងទឹកធ្លាក់ និងសំឡេងវារីអគ្គិសនីបានលាន់លឺឡើងពេញត្រចៀកដែលប្រៀបដូចជាសំឡេងតន្ត្រី និងស្គរស្វាគមន៍អ្នកទៅកម្សាន្តអីចឹងដែរ។
ទឹកធ្លាក់រមនាពីរនេះមិនថារដូវវស្សា ឬរដូវប្រាំងឡើយគឺភ្ញៀវជាតិ និងអន្តរជាតិអាចទៅលំហែកាយកម្សាន្តបានគ្រប់ពេលវេលា។ មិនតែប៉ុណ្ណោះ នៅអមសង្ខាងផ្លូវចូលទៅប្រហែល៥០០ម៉ែត្រមានចម្ការម្រេចខៀវស្រងាត់ដែលអាចធ្វើឲ្យភ្ញៀវចោលភ្នែកក្រឡេកមើលទៅមុនពេលដល់ទឹកធ្លាក់។ ទឹកធ្លាក់នេះក៏មានដើមឈើធំៗខ្ពស់ត្រដែតបង្កើតបានជាម្លប់ត្រឈឹងត្រឈៃដែរ។
លោកអ្នកចំណាយពេលប្រហែលជា២០នាទីលើចម្ងាយផ្លូវ១២គីឡូម៉ែត្រចេញពីក្រុងសែនមនោរម្យឆ្ពោះទៅទឹកធ្លាក់រមនាពីរដែលស្ថិតនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី៕
អត្ថបទ៖ ជាន ចាន់រ៉ា