តំបន់ទេសចរណ៍៣ ទាក់ទាញភ្ញៀវច្រើនបំផុតនៅខេត្តពោធិ៍សាត់
- 2017-03-17 01:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ទេសចរណ៍៣ ទាក់ទាញភ្ញៀវច្រើនបំផុតនៅខេត្តពោធិ៍សាត់
ចន្លោះមិនឃើញ
ពោធិ៍សាត់ ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា និងជាខេត្តជាប់បឹងទន្លេសាប ក៏ដូចជាជួរភ្នំក្រវាញផងដែរ។ បើតាមលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានបង្ហាញថា ក្រៅពីល្បីឈ្មោះផ្នែកចម្លាក់ថ្មកែវ និងក្រួចពោធិ៍សាត់ផ្ទាល់នោះ ខេត្តដែលមានផ្ទៃដីសរុប ១២ ៩៦២ គីឡូម៉ែត្រការេនេះ បានបែងចែកតំបន់ទេសចរណ៍៣កំពុងតែមានអាទិភាពខ្លាំងគឺ៖
១. តំបន់ទេសចរណ៍ជួរភ្នំក្រវាញ
តំបន់នេះជាតំបន់មានសក្ដានុពលខាងផ្នែកធនធានធម្មជាតិ មានទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកជ្រោះធ្លាក់និងជាជម្រកសត្វព្រៃផងដែរ។ អ្វីដែលទាក់ទាញខ្លាំងបំផុតក្នុងតំបន់មួយនេះ គឺរបាំបេះក្រវាញ របស់ជនជាតិជង ដើមក្រវាញ និងបឹងធម្មជាតិដ៏ស្រស់ស្អាត សឹងតែពុំមាននៅកម្ពុជា។ សម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង ជួរភ្នំក្រវាញនេះពិតជាសក្ដិសមខ្លាំងណាស់ ព្រោះពួកគេអាចស្នាក់នៅជាមួយជនជាតិជង បានហើយរង់ចាំមើលសត្វព្រៃ ដូចជា ខ្លា ដំរី ប្រើស រមាំង និងខ្ទីងជាដើម។
២. តំបន់ទេសចរណ៍បឹងទន្លេសាប
ខេត្តពោធិ៍សាត់ជាប់មាត់ទន្លេសាបប្រវែង ៨១គីឡូម៉ែត្រ ដែលរំលេចទេសភាពលើផ្ទៃទឹកធំល្វឹងល្វើយ ព្រៃលិចទឹកដ៏ក្រាស់ (ព្រៃរនាម) ជំរំសត្វស្លាប តំបន់អភិរក្សពូជត្រី ភូមិអ្នកនេសាទ សហគមន៍ផលិតត្រីឆ្អើរ ប្រហុក និងមានរឿងអស្ចារ្យជាច្រើនទៀតក្នុងតំបន់នេះ។
៣. ទេសចរណ៍ជុំវិញក្រុង
ដើម្បីធ្វើឱ្យភ្ញៀវស្នាក់នៅបានយូរ ខេត្តពោធិ៍សាត់ បានបង្កើតជាកន្លែងកម្សាន្តជាច្រើនក្នុងទីរួមខេត្តរបស់ខ្លួន។ ដោយក្នុងនោះរួមមានទីតាំងបូជនីយដ្ឋានប្រវត្តិសាស្ត្រ ឧកញ៉ា ឃ្លាំងមឿង មណ្ឌលវប្បធម៌កោះសំពៅមាស រៀបចំសួនច្បាររង្វង់មូលផ្ដិលថ្មកែវតំណាងខេត្តពោធិ៍សាត់ និងកន្លែងធ្វើចម្លាក់ថ្មកែវជាច្រើនទៀត។
ដោយសារតែមានតំបន់ទាំង៣នេះហើយ បានជាភ្ញៀវទេសចរណ៍ក្នុងខេត្តនេះកាលពីឆ្នាំ២០១៥កន្លងទៅ មានចំនួន ៤០៩ ៣០១នាក់ កើនឡើងដល់ទៅ៣៦,៧២%ឯណោះ បើធៀបនិងឆ្នាំ២០១៤កន្លងទៅ៕
អត្ថបទ៖ មុន្នី រម្យ