តំបន់ទេសចរណ៍ត្រជាក់ចិត្តទាំង៥ សម្រាប់អ្នកធុញទ្រាន់នឹងអាកាសធាតុក្ដៅ
- 2017-04-03 08:26:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ទេសចរណ៍ត្រជាក់ចិត្តទាំង៥ សម្រាប់អ្នកធុញទ្រាន់នឹងអាកាសធាតុក្ដៅ
ចន្លោះមិនឃើញ
ក្នុងអំឡុងរដូវក្ដៅនេះ ប្រិយមិត្តប្រាកដជាមានអារម្មណ៍ធុញថប់ អស់កម្លាំង ហើយមិនចង់ធ្វើដំណើរទៅខាងក្រៅប៉ុន្មានទេ ប៉ុន្តែខាងក្រោមនេះគឺជាតំបន់ទេសចរណ៍មួយចំនួនដែលអាចផ្ដល់នូវផាសុកភាព និង អារម្មណ៍ស្រស់ស្រាយត្រជាក់ចិត្តដល់លោកអ្នកជាមិនខាន បើទោះបីជាលោកអ្នកកំពុងស្ថិតក្នុងរដូវក្ដៅក៏ដោយ។
១ រមណីយដ្ឋានបឹងសំរឹទ្ធ
លាតសន្ធឹងលើផ្ទៃដី៤៧ ហិកតា រមណីយដ្ឋានបឹងសំរឹទ្ធ បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនអោយទៅលេងនៅទីនោះក្នុងរដូវក្ដៅ។ រមណីយដ្ឋានដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំមួយនេះ អាចអោយភ្ញៀវលេងកម្សាន្តយ៉ាងសប្បាយរីករាយជារួមមាន ជិះស្គីរអិលចុះទឹក អាងហែលទឹក ជិះខ្សែកាប ទស្សនាព្រៃព្រឹក្សា លេងកីឡាវាយកូនគោល និង ជិះកង់ជាលក្ខណៈគូស្នេហ៍ជាដើម។
២ ទឹកជ្រោះភ្នំគូលែន
ស្ថិតក្នុងខេត្តសៀមរាប ទឹកជ្រោះភ្នំគូលែន ត្រូវបានប្រជាជនខ្មែរចាត់ទុកថា គឺជាទឹកអម្រឹតរបស់ព្រះអាទិទេពដែលបាន ហូរពីកំពូលភ្នំគូលែន ទៅកាន់ទឹកដីដ៏ពិសិដ្ឋនៃក្រុងអង្គរ។ ចំពោះអ្នកដែលបានងូតទឹកភ្នំគូលែនវិញ នឹងទទួលបានអារម្មណ៍ជ្រះថ្លា បំបាត់អស់ទុក្ខសៅម៉ង ហើយមានអ្នកខ្លះទៀតថែមទាំងមានជំនឿថា ទឹកជ្រោះភ្នំគូលែនអាចនាំសិរីសួស្ដី និង ព្យាបាលជំងឺដល់ពួកគាត់បានថែមទៀតផង។
៣ កោះរ៉ុង
ចំណាយពេលជិះនាវាទេសចរណ៍ប្រមាណត្រឹមតែមួយម៉ោងពីឆ្នេរនៃក្រុងព្រះសីហនុ ប្រិយមិត្តអាចទៅដល់កោះរ៉ុងបានយ៉ាងងាយ។ កោះដ៏ស្រស់ស្អាតមួយនេះត្រូវបានចាត់ទុកថា ជាតំបន់ទេសចរណ៍មួយដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមមកកម្សាន្តឥតដាច់ ជាពិសេសគឺចំពេលវិស្សមកាលរដូវក្ដៅ។ សម្រស់នៃធម្មជាតិ ឆ្នេរខ្សាច់សស្អាត ផ្ទៃទឹកថ្លាដូចកញ្ចក់ និង ខ្យល់អាកាសបរិសុទ្ធ បានទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនរូបអោយឆ្ពោះមកកាន់កោះឋានសួគ៌នេះជានិច្ច។
៤ ទំនប់ម្លេច
មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣ ហើយបទស្ដាំចូលប្រហែល៦ គីឡូម៉ែត្រទៀត ទំនប់ម្លេច គឺជាឈ្មោះរមណីយដ្ឋានមួយកន្លែងដែលមានទេសភាពធម្មជាតិយ៉ាងល្អក្រៃលែង។ រមណីយដ្ឋានដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពត និង ខេត្តតាកែវមួយនេះបានធ្វើអោយភ្ញៀវទេសចរណ៍គ្រប់រូបស្លុងអារម្មណ៍ជាមួយនឹងសម្រស់នៃបឹងធម្មជាតិ អមជាមួយភ្នំនៅសងខាង ព្រមទាំងមានសត្វស្លាបជាច្រើនប្រភេទនៅទីនោះទៀតផង។ មិនតែប៉ុណ្ណោះ ភ្ញៀវក៏អាចងូតទឹកលេង និង រីករាយជាមួយអាហារដ៏ឆ្ងាញ់នៅតាមតូបលំហែកាយនៅទីនោះទៀតផង។
៥ បឹងយក្សឡោម
បឹងយក្សឡោមគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីមួយរបស់កម្ពុជាដែលមានទីតាំងស្ថិតនៅក្នុងខេត្តរតនគីរី។ ដោយសារបឹងនេះពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ ភាពស្ងប់ស្ងាត់នៃធម្មជាតិ និង ព្រៃព្រឹក្សាដែលដុះព័ទ្ធជុំវិញបឹងនេះ វាបានបង្កើតនូវអារម្មណ៍ដ៏រូម៉ែនទិចសម្រាប់ភ្ញៀវទេសចរណ៍អោយមកលេងកម្សាន្ត និង ងូតទឹកនៅបឹងនេះ។ ប៉ុន្តែចំពោះអ្នកដែលមិនសូវចេះហែលទឹកវិញ អ្នកក៏ត្រូវប្រុងប្រយ័ត្នអោយមែនទែនផងដែរ។ យល់ល្អអ្នកគួរមានអាវពោងអណ្ដែតទឹកពាក់ជាប់ខ្លួន និង ចងខ្សែអោយជាប់មុននឹងចុះទៅហែលទឹកលេងក្នុងបឹងមួយនេះ។
អត្ថបទ៖ ចន្ថា