គ្រូល្បី ជ័យ ថាវី បង្ហាញបច្ចេកទេសប្រើសារធាតុគីមី លាងសារធាតុគីមីពីបន្លែ
- 2017-04-05 09:05:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូល្បី ជ័យ ថាវី បង្ហាញបច្ចេកទេសប្រើសារធាតុគីមី លាងសារធាតុគីមីពីបន្លែ
ចន្លោះមិនឃើញ
ការប្រើថ្នាំគីមីបាញ់លើបន្លែ ជាវិធីការពារ និងកម្ចាត់សត្វល្អិតចង្រៃ ដ៏ពេញនិយមរបស់ប្រជាកសិករ ប៉ុន្តែទង្វើនេះបានធ្វើឱ្យប៉ះពាល់ខ្លាំង ដល់សុខភាពអ្នកទទួលទាន។ ដោយមើលឃើញ និងចង់ឱ្យប្រជាជនខ្មែរ យល់ដឹងពីបញ្ហានេះ លោកគ្រូ ជ័យ ថាវី ប្រធានដេប៉ាត់ម៉ង់គីមី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញបច្ចេកទេស ប្រើសារធាតុគីមី លាងសារធាតុគីមីពីបន្លែ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្លែណាមានសត្វល្អិតស៊ីស្លឹក បង្ហាញថា ជាបន្ថែធម្មជាតិ ប៉ុន្តែមិន ១០០% ទេ ដោយលោកគ្រូ ជ័យ ថាវី ប្រាប់ក្នុងន័យថា មេមិនដែលនៅក្រោមកូនឡើយ។
“យើងចំណាំឱ្យបន្លែណាដង្កូវស៊ីច្បាស់ជាធម្មជាតិ តែអ្នកដាំខ្លះឆ្លាត សត្វល្អិតស៊ីហើយ បានបាញ់ថ្នាំតាមក្រោយ។ អ៊ីចឹងវិធីដែលល្អ មានតែប្រើទឹកលាងបន្លែ សូលុយស្យុង ប៉ូតាស្យូម ពែម៉ង់កាណាត"។
របៀបប្រើ
-ទឹកសូលុយស្យុង ប៉ូតាស្យូម ពែម៉ង់កាណាត ១ មីលីលីត្រ ប្រើទឹក ១ លីត្រ (ទឹកប៉ុន្មានលីត្រ ត្រូវដាក់សូលុយស្យុងប៉ុណ្ណឹងដែរ) -ត្រូវត្រាំបន្លែរយៈពេល ១០ នាទី -បន្ទាប់មក លាងសម្អាតបន្លែដោយប្រើទឹកស្អាត ២ ឬ ៣ ដងជាការស្រេច។ នោះបន្លែដែលមានជាតិគីមី នឹងប្រែក្លាយជាបន្លែធម្មជាតិ គ្មានជាតិពុល
លោកបន្តថា ទឹកលាងបន្លែនេះ គឺអាចលាងជម្រះសារធាតុគីមី ចេញពីបន្លែបាន ១០០%។ "យើងប្រមូលបន្លែនៅភ្នំពេញជាពិសេសផ្សារដើមគរតែម្ដង មកធ្វើពិសោធន៍។ លទ្ធផលបង្ហាញថា យើងបានជោគជ័យ។ យើងបានធ្វើពិសោធរយៈពេល ៦ ខែ ហើយទឹកលាងបន្លែនេះទៀតសោត មិនធ្វើឱ្យប៉ះពាល់សុខភាពឡើយ...មិនពាក់ស្រោមដៃក៏បាន"។
ទស្សនាវីដេអូ!
https://www.youtube.com/watch?v=resESJOx1Hk&feature=youtu.be
ការបង្ហាញរបស់ជ័យ ថាវី បានធ្វើឡើងកាលពីម្សិលមិញ នៅហាងបម្រើសេវាម្ហូបអាហារ និងដឹកជញ្ជូនដល់ទីកន្លែង "ខ្ទឹមស" ដែលនឹងបើកឱ្យដំណើរ ក្នុងពេលឆាប់ៗខាងមុខ ហើយនេះក៏ជាលើកទីមួយដែរ ដែលលោកគ្រូគីមីវិទ្យាបានធ្វើបទបង្ហាញបង្ហាញ។
ម្ចាស់ហាង "ខ្ទឹមស" លោក ប៉ែន មិថុនា ប្រាប់ Sabay ថា ការបង្ហាញនេះក៏ដោយសារតែ មិនសូវជាមានហាងច្រើនទេ ដែលប្រើទឹកលាងបន្លែសូលុយស្យុង ប៉ូតាស្យូម ពែម៉ង់កាណាត។ ម្យ៉ាងចង់បង្ហាញថា ក្រៅបម្រើអាហារដល់ភ្ញៀវ ម្ចាស់ហាងក៏ត្រូវគិត ដល់សុខភាពអតិថិជនជាចម្បងផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ "អ្នកណាក៏អាចធ្វើអាហារឆ្ងាញ់ដែរ តែអ្វីដែលសំខាន់គឺសុខភាព និងអនាម័យ"។
បើប្រិយមិត្តចង់បានព័ត៌មានលំអិតពីទឹក សូលុយស្យុង ប៉ូតាស្យូម ពែម៉ង់កាណាត អាចទាក់ទងម្ចាស់ហាងលោក ប៉ែន មិថុនា ០១២ ៧៧៧ ០៨៤ ឬលោកគ្រូ ជ័យ ថាវី ០១៦ ៨៣ ៨៣ ៧៩៕
អត្ថបទ៖ អ៊ុំ សុភក្តិ
រូបទូរសព្ទដៃ