មហោស្រព​អាស៊ាន​បូក​បី ត្រលប់​មក​វិញ​ម្ដង​ទៀត​ហើយ

  • 2018-03-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​រៀបចំ​មហោស្រព​អាស៊ាន​បូក​បី​កាល​ពី​ឆ្នាំ​ ២០១៧ (ASEAN Plus Three Festival 2017) ម្ដង​រួច​មកហើយ​នោះ​ ឥលូវ​ឆ្នាំ​២០១៨​នេះ​កម្ម​វិធី “មហោស្រពអាស៊ានបូកបី” (ASEAN Plus Three Festival)​ នឹង​រៀប​ចំម្ដង​ទៀត​ដោយ​និស្សិត​ខាង​​ដេបាតឺម៉ង់​សិក្សា​អន្តរ​ជាតិ​នៃ​សាកលវិទ្យាល័យខេមរភូមិន្ទ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិវេណ​ វិទ្យាស្ថាន ភាសាបរទេស​នៃ​សាកលវិទ្យាល័យខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ២០១៨ វេលា​ម៉ោង ០៨:00 ព្រឹក ដល់ ០៦:00 ល្ងាច ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជូន ណារ៉ុន ​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា  ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ស្ថានទូត​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ព្រម​ទាំង​តំណាង​ស្ថានទូត​នៃប្រទេសជប៉ុន ចិន និង​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា និង​និស្សិត​សរុប​ប្រមាណ​ជាង ៨,០០០នាក់។

មហោស្រព​អាស៊ាន​បូក​បី មាន​គោល​បំណង​ចែក​រំលែកបទ​ពិសោធន៍ និង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​កិច្ច​សហប្រតិបត្តិការរបស់ប្រទេសសមាជិកអាស៊ាន និង​ដៃ​គូ​ពិភាក្សា​ក្នុង​តំបន់​មាន​ដូច​ជា​ប្រទេស​ចិន ជប៉ុន​ និង​កូរ៉េខាងត្បូង។ មហោស្រព​នេះ​ក៏​នឹង​បង្ហាញ​ពី​សក្តានុពលទេសចរណ៍ និង​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​បូក​បី ក៏​ដូច​ជា​ជំរុញ​សក្តានុពល​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង   កសាង​ទំនុក​ចិត្ត​ក្នុង​កិច្ច​សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​សម្រាប់​តំបន់​នាពេលអនាគត។

លក្ខណៈ​ពិសេស​នៃ​មហោស្រព​អាស៊ាន​បូកបី​ឆ្នាំ​នេះ​មាន​ដូចជា៖

១.ស្តង់​ពិពរ​ណ៌​អំពី​ប្រទេស​នីមួយៗ​ ស្តី​អំពី​ប្រជាជន សង្គម សេដ្ឋកិច្ច និង​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​ប្រទេស​អាស៊ាន​បូកបី

២.ពិពរណ៌​ម្ហូប​អាហារ​ជាតិ

៣.ពិពរណ៌​វត្ថុ​អនុស្សាវរីយ៍

៤. ល្បែង​ប្រពៃណី

៥.ការ​បញ្ចាំង​វីដេអូឯកសារអំពីប្រវត្តិសាស្ត្រ ការវិវឌ្ឍន៍ ថ្មីៗ និង​វិស័យ​ទេសចរណ៍

៦.ការ​សម្តែង​សិល្បៈប្រពៃណី និង

៧.ស្តង់​សំនួរ​កម្សាន្ត​អាស៊ាន​បូក​បី។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង កញ្ញា ជរ ស៊ាវអ៊ីង ប្រធាន​ក្រុម​ផ្សព្វផ្សាយ និង​ព័ត៌មាន​នៃ​មហោស្រព​អាស៊ាន​បូក​បី​តាម​រយៈ​លេខទូរស័ព្ទ៖ ០១៧ ៥៧៨ ៦០០  ឬ​គេហទំព័រASEAN + 3 Festival


អត្ថបទ៖ chanvutha yin