តោះ! មកដឹងពីប្រវត្តិ និងរឿងរ៉ាវខ្លះៗអំពីនំបញ្ចុកខ្មែរ
- 2022-05-24 09:22:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងពីប្រវត្តិ និងរឿងរ៉ាវខ្លះៗអំពីនំបញ្ចុកខ្មែរ
ចន្លោះមិនឃើញ
«នំបញ្ចុក» គឺជាមុខម្ហូបមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្ត ដែលវាកើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ សម្រាប់ជាម្ហូបអាហារគ្រាន់សម្រាប់បំពេញក្រពះផង និង មាននៅក្នុងពិធីជប់លៀងផ្សេងៗផងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។
នំបញ្ចុក មានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយទឹក រួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេសង្កត់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ ក្រោយមកគេហៅកាត់ៗថា នំបញ្ចុក មិនខុសអីពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្តើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយ កន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្តប់…។ល។
ជាទូទៅ នំបញ្ចុក មានជីរជាតិសំខាន់ច្រើនយ៉ាង ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀតដូចជា៖ មានទឹកសម្ល និង របោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និង តាមតំបន់នីមួយៗ។ ទៀតសោត នំបញ្ចុក ក៏បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ ដែលវាសឹងតែជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្ដងម្កាលថែមទៀតផង។
ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបនំបញ្ចុកក៏បានក្លាយជាមុខរបរមួយដ៏ប្រសើរប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើង។ ជាក់ស្ដែងជារឿងដ៏គួរឲ្យរំភើប និងមោទកភាពខ្លាំងបំផុតនោះគឺ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានកំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះ «នំ បញ្ចុក» ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។
អត្ថបទ៖ Tep Sovannmoly