៥កន្លែងហ៊ុមព័ទ្ធដោយធម្មជាតិនៅប៉ៃលិន សែនឆ្ងាយមិនសូវមានអ្នកទៅដល់
- 2018-07-12 23:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥កន្លែងហ៊ុមព័ទ្ធដោយធម្មជាតិនៅប៉ៃលិន សែនឆ្ងាយមិនសូវមានអ្នកទៅដល់
ចន្លោះមិនឃើញ
ប៉ៃលិន ជាខេត្តមួយស្ថិតនៅជ្រុងខាងជើងនៃជួរភ្នំក្រវាញ ភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រំដែនជាប់ប្រទេសថៃ។ ដោយសារតែខេត្តនេះមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ និងមិនសូវជាល្បីខាងតំបន់កម្សាន្តផងនោះ ទើបបានជាប្រជាជនទូទៅមិនសូវទៅលេងនៅខេត្តប៉ៃលិនឡើយ។ យ៉ាងណាមិញ ក្នុងខេត្តប៉ៃលិន ក៏មានកន្លែងដើរលេងច្រើនណាស់ដែរ ធានាថាពេលទៅដល់ហើយនឹងស្ងើចសរសើរមិនខាន៖
១. ភ្នំយ៉ាត
អ្នកធ្វើដំណើរស្ទើរគ្រប់គ្នា ដែលបានឆ្លងកាត់ខេត្តប៉ៃលិន រមែងសំចតនៅភ្នំយ៉ាត ដើម្បីចុះទៅបួងសួងរូបសំណាកយាយ យ៉ាតដែលនៅលើភ្នំនេះ សុំសេចក្ដីសុខសប្បាយហើយជាពិសេសនោះ គឺគេតែងតែចូលទៅបួងសួង សុំរកស៊ីមានបាន សុំកូន សុំលក់ដី-ធ្លីជាដើម ហើយតែងតែសម្រេចដូចក្ដីប្រាថ្នា។
២. កន្លែងលក់ត្បូង
នៅពេលធ្វើដំណើរមកដល់ភ្នំយ៉ាតហើយ ហួសតែបន្តិចប៉ុណ្ណោះ អ្នកទាំងអស់គ្នានឹងបានឃើញកន្លែងលក់ត្បូងជាច្រើន ដែលមួយកន្លែងៗសុទ្ធតែមានត្បូងគ្រប់ប្រភេទ អាចឱ្យប្រិយមិត្តរើសបានតាមតម្រូវការ។ ដោយត្បូងទាំងនេះ សុទ្ធតែធ្វើឡើងដោយដៃកូនខ្មែរសុទ្ធសាធ។
៣. ភ្នំខៀវ
ទឹកជ្រោះភ្នំខៀវ ជារមណីយដ្ឋានមួយបែបធម្មជាតិ ដែលស្ថិតនៅលើភ្នំខៀវផ្ទាល់តែម្ដង។ អ្នកទៅលេងនៅប៉ៃលិនភាគច្រើនមិនដែលរំលងទឹកជ្រោះនេះឡើយ ព្រោះវាមានទេសភាពស្អាត និងមានដល់ទៅ៧ជាន់ឯណោះ។ អ្វីដែលកាន់តែល្អសម្រាប់ភ្ញៀវទេសចរនោះ គឺអ្នកដំណើរទាំងអស់អាចបើកឡានឡើងដល់កន្លែងទឹកធ្លាក់តែម្ដង ដែលនេះជាការងាយស្រួលមួយសម្រាប់អ្នករាល់គ្នា ស្របពេលនៅលើនោះ មានកន្លែងលក់របស់របរញ៉ាំមិនខ្វះនោះទេ។
៤. ទឹកធ្លាក់៣២ជាន់
ភ្នំក្បាលដំរី មានទឹកធ្លាក់៣២ជាន់ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលល្វា ស្រុកប៉ៃលិន ខេត្តប៉ៃលិន ដែលមានសម្រស់ស្រស់ផូរផង់លាក់កំបាំងខ្លួនកណ្ដាលព្រៃ ប្រៀបដូចត្បូងមិនទាន់ច្នៃ។ ប្រិយមិត្តដែលចង់ទៅលេងកន្លែងនេះ ត្រូវស្វែងរកអ្នកនាំផ្លូវម្នាក់ ទើបអាចងាយស្រួលធ្វើដំណើរឡើង។ ទឹកធ្លាក់នេះ មានទេសភាពតាមដងផ្លូវស្អាតមែនទែន ដែលកម្រនឹងបានឃើញ ខណៈអ្នកចូលចិត្តដើរកម្សាន្តមើលព្រៃព្រឹក្សាពិតជាលាន់មាត់ថា Wow ជាមិនខាន។
៥. ចម្ការផ្លែឈើ
ប៉ៃលិនជាខេត្តសំបូរផ្លែឈើមិនចាញ់ខេត្តនានានោះទេ ជាពិសេសគឺដំណាំហូបផ្លែតែម្ដង។ តាង៉ែន ឬមៀនប៉ៃលិន គឺជាដំណាំនាំមុខគេ ដោយប្រិយមិត្តទៅដល់កន្លែងណាក៏ឃើញដើមតាង៉ែននេះដែរ។ ប្រសិនបើអ្នកទាំងអស់គ្នា បានទៅដល់នៅខែដែលប្រមូលផល នោះពិតជាបានឃើញទេសភាពមួយយ៉ាងអស្ចារ្យបំផុត។
ប្រភព៖ srok ប្រែសម្រួល៖ chanvutha yin