ប្លែក​អារម្មណ៍​ទេសភាព​ស្អាតដូច​នៅ​អឺរ៉ុប​តែ​តាម​ពិត​ "ភូមិ​បារាំង​" នៅ វៀតណាម សោះ!

  • 2018-07-25 06:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ធ្លាប់​តែ​ទៅ​ដើរ​លេង​នៅ​ប្រទេស​វៀតណាម​ដើម្បី​មើល​ទេសភាព​ស្អាតៗ​និង​ដើរ​ញ៉ាំ​អាហាររបស់​ជនជាតិ​វៀតណាម​តែ​ប៉ុណ្ណោះ។ ចុះ​អ្នក​មាន​ដឹង​អត់​ថា​នៅ​ទីនោះមាន​តំបន់​មួយ​ដែល​រៀប​ចំ​ដូច​នៅ​ប្រទេស​បារាំង​មាន​អគារ​ប្រវត្តិសាស្ត្រ​ស្អាតៗ​ជា​ច្រើន។

មិន​តែ​ប៉ុណ្ណោះ​នៅ​តំបន់​ភូមិ​បារាំង​នោះ​ក៏​មាន​ភ្នំ​មួយ​ដែល​មាន​ទេសភាព​ស្រស់​បំព្រង​ជាមួយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​សម្រាប់​អ្នក​លំហែ​កាយ​បាន​ទៀត​ផង។ ភ្នំ​នោះ​មាន​ឈ្មោះ​ថា កូន​ភ្នំ Ba Na។

បើ​អ្នក​ជិះ​ឡាន​ចេញ​ពី​ Da Nang មក​គឺ​ចំណាយ​ពេល​ប្រហែល ៤៥នាទី។ កូន​ភ្នំ Ba Na នេះ​ស្ថិត​នៅ​ភ្នំ Truong Son ភាគ​ខាង​លិច​នៃ Da Nang។ តំបន់​នេះ​បាន​រក​ឃើញ​នៅ​ក្នុង​សម័យ​អាណានិគម​បារាំង​ឆ្នាំ ១៩១៩ រហូត​ដល់​៤ឆ្នាំ​មុន​មាន​អ្នក​វិនិយោគ​ជា​ច្រើន​មក​ដាក់​ទុន​នៅ​តំបន់​នោះ​ហើយ​ក៏​បាន​ផ្លាស់​ប្ដូរ​តំបន់​នោះ​ឲ្យ​ទៅ​ជា​កន្លែង​មួយ​យ៉ាង​ស្អាត​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន។

ដើម្បី​ធ្វើ​ដំណើរ​ទៅ​ភូមិ​បារាំង​នោះ​អ្នក​ត្រូវ​ជិះ​ខ្សែ​រ៉ក​ដែល​មាន​ប្រវែង ៥គីឡូម៉ែត ពី​ចំណុច​ចាប់​ផ្ដើម​ទៅ​ភូមិ​បារាំង​នោះ។ អ្នក​នឹង​រីក​រាយ​ជាមួយ​ទេសភាព​ធម្មជាតិ​តាម​ជ្រលង​ភ្នំ​ជាក់​ជា​មិន​ខាន។

ភូមិ​បារាំង​គឺ​ជា​ភូមិ​តូច​មួយ​ដែល​ស្អាត​ហើយ​ស្ទើរ​តែ​គ្រប់​អគារ​ទាំង​អស់​ត្រូវ​បាន​សាង​សង់​ឡើង​តាម​ម៉ូត​របស់​ប្រទេស​បារាំង​មាន​ទាំង​វិហារ​សាសនា​គ្រិស្ត​ ហាង ភោជនីយដ្ឋាន និង សណ្ឋាគារ។

ដោយ​សារ​តែ​ទី​នោះ​គឺ​ជា​តំបន់​ភ្នំ​ហេតុ​ដូច្នេះ​ហើយ​ទើប​ទី​នោះ​មាន​អាកាសធាតុ​ត្រជាក់​បូក​ផ្សំ​ទៅ​នឹង​អាគារ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ហាក់​បី​ដូច​ជា​អ្នក​កំពុង​តែ​ស្ថិត​នៅ​ប្រទេស​បារាំង​អីចឹង។ អ្វី​ដែល​កាន់​តែ​ដូច​ទៀត​នោះ​គឺ​មាន​ការ​សម្ដែង​នៅ​តាម​ដង​ផ្លូវ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិត​ជា​ប្លែក​ភ្នែក​និង​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​កាន់​តែ​មាន​អស្ចារ្យ៕

សូម​ទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ eatandtreats ប្រែ​សម្រួល៖ Sey