"Mission: Impossible Fallout” ខ្សែភាពយន្តបាញ់ប្រហារផ្សងពេ្រងដ៏អស្ចារ្យ

  • 2018-07-30 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត "Mission: Impossible Fallout” ដែលជាប្រភេទរឿងវាយប្រហារនិងសើុបអង្កេតដ៏ល្បីល្បាញរបស់លោក Ethan Hunt ដែលមនុស្សភាគច្រើនស្គាល់ថាជាលោក (Tom Cruise) ពេលនេះបានចាប់ផ្តើមចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជាហើយ។ ខ្សែភាពយន្តនេះនិយាយអំពីបេសកកម្មរបស់មនុស្សមួយក្រុម ក្នុងការការពារពិភពលោកពីការគំរាមដោយអាវុធនុយក្លេអ៊ែរ ហើយវាជាបេសកកម្មដ៏អស្ចារ្យមួយដែលមានត្រឹមតែមនុស្ស ៣ ទៅ៤ នាក់ប៉ុណ្ណោះ។

ឈុតឆាកនៅក្នុងរឿងនេះបានបង្ហាញពីសមត្ថភាពរបស់លោក Tom ក្នុងការសម្រេចចិត្ត និងការគ្រប់គ្រងពេលវេលាបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានបង្ហាញពីការហ៊ានប្រថុយជីវិត ដោយមិនខ្លាចបាត់បង់ជីវិត ដើម្បីបំពេញភារៈកិច្ចរបស់ខ្លួនឡើយ។

លោក Tom មិនរអែងក្នុងការលោតពីលើអាគារខ្ពស់ និង តោងខ្សែពួរ ឡើងឧទ្ធមាគចក្រ ដើម្បីប្រជែងជាមួយគូរបដិបក្សឡើយ ហើយលោកបានប្រថុយជីវិតក្នុងការតោង ឡើងលើជ្រលងភ្នំដែលមានកំពស់រាប់រយម៉ែត្រថែមទៀត។ មិនតែប៉ុណ្ណោះ វាក៏បានបង្ហាញពីការហ៊ានលះបង់សេចក្តីស្នេហា ដើម្បីបញ្ចប់បេសកកម្មមួយអោយចប់សព្វគ្រប់។

នៅមានឈុតឆាកប្លែកៗជាច្រើនទៀត ដែលធានាថាទស្សនិកជននឹងមិនស្តាយក្រោយ បន្ទាប់ពីទស្សនាខ្សែភាពយន្តដ៏អស្ចារ្យមួយនេះ។​​ ដើម្បីចង់ដឹងថារាល់ឈុតឆាករន្ធត់ប៉ុណ្ណា អ៊ីចឹងកុំភ្លេចទៅចូលរួមតាមដានបេសកកម្មរបស់ក្រុមលោក Tom Cruise ទាំងអស់គ្នា ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ២៧ខែកក្កដានេះតទៅ ។


អត្ថបទ៖ Nita