សម្រាប់អ្នក​ចូល​ចិត្ត​ដើរ​ផ្សង​ព្រេង​ដឹង​តែ​ពេញ​ចិត្ត​កោះ​នេះ​ហ្មង!

  • 2018-08-02 06:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 29

ចន្លោះមិនឃើញ

កោះ Coron គឺ​ជា​កោះ​មួយ​នៃ​ខេត្ត Palawan ប្រទេស​ហ្វីលីពីន។ កោះ​នេះ​គឺ​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្សង​ព្រេង។ ជាពិសេស​គឺ​ការ​ជ្រមុជ​ទឹក​លេង​ដែល​អ្នក​អាច​ឃើញ​ច្រាំង​ថ្ម​ធំៗ​ប្លែក​ភ្នែក។ អ្នក​អាច​ជិះ​ទូក​កាយាក ឬ​លេង​បាល់ទះ​នៅ​ឆ្នេរ Atwayan ការ​ដើរ​ផ្សង​ព្រេង​ក្នុង​ព្រៃ ជិះ​សេះ​មើល​ទេសភាព និង​បោះតង់​នៅ​តាម​កោះ​ដែល​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល​អ្នក​គួរ​តែ​ធ្វើ​នៅ​ពេល​ដែល​អ្នក​ទៅ​ដល់​កោះ Coron នេះ៖

១. ឡើង​ភ្នំ​ Tapyas

អ្នក​អាច​សាក​ស្រមៃ​បាន​ថា​នៅ​ពេល​ដែល​អ្នក​ឡើង​ដល់​ភ្នំ​នេះ​ជាមួយ​នឹង​អាកាសធាតុ​ត្រជាក់​និង​ទឹក​សន្សើម​បក់​មក​ជាមួយ​ខ្យល់​ត្រជាក់​តិចៗ ហើយ​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក​គឺ​ទេសភាព​សមុទ្រ​ដែល​មាន​ពណ៌​ខៀវ​ស្រងាត់។ ភ្នំ Tapyas គឺ​ជា​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​លេខ២​នៅ​ កោះ Coron ដែល​ជា​តំបន់​ទេសចរណ៍​មួយ​អាច​ឲ្យ​អ្នក​រីករាយ​ជាមួយ​នឹង​ទេសភាព​ធម្មជាតិ​ហើយ​នឹង​គយគន់​ថ្ងៃលិច​ដ៏​សែន​រ៉ូមែនទិច។

២. Boodle Fight

អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​អ្វី​ទៅ​ជា Boodle Fight។ នៅ​ប្រទេស​ហ្វីលីពីន​Boodle Fight ជាទូទៅ​គឺ​ជា​ម្ហូប​​ដាក់​ចូល​គ្នា​ដ៏​វែង​ដែល​គេ​ប្រើ​ស្លឹក​ចេក​ជំនួស​ចាន​និង​ញ៉ាំ​ដោយ​ដៃ។

៣. Coron Island Hopping Tour

អ្នក​អាច​ចំណាយ​ពេល​ប្រហែល​ជា​កន្លះ​ថ្ងៃ​ដើម្បី​ដើរ​ជា​ក្រុមដោយ​គេ​នឹង​នាំ​អ្នក​ទៅ​លេង​កោះ​៣​ដែល​នៅ​ជិតៗ​នោះ។ កោះ​ទី១​គឺ​កោះ Diatoy ជា​កោះ​ដែល​ស្ងប់​ស្ងាត់​ព្រោះ​នៅ​ទី​នោះ​មិន​មាន​មនុស្ស​រស់​នៅ​ឡើយ។ ឆ្នេរ​ខ្សាច់​ពណ៌​ស​នៅ​លើ​កោះ និង​ទឹក​ដ៏​ថ្លា​ដែល​អ្នក​អាច​មើល​ឃើញ ត្រី Clownfish ត្រីAngelfish និង​ត្រីParrotfish។

កោះ​ទី២​គឺ​កោះ Dimalanta ដែល​មាន​ទឹក​ថ្លា​ដូច​ជា​គ្រីស្តាល់​ហើយ​អ្នក​ក៏​អាច​ឃើញ​បង្គា​ម្យ៉ាង​ដែល​មាន​ពណ៌​ចម្រុះ។

កោះ​ទី៣​គឺ​ជា​កោះ Malpagalen ឬ​កោះ​ដែល​អត់​មាន​ដើម​ឈើ។

កោះ​នេះ​មាន​ភាព​ទាក់ទាញ​ដោយ​សារ​តែ​ទ្រង់ទ្រាយ​ថ្ម​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ច្រាំង​ថ្ម​កំបោរ​ដ៏​អស្ចារ្យ។

៤. ទៅ​លេង​បឹង​ Kayangan Lake

អ្នក​ត្រូវ​ឡើង​ភ្នំ​ដែល​ចំណាយ​ពេល​ប្រហែល​ជា​១០ទៅ​១៥​នាទី។ នៅ​ពាក់​កណ្ដាល​ផ្លូវ​អ្នក​នឹង​ឃើញ​ទេសភាព​ពី​ចំងាយ​ដែល​អ្នក​អាច​មើល​ឃើញ​បឹង​ទឹក​ប្រៃ​នេះ។ Kayangan Lake មាន​ន័យ​ថា​បឹង​ដែល​ថ្លា​ជាង​គេ​នៅ​ប្រទេស​ហ្វីលីពីន​ដែល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ទេសភាព​ច្រាំង​ថ្ម​ដែល​ការពារ​ដោយ​ពួក​កុលសម្ព័ន្ធ Tagbanua។ បឹង​នេះ​៧០%​ជា​ទឹក​សាប​និង​៣០%​ជា​ទឹក​ប្រៃ។

ភាគច្រើន​ភ្ញៀវ​ទេសចរ​ហែល​ទឹក​ឬ​ក៏​ជ្រមុជ​ទឹក​លេង ហើយ​អ្នក​ខ្លះ​ក៏​បណ្ដែត​ខ្លួន​លេង​ដោយ​ពាក់​អាវ​ពោង។

៥. ទៅ​មើល​សត្វ Dugong

សត្វ Dugongគឺ​ជា​សត្វ​ផ្សោត​ម៉្យាង​ដែល​មាន​កន្ទុយ​ស្រដៀង​នឹង​ត្រី Dolphin និង​មាត់​ស្រួច​ដែល​អាច​កាត់​ស្មៅ​សមុទ្រ​ស៊ី​ជា​អាហារ​បាន។ Dugong ខ្លាច​សំឡេង​ដែល​ខ្លាំងៗ ហើយ​ពួក​វា​ហែល​ទឹក​បាន​លឿន​ទៀត​ផង។ សម្រាប់​អ្នក​ដែល​ស្រលាញ់​សត្វ​ប្រាកដ​ជា​ពេញ​ចិត្ត​ជា​មិន​ខាន៕


ប្រភព៖ greenglobaltravel ប្រែ​សម្រួល៖ Sey