៤​ចំណុច​របស់ប្រទេស​ថៃ​ជំរុញ​ថាមពល​នៃ​​ដំណើរ​ផ្សង​ព្រេង​​របស់​ខ្ញុំ

  • 2018-08-03 00:40:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ប្រ​ទេស​ថៃ​ជា​ប្រទេស​​មួយ​​ក្នុង​ចំណោម​ប្រទេស​ដែល​ខ្ញុំ​ចូល​ចិត្ត​ជុំ​វិញ​ពិភព​លោក​។​ ថៃ​ប្រៀប​ដូច​ជា​ទី​ជម្រក​ដ៏​កក់​ក្ដៅ​សម្រាប់​ខ្ញុំ​ពេល​បាន​ទៅ​ដល់​​ និង​ជា​ចំណែក​ដែល​ជំរុញ​ថាមពល​ក្នុង​​ដំណើរ​ផ្សង​ព្រេង​​របស់​ខ្ញុំ។ អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​​ហើយ​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ការ​ផ្សង​ព្រេង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ជុំ​វិញ​ពិភព​លោក​ហើយ​ប្រទេស​ថៃ​ជា​ទី​កន្លែង​មួយ​ដែល​ខ្ញុំ​ចំណាយ​ពេល​វេលា​រស់​នៅ​យូរ​ជាង​គេ។ មិន​ថា​ខ្ញុំ​បាន​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ទេ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​អ្វីៗ​គ្រប់​យ៉ាង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា​ភាព​អស្ចារ្យ​មួយ​នេះ​នៅ​តែ​មាន​ជា​រៀង​ដ៏​រាប​​​មិន​ចេះ​រីង​ស្ងួត។​ ខ្ញុំ​ចង់​ចែក​រំលែក​នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ភាព​ត្រេក​ត្រអាល​នឹង​ទឹក​ដី​ដ៏​ផូរផង់​មួយ​នេះ​ដែល​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់​។​

រូបតំណាង

១. ​បទពិសោធន៍​ដែល​បាងកក​​ផ្ដល់​ឱ្យ

​​​ពេល​ដែល​ខ្ញុំ​មក​ដល់​ទីក្រុង​បាងកក​ជា​លើក​ដំបូង​ខ្ញុំ​មិន​ចូល​ចិត្ត​ទីក្រុង​នេះ​ទេ​ពី​ព្រោះ​មាន​សំឡេង​រំ​ខាន​​ អាកាសធាតុ​ក្ដៅ​ខ្លាំង​ ភាព​អ៊ូអរ​​ ភាព​កង្វក់​ដូច​ជា​ផ្សែង​ពី​យានយន្ត និង​មនុស្ស​ជា​ច្រើន​ដើរ​ទៅ​មក​មិន​ឈប់​ឈរ។​ ប៉ុន្តែ​បន្ទាប់​​ពី​ការ​រស់​នៅ​អស់​មួយ​រយៈ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ្ញុំ​យល់​ថា​ទី​ក្រុង​នេះ​​ពិត​ជា​ស្រស់​ស្អាត​​​ និង​មាន​អាថ៌កំបាំង​ជា​ច្រើន​រង់​ចាំ​អ្នក​ចង់​ដឹង​ឮ​​អំពី​វា។​ ទី​ក្រុង​បាងកក​ប្រៀប​ដូច​ជា​​​ស្រទាប់​នៃ​ខ្ទឹម​បារាំង​អញ្ចឹង​។​ មាន​កន្លែង​ជា​ច្រើន​ដែល​អ្នក​ទេសចរណ៍​​​ស្នាក់​នៅ​រយៈ​ពេល​ខ្លី​អាច​នឹង​ទៅ​មិន​ដល់​។ នៅ​​ បាងកក​ មាន​កម្មវិធី​សប្បាយ​​ៗ​ជា​ច្រើន​​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ មាន​អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​ទោះ​បី​ជា​វា​ត្រូវ​បាន​គេ​លក់​ ​និង​ចម្អិន​នៅ​តាម​ដង​ផ្លូវ​ក៏​ដោយ។​ មនុស្ស​ជាច្រើន​ចេញ​មក​លំហែ​កាយ​បណ្ដើរ​ញ៉ាំអាហារ​បណ្ដើរ​ជា​មួយ​សំឡេង​អ៊ូអរ​ពេញ​ទី​សាធារណៈ​រួម​ទាំង​ស្នាម​ញញឹម​​ដែល​មាន​នៅ​លើ​ផ្ទៃ​មុខ​មនុស្ស​ម្នាក់​ៗ​ហាក់​មាន​ភាព​រីក​រាយ​នឹង​អាហារ​ដែល​ពួក​គេ​កំពុង​ញាំ​និង​បរិយាកាស​ជុំវិញ​ជា​ខ្លាំង​។​

២. ញ៉ាំម្ហូប​ថៃ​ឆ្ងាញ់​ៗ

ម្ហូប​ថៃ​ត្រូវ​បាន​គេ​ស្គាល់​ជុំវិញ​ពិភព​លោក​ថា​វា​មាន​រសជាតិ​ឆ្ងាញ់​ ហើយ​មិន​បាច់​សង្ស័យ​ទេ​ថា​វា​រឹត​តែ​ឆ្ងាញ់​ថែម​ទៀត​នៅ​ប្រទេស​ថៃ​តែ​ម្ដង។​ ប្រភេទ​អាហារ​ដែល​ឆ្ងាញ់​បំផុត​​គឺ​ត្រូវ​បាន​គេ​លក់​នៅ​តាម​តូប​លើ​​ដង​ផ្លូវ​​ដែល​មាន​លក់​ម្ហូប​មាន​រស់​ជាតិ​ឆ្ងាញ់​បំផុត​និង​ហិល​បំផុត​។​ គ្រាន់​តែ​រក​មើល​តូប​ណា​ដែល​មាន​ភាព​អ៊ូអរ​នោះ​អ្នក​នឹង​អាច​បាន​រសជាតិ​ក្នុង​ក្ដី​ស្រមៃ​បាន​ហើយ។​ ម្ហូប​ដែល​ខ្ញុំ​គិត​ថា​ឆ្ងាញ់​បំផុត​ហើយ​អ្នក​គួរ​តែ​សាក​មាន​ដូច​ជា Khao Soi, Pad Kra Pao, Som Tam និង Laab។​

៣. រៀន​ធ្វើ​ម្ហូប​ថៃ

រូបតំណាង

​​អ្នក​អាច​រក​កន្លែង​រៀន​ធ្វើ​ម្ហូប​នៅ​ទូទាំង​ប្រទេស​ថៃ​​។​ ប៉ុន្តែ​ឈៀងម៉ៃ​ជា​ទីកន្លែង​ដ៏​ល្បី​សម្រាប់​អ្នក​ចង់​រៀន​ធ្វើ​ម្ហូប​ថៃ​។​

៤. ទៅ​មើល​ត្រី​នៅ​បាត​សមុទ្រ

រូបតំណាង

នៅ​ប្រទេស​ថៃ​មាន​កន្លែង​សម្រាប់​មុជ​ចុះ​ទៅ​បាត​សមុទ្រ​មើល​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​នៅ​ទី​ជម្រៅ​នៃ​បាត​សមុទ្រ​នោះ​។​ ហើយ​ការ​មុជ​ចុះ​ទៅ​បាត​សមុទ្រ​លេង​​កម្សាន្ត​មាន​តម្លៃ​សមរម្យ​។​ កន្លែង​ទាំង​នោះ​មាន​ដូច​ជា​​​កោះ Ko Tao កោះ​ Similan កោះ​ Surin ជា​កន្លែង​ពេញ​និយម​ និង​ជា​តំបន់​សំបូរ​ទៅ​ដោយ​​ផ្កា​ថ្ម​មាន​សម្រស់​ស្រស់​ឆើតឆាយ​​ លម្អ​ទៅ​ដោយ​​ពពួក​ត្រី​ប្លែក​ៗ​មាន​ពណ៌​ស្រស់​ៗ​ស្អាតៗ​​​ហែល​លេង​យ៉ាង​រីក​រាយ​ទាំង​ហ្វូង​ៗ។​ វា​ជា​អ្វី​ដែល​ប្លែក​សម្រាប់​មនុស្ស​ទូទៅ​មិន​ងាយ​បាន​ឃើញ​ទេ។​ បាន​ឃើញ​ហើយ​នឹង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ធម្មជាតិមាន​សម្រស់​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​​។​ ហើយ​វា​មាន​នៅ​ទី​កន្លែង​អាថ៌កំបាំង​​ជា​ច្រើន​នៅ​លើ​ភព​ផែន​ដី​នេះ​។ យើង​​គួរ​តែ​សាក​ល្បង​អ្វី​ដែល​ប្លែក​និង​អ្វី​ដែល​មនុស្ស​ទូទៅ​មិន​ងាយ​មាន​ឱកាស​ធ្វើ​វា​៕

​ ​


អត្ថបទ៖ Sin Sovannleakhena