៤​កន្លែង​ដ៏​ស្រស់​ស្អាត​សម្រាប់​អ្នក​ចង់​ដើរ​លេង​ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ

  • 2018-09-29 10:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ជិត​ចូល​មក​ដល់​ហើយ​ បន្ទាប់​ពី​ទៅ​វត្ត​ប្រគេន​ចង្ហាន់​នោះ​អ្នក​ប្រាកដ​ជា​ចង់​ទៅ​ដើរ​លេង​​លំហែ​កាយ​ឲ្យ​ស្រស់​ស្រាយ​ម្ដង​ហើយ​។ ៤​កន្លែង​នេះ​សុទ្ធ​តែ​ជា​កន្លែង​ដែល​ស្អាត​និង​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ប្លែក​ពី​ទី​ក្រុង៖

១. រមណីយដ្ឋាន​ទំនប់​ម្លេច ខេត្ត​កំពត

នៅ​តាម​ដង​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​នេះ​ អ្នក​នឹង​ឃើញ​ភ្នំ​នារាយណ៍​និង​ភ្នំ​មេអំបៅ រួម​ជាមួយ​នឹង​ចម្ការ​ដំណាំ​ជា​ច្រើន​ដែល​អម​សង​ខាង​ផ្លូវ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ស្រស់​ស្រាយ​បាត់​អស់​ទុក​កង្វល់។ នៅ​រមណីយដ្ឋាន​នោះ​មាន​ខ្ចោះ​តូចៗ​សម្រាប់​ឲ្យ​អ្នក​អង្គុយ​ស្រស់​ស្រូប​អាហារ​នឹង​គយគន់​ទេសភាព​ព្រៃ​ភ្នំ​ជាមួយ​នឹង​ទឹក​ដ៏​ថ្លា។

រមណីយដ្ឋាន​ទំនប់​ម្លេច​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ ព្រំប្រទល់​រវាង​ខេត្ត​កំពត និង​ តាកែវ ក្នុង​ឃុំ​ជ្រេស ស្រុក​ជុំគិរី ខេត្ត​កំពត មាន​ចម្ងាយ​ប្រមាណ ៩០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

២. ជិះ​កង់​លើ​អាកាស​នៅ​ខេត្ត​សៀមរាប

ការ​កម្សាន្ត​បែប​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា​យើង​ ឥឡូវ​នេះ​មាន​នៅ​ខេត្ត​សៀមរាប​ហើយ។ ការ​ជិះ​កង់​លើ​ខ្សែ​រ៉ត​នេះ​មាន​កម្ពស់​រហូត​ដល់​ទៅ ១៥ម៉ែត្រ​ពី​ដី និង មាន​ប្រវែង​ ២០០ម៉ែត្រ ដែល​អ្នក​អាច​ទៅ​លេង​កម្សាន្ដ​បាន​នៅ​ រមណីយដ្ឋាន ឋានសួគ៌​ត្រាវ​កុដ្ឋ ស្ថិត​នៅ​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។

៣. ទឹក​ជ្រោះ​ចំបក់​ ខេត្ត​កំពង់​ស្ពឺ

ទឹក​ជ្រោះ​ចំបក់​នេះ​ជា​រមណីយដ្ឋាន​មួយ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ដែល​មាន​លក្ខណៈ​ស្ងប់ស្ងាត់ សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ខៀវ​ស្រងាត់ លឺ​តែ​សូរសម្លេង​បក្សាបក្សី ជាមួយ​នឹង​សូរសម្លេង​ទឹក​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្លេច​អស់​នូវ​ភាព​នឿយ​ហត់​ទាំង​ប៉ុន្មាន។

រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ។

៤. ឆ្នេរ​នេសាទ ខេត្ត​កោះកុង

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​លេង​ជួប​ជុំ​មិត្តភ័ក្ដិ បោះ​តង់​លេង​កម្សាន្ត​នោះ​អ្នក​អាច​សាក​ល្បង​ទៅ​ឆ្នេរ​នេសាទ​នេះ​បាន​ព្រោះ​ទី​នោះ​មាន​ភាព​ស្ងប់ស្ងាត់ ដែល​អាច​ឲ្យ​អ្នក​រីក​រាយ​ជាមួយ​នឹង​ទេសភាព​ដ៏​សែន​ស្រស់​ស្អាត​នេះ​បាន។

ឆ្នេរ​ដ៏​ស្អាត​មួយ​នេះ​មាន​នៅ​ក្នុង​ភូមិនេសាទ ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ជា​ចំណុច​ពយ​ដូង​មួយ​ដែល​មាន​ឆ្នេរ​សមុទ្រ​ស្ងប់ស្ងាត់​ហើយ​ស្អាត​មិន​សូវ​មាន​អ្នក​ស្គាល់៕


អត្ថបទ៖ Sey