ទិវាដែលទាក់ទងនឹងព្រលឹង និងសេចក្តីស្លាប់ល្បីៗនៅលើពិភពលោក

  • 2017-07-21 07:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសាសនា និងវប្បធម៌នីមួយៗ គេតែងតែរកឃើញនូវប្រពៃណីដែលបង្ហាញពីជំនឿរបស់កុលសម្ព័ន្ធ ឬពពួកក្រុមប្រជាជនទាំងអស់នោះទៅលើព្រលឹងខ្មោច ឬដូនតា ការជឿទៅលើពិភពមួយដែលមនុស្សដែលស្លាប់ហើយនោះ និងទៅរស់នៅ។ ដើម្បីស្តែងជាការគោរពវិញ្ញាណក្ខន្ធរបស់មនុស្សទាំងឡាយដែលបានចែកឋានទៅហើយនោះ ខាងក្រោមគឺជាបុណ្យ/ទិវា ដែលទាក់ទងនឹងសេចក្តីស្លាប់ និងជំនឿលើព្រលឹងខ្មោចទាំង៤ដែលល្បីៗនៅលើពិភពលោក ហើយ​វា​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ពីធី​​បុណ្យ​ភ្ជុំបិណ្ឌនៃ​​ប្រទេស​យើ​ង​ដែរ។

១. ទិវាអូប៊ុន (Obon Festival)

នេះគឺជាទិវាឧទ្ទិសដល់ព្រលឹងខ្មោចដែលត្រូវបានគេប្រារព្ធឡើងនៅប្រទេសជប៉ុន នៅជុំវិញថ្ងៃ១៣ ទៅថ្ងៃទី១៦ ខែសីហា។ ប្រជាជនជប៉ុនមានជំនឿថា ពេលដល់ថ្ងៃខែនេះ ព្រលឹងវិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅនឹងមកលេងស្រុក ឬកូនចៅរបស់ខ្លួន។ ដូចនេះពួកគេនាំគ្នាដុតសញ្ញាជាអក្សរនៅលើភ្នំ ឬទួលដើម្បីជាការបង្ហាញផ្លូវ។ នៅថ្ងៃទី១៦ដែលជាថ្ងៃចុងក្រោយ ប្រជាជនជប៉ុននាំគ្នាដុតគោម ហើយបណ្តែតទឹកដើម្បីជាកិច្ចលាព្រលឹងទាំងអស់នោះ ដែលធ្វើដំណើរត្រឡប់ទៅវិញ។

២. ថ្ងៃនៃសេចក្តីស្លាប់ (Día de los Muertos ឬ Day of the Dead)

ទិវានេះត្រូវបានគេប្រារព្ធឡើងនៅប្រទេស Mexico នៅថ្ងៃទី១ និងថ្ងៃទី២ ខែវិច្ឆិកា។ ដូចប្រជាជនជប៉ុនដែរ ជនជាតិ Mexico មានជំនឿថា នៅថ្ងៃនេះ អ្នកដែលបានស្លាប់ទៅនឹងចេញមកដើរជាមួយនឹងអ្នករស់រានមានជីវិត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺប្រជាជន Mexico មើលទៅហាក់ដូចជាអបអរសាទរនូវសេចក្តីស្លាប់ទៅវិញ ព្រោះគាត់ជឿថា បងប្អូនរបស់គាត់បានទទួលនូវសេចក្តីស្ងប់ ហើយក្នុងទិវានេះបងប្អូនជួបជុំគ្នានាំច្រៀងសប្បាយ តុបតែង សម្អាតផ្នូរ ថែមទាំងលាបមុខលាបមាត់ឲ្យមើលទៅដូចជាគ្រោងឆ្អឹងអ៊ីចឹង។ មើលទៅឃើញដូចជាទិដ្ឋភាពដែលពោរពេញដោយពណ៌ចិញ្ចាំចចញ្ចែង មិនមែនសខ្មៅទេ។

៣. បុណ្យឈូសុក (Chuseok)

ទិវានេះគេប្រារព្ធទាំងនៅប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បួង ហើយជាទិវាជាតិដែលធំជាងគេបំផុតនៅកូរ៉េ។ ប្រជាជនប្រារព្ធពិធីនេះក្នុងកិច្ចគោរព និងអរគុណដូនតារបស់ពួកគេ។ បុណ្យនេះគេធ្វើឡើងនៅថ្ងៃទី១៥ នៃខែទី៨នៃប្រតិទិនចន្ទគតិរបស់ចិន (ឆ្នាំនេះ ២០១៧ គេធ្វើនៅថ្ងៃទី៣ ទៅទី៥ ខែតុលា)។ នៅក្រោមពន្លឺព្រះចន្ទពេញវង់ ប្រជាជនកូរ៉េនឹងលេងល្បែងប្រជាប្រិយ និងរាំរបាំប្រជាប្រិយ។

៤. បុណ្យយូឡាន (Yu Lan)

ពិធីបុណ្យយូឡាននេះ ដែលចិនគេចូលចិត្តហៅថាទិវាខ្មោចឃ្លាន (Hungry Ghost Festival)។ ទិវានេះ ប្រហែលជាអ្នកអានខ្លះបានដឹងហើយ គឺវាស្រដៀងនឹងបុណ្យភ្ជុំបិណ្ឌយើងដែរហ្នឹង។ ជនជាតិចិនជឿថា ថ្ងៃនេះ គឺជាថ្ងៃដែលគេបើករបងនៅឋាននរកឲ្យចេញមកពិភពមនុស្ស។ ដូចនេះប្រជាជនចិនមិនសូវហ៊ានចេញពេលយប់ទេ ព្រោះខ្លាចខ្មោចលង។ ក្នុងបុណ្យនេះ ប្រជាជនចិននាំគ្នាសែនម្ហូបអាហារ និងដុតក្រដាសដើម្បីកុំឲ្យព្រលឹងដែលឃ្លានអស់នោះខឹងសម្បារ។ ឆ្នាំនេះ គេប្រារព្ធទិវានេះនៅថ្ងៃទី៥ ខែកញ្ញា។


ប្រភព៖ smithsonianmag អត្ថបទ៖ ញឹក​ រង្សី