ស្អាតពេកហើយ! ផ្លូវទៅខេត្តពោធិ៍សាត់ ស្អាតបំផុតមិនចាញ់ស្រុកគេ

  • 2018-01-18 03:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ កាត់​តាម​ស្រុក ក្រវាញ ស្រុក​វាលវែង រហូត​ដល់​ស្រុក​ថ្មបាំង ព្រំដែន​កម្ពុជា-ថៃ ប្រិយមិត្ត​ប្រាកដ​ជា​លង់​នឹង​សម្រស់​ផ្លូវ​ដ៏​ស្រស់​ស្អាត​បំផុត ​ទើប​នឹង​ស្ថាបនា​រួច ពុះ​ជ្រែក​កាត់​ព្រៃភ្នំ​ដ៏​ខៀវ​ស្រងាត់ មាន​ឡើង​ មាន​ចុះ បត់បែន​ប្រៀប​ដូច​អន្ទង់​អាំង​ដូច្នោះ​ដែរ។

តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ផ្លូវ​ជាតិ​លេខ​៥៥នេះ ​មាន​ប្រវែង​ជាង ១៨២​គីឡូម៉ែត្រ ទទឹង 9ម៉ែត្រ។​ ជា​ផ្លូវ​ហាយ​វេ​ថ្នាក់​ទី៣ និង​ត្រូវ​បាន​កំណត់​ល្បឿន​ក្នុង​ការ​បើកបរ នៅ​តំបន់​ធម្មតា គឺ​ក្នុង​ល្បឿន​60km/ម៉ោង។ ចំពោះ​ផ្លូវ​ស្ថិត​ក្នុង​តំបន់​ភ្នំ គឺ​បាន​កំណត់​ល្បឿន 30គីឡូម៉ែត្រ/ម៉ោង។​

ផ្លូវជាតិ​លេខ​៥៥ គឺជា​​បណ្ដាញ​ផ្លូវ​ដ៏​សំខាន់​មួយ​ នៃ​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​ពី​ខេត្ត​ពោធិ៍សាត់​ ទៅ​ត​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ៥  និង​បណ្ដា​ផ្លូវ​សំខាន់​ៗ​​មួយ​ចំនួន​ទៀត នៃ​ព្រំដែន​កម្ពុជា-ថៃ ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតនៃ​បណ្ដាញ​ផ្លូវ នៅ​ភាគ​ខាង​លិច ​ប្រទេស​កម្ពុជា។

បន្ថែម​លើ​ពី​នេះ​ទៀត ផ្លូវ​ដ៏​វែង​អន្លាយ​នេះ​នឹង​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នៅ​តំបន់​ភាគ​ខាង​លិច​ នៃ​បណ្ដាញ​ផ្លូវ​នៃ​ប្រទេស​​កម្ពុជា។ ក្នុង​នោះ​មាន​សារៈសំខាន់​បំផុត​ ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ក្នុង​​តំបន់​ឱ្យ​មាន​ជីវភាព​​ខ្ពស់ បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​វិស័យ ទេសចរណ៍ និង​ការ​កែ​លម្អ​កម្រិត​ការ​ដឹក​ជញ្ជូន​​ក្នុង​ខេត្ត​ពោធិ​​សាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ដោយ​ឡែក​កំណាត់ទី១  ចាប់​ពី​ចំណុច​តភ្ជាប់​ផ្លូវជាតិ​លេខ​៤៨ ទី​រួមខេត្ត​កោះកុង កាត់តាម​ស្រុក​មណ្ឌល​សីម៉ា ស្រុក​ថ្មបាំង រហូត​មក ដល់​ចំណុច​រង្វង់មូល ឃុំ​ប្រមោយ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​  ប្រវែង​ប្រមាណ​ជាង​១០០​គីឡូ​ម៉ែត្រ ​ក្រសួង​សាធារណការ​កំពង់​ដំណើរ​ការ​គម្រោង។

ប្រសិន​បើ​បញ្ចប់​គម្រោង​នេះ នោះ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា ខេត្ត​ប៉ៃលិន​ ពោធិ៍សាត់​ ​បន្ទាយ​មានជ័យ​ ​ឧត្តរមានជ័យ​ និង​សៀមរាប​ អាច​មាន​ជម្រើស​ក្នុង​ការ​ធ្វើដំណើរ​ទៅខេត្ត​កោះកុង​ ឬទៅ​លេង​ឆ្នេរសមុទ្រ​នា​ទិសនិរតី ដោយ​មិន​ចាំបាច់​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ដូចមុន​ទៀត​ឡើយ​៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់ឲ្យ