តំបន់​ស្អាតៗ​ទាំង​៨របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​គ្រាន់​តែ​ឃើញ​ហើយ​ចង់​ទៅ​ភ្លាម

  • 2018-01-25 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ៗ ក៏​មាន​ក្ដី​ស្រមៃ​ចង់​ទៅ​កម្សាន្ត​នៅ​ក្នុង​ទីក្រុ​ង​មួយ​នេះ​ដែរ ព្រោះថា​ទាំង​ទីកន្លែង​កម្សាន្ត​ បរិយាកាស​ នៅទីនោះ​ គឺ​ថា​ស្រស់​ស្រាយ​មែនទែន​ ជាពិសេស​ទៅ​ទៀត​នោះ​គឺ​បាន​ទៅភ្លក់​នូវ​រសជាតិ​ម្ហូប​អាហារ​ដ៏​ឆ្ងាញ់ៗ ។ តោះ​ ថ្ងៃនេះ​សប្បាយដើរ​​ចង់​ណែនាំ​កន្លែង​ពិសេស​ដែល​មាន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដល់​អ្នក​ទាំង​អស់គ្នា​ឲ្យ​ស្គាល់​ក្រែង​ល៍​បាន​ទៅ​លេង​នៅ​ថ្ងៃ​ណា​មួយ​ ហើយ​មិនដឹង​មាន​កន្លែង​ណាខ្លះ​ដែល​ត្រូវ​ អញ្ចឹង​យើង​ទៅ​ទស្សនាទាំងអស់​គ្នា​៖

១. Damyang

ទីក្រុង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ទិស​ទក្សិណ​នៃ​ប្រទេស​កូរ៉េ​និង​ជា​ស្រុក​មួយ​ដែល​មាន​ទីប្រជុំជន​តូចៗ​ជាច្រើន។ អ្នក​ទេសចរ​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ទី​ក្រុង Damyang​ ដោយ​សារ​តែ​ទី​នោះ​សម្បូរ​ទៅ​ដោយ​ឫស្សី​ដូចជា​ឧទ្យាន​ឫស្សី​និង​សារមន្ទីរ​ឫស្សី​ជាដើម។ អ្នក​ទេសចរ​អាច​រក​បាន​នូវ​សម្ភារៈ​ផ្ទះ​បាយ​ដែល​ធ្វើ​ឡើង​ដោយ​ឫស្សី, វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ក៏​ដូច​ជា​សាក​រសជាតិ​ស្រា​ឫស្សី​ឬ​ការ៉េម។

២. Deokjeokdo

នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ការ​ធ្វើ​ដំណើរ​តាម​ទូក​រយៈពេល​២​ម៉ោង​គឺ Deokjeokdo ដែល​ជា​កោះ​តូច​មួយ​ដែល​ល្បីល្បាញ​សម្រាប់​ការ​សម្រាក​កម្សាន្ត​នៅ​​តាម​ឆ្នេរ​សមុទ្រ​និង​ការ​ឡើង​ភ្នំ​ផង​ដែរ។​ កោះ​នេះ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ប៉ុន្តែ​នៅ​ទីនោះ​មាន​ជម្រើស​សណ្ឋាគារ​ល្អៗ​, ផ្ទះ​សំណាក់, និង​ភោជនីយដ្ឋាន​ជាច្រើន។ នៅ​ទីនោះ​មាន​ទាំង​ឆ្នេរ​ខ្សាច់​និង​ព្រៃ​ស្រល់​ដ៏​ស្រស់​ស្អាត​ដែល​អ្នក​ទេសចរ​អាច​រីករាយ​ជាមួយ​នឹង​ការ​ដើរ​តាម​មាត់​ឆ្នេរ។

៣. Busan

ទីក្រុង​នេះ​ជា​ទិសដៅ​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ទេសចរ​ព្រោះ​នៅ​ទី​នោះ​មាន​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​និង​កន្លែង​ប្រវត្តិសាស្ត្រ​ជា​ច្រើន។ ទីក្រុង​នេះ​គឺ​ជា​ទីក្រុង​ធំ​លំដាប់​លេខ​២​របស់​ប្រទេស​កូរ៉េ​។ ឆ្នេរHaeundae គឺ​មាន​ជា​ឆ្នេរ​ដែល​ល្បី​មិន​ថា​ជនជាតិ​កូរ៉េ​ឬ​ជនជាតិ​បរទេស​ទេ​តែង​តែ​មក​លែង​កម្សាន្ត។

៤. Jinhae

Jinhae ត្រូវ​បាន​គេ​ទៅ​ទស្សនា​សម្រាប់​ពិធី​បុណ្យ​ផ្កា​ឈើរី​កំឡុង​ពេល​រដូវ​ផ្ការីក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ពេល​ដែល​ផ្កា​រីក​ដុះដាល​រយៈពេល​១០​ថ្ងៃ​មុន​ពេល​ដែល​ផ្កា​នេះ​ចាប់​ផ្ដើម​ធ្លាក់​ចុះ។ កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​មើល​ផ្កា​រីក​ទាំង​នោះ​គឺ​នៅ​ស្ថានីយ Gyeonghwa ដែល​ជា​កន្លែង​មាន​ដើមឈើ​ឈើរី​ជាច្រើន។ ពិធី​បុណ្យ​នេះ​ក៏​មាន​ការ​សម្ដែង​ទាក់​ទង​ទៅ​នឹង​សិល្បៈ​វប្បធម៌​និង​ក្បួន​ដង្ហែ​ផង​ដែរ។

៥. Seoul

​ទីក្រុង​នេះ​គឺ​ជា​ទីក្រុង​ទំនើប​ដែល​ពោរពេញ​ទៅ​ដោយ​ភោជនីយដ្ឋាន​និងBar ប៉ុន្តែ​ក៏​មាន​​កន្លែង​ប្រវត្តិសាស្ត្រ​ដូចជាGyeongbokgung និង​វាំង Changdeokgung សម្រាប់​អ្នក​គាំទ្រ​នៃ​ស្ថាបត្យកម្ម​បែប​បុរាណ។

៦. Gyeongju

Bulguksa Temple
Royal Tombs

Gyeongju គឺ​ជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ដ៏​ល្អ​បំផុត​របស់​ប្រទេស​កូរ៉េ​ដែល​ល្បី​ខាង​ស្ថាបត្យកម្ម​បែប​បុរាណ​និង​ប្រវត្តិសាស្រ្ត​។ ទីក្រុង​នេះ​បាន​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​ UNESCO និង​កន្លែង​ទាក់ទាញ​ទេសចរ​ជាច្រើន​រួម​មាន​ប្រាសាទ Bulguksa, Royal Tombs, និង​សារមន្ទី​ជាតិ Gyeongju ដែល​មាន​វត្ថុ​បុរាណ​ជាង​១៦០០០។

៧. Bukchon Hanok Village

ភូមិ​នេះ​ស្ថិត​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ផ្ទាល់​ដែល​ជា​ភូមិ​អភិរក្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ​ហើយ​មាន​អាយុ​កាល​ប្រហែល​ជាង​៦០០​ឆ្នាំ​ទៅ​ហើយ។ លក្ខណៈ​ពិសេស​របស់​ភូមិ​នេះ​គឺ​មាន​ផ្លូវ​តូចៗ​និង​មាន​ផ្ទះ​បុរាណ​អម​សង​ខាង​ផ្លូវ។ សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​រស់​នៅ​តំបន់​នេះ​ប៉ុន្តែ​អគារ​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រើ​ជា​ភោជនីយដ្ឋាន​បែប​ប្រពៃណី, ផ្ទះសំណាក់, ហាង​តែ និង​មជ្ឈមណ្ឌល​វប្បធម៌​ដែល​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ភ្ញៀវ​ទេសចរ។

៨. Jeju

Jeju គឺ​ជា​កោះ​ធំ​បំផុត​របស់​ប្រទេស​កូរ៉េ​ក៏​ជា​កន្លែង​ដែល​មាន​ភ្នំ​ខ្ពស់​ជាងគេ​របស់​ប្រទេស​កូរ៉េ​ផង​ដែរ។ នៅ​លើ​កំពូល​ភ្នំ​គឺ​ជា​រណ្ដៅ​ភ្នំ​ភ្លើង​ដែល​បាន​បាត់​បង់​ជា​យូរ​ណាស់​មក​ហើយ​នៅ​ពេល​ដែល​តំបន់​នេះ​ពោរពេញ​ទៅ​ដោយ​កម្អែល​ភ្នំភ្លើង​ដែល​បាន​ផ្ទុះ​កាល​ពី​សម័យ​បុរាណ។ ទឹក​ជ្រោះ Cheonjiyeon គឺ​ជា​កន្លែង​ទាក់ទាញ​ធម្មជាតិ​មួយ​បូក​រួម​ជាមួយ​នឹង​ឆ្នេរ​ដ៏​សែន​ស្អាត​និង​មាន​ភាព​ស្ងប់ស្ងាត់​សម្រាប់​អ្នក​ដែល​ចង់​មក​សម្រាក​រំហែ​កាយ។


ប្រភព៖ theculturetrip ប្រែ​សម្រួល៖ Sey