កំលោះចរិត៦យ៉ាង វេចអង្ករដើររកម៉ាខេត្តសឹងគ្មាន១ បានធ្វើប្ដីដូចបានមាសប៉ុនដូងទុំ
- 2018-01-26 04:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំលោះចរិត៦យ៉ាង វេចអង្ករដើររកម៉ាខេត្តសឹងគ្មាន១ បានធ្វើប្ដីដូចបានមាសប៉ុនដូងទុំ
ចន្លោះមិនឃើញ
នៅលើលោកនេះ មិនថានារីណាក៏ចង់បានបុរសដ៏ល្អម្នាក់សមនឹងចិត្តប្រាថ្នារបស់ខ្លួន ធ្វើជាគូគាប់ទ្រនាប់ចិត្តដែរ។ បើបានជួបបុរសណាមានលក្ខណៈសម្បត្តិ៦យ៉ាង ដូចខាងក្រោមនេះ ប្រៀបដូចបានមាសប៉ុនដូងទុំ។
១. មុនស្រឡាញ់នារីណាម្នាក់សុទ្ធតែសង្កេតមើលរាប់ឆ្នាំ
អាចនិយាយបានថា គេជាមនុស្សហ្មត់ចត់គ្រប់រឿងសូម្បីតែរឿងស្នេហា ក៏មិនដែលលេងសើចដែរ។ បើសិនជាគេចាប់អារម្មណ៍នារីណាម្នាក់ហើយ គេនឹងចាប់ផ្ដើមសង្កេត និងសិក្សាពីនារីនោះសព្វបែបយ៉ាង មិនថា នាងរៀននៅឯណា? ធ្វើការអ្វី? មិនចេះតែដើរពង្រាយមន្តស្នេហ៍ដាក់គ្រប់នារីឡើយ។ បុរសប្រភេទនេះ បើបានជួបនារី ដែលខ្លួនស្រឡាញ់ គឺស្រឡាញ់ខ្លាំង និងឲ្យតម្លៃបំផុត។
២. ច្បាស់លាស់ តែមិនដាច់អហង្ការ ចេះលេងសើចខ្លះ
ច្បាស់លាស់ម៉ឺងម៉ាត់ ស័ក្ដិសមជាកូនប្រុសដើមទ្រូង ៥ហត្ថ មិនលេងសើចច្រើនអត់ប្រយោជន៍ តែក៏មិនមែនមានន័យថា គេជាមនុស្សកាចដាច់អហង្ការដែរ ពេលខ្លះគេក៏កំប្លុកកំប្លែងគួរឲ្យស្រឡាញ់ទៅតាមកាលៈទេសៈ និងពេលវេលា។
៣. អត់ចេះសូញសាញច្រើនជឿជាក់លើការគិតរបស់ខ្លួន
បុរសប្រភេទខ្លះ គិតអ្វី ឬធ្វើអ្វីមិនលោះសោះ មិនថាកិច្ចការតូច ធំ ម្ដងអ៊ីចេះម្ដងអ៊ីចុះ។ តែបើបុរសប្រភេទនេះវិញ គេតែងជឿជាក់លើការគិតរបស់គេ ទោះលទ្ធផលបែបណាក៏ដោយ ប៉ុន្តែមុនធ្វើអ្វីមួយគេតែងពិចារណាច្បាស់លាស់បំផុត។
៤. បើថាធ្វើកិច្ចការអ្វីមួយមិនចេះឡេះឡោះ
បើនិយាយពីរឿងការងារវិញ មិនថានៅការិយាល័យ ឬ នៅផ្ទះ ហើយមិនថា ការងារនោះតូច ធំ ស្រាលធ្ងន់ប៉ុណ្ណាក៏ដោយ បើថាគេដាក់ដៃធ្វើហើយទាល់តែចេញលទ្ធផលបានគេឈប់។ បើនារីៗមានស្វាមីប្រភេទនេះ គឺគ្រួសារមានតែភាពរីកចម្រើនមិនឈប់។
៥. ចេះស្រឡាញ់សុខភាព ប្រុងប្រយ័ត្នសព្វគ្រប់
សារធាតុមនុស្សប្រុសមួយចំនួនធំ គឺចូលចិត្តការសប្បាយបំផុត។ ដោយឡែកបុរសដ៏ល្អនេះវិញ អត់សូវចេះផឹកស៊ីផ្ដេសផ្ដាស បើផឹកក៏តិចតួចមិនដល់ថ្នាក់ស្រវឹងនិយាយបែកអូរហូរស្ទឹងឡើយ។ រឿងដែលគេចូលចិត្តធ្វើពេលទំនេរ គឺលេងកីឡា ដើម្បីសុខភាពដ៏ល្អ។
៦. បើមានស្នេហាហើយស្រឡាញ់ស្មោះបំផុត
ដូចបានបញ្ជាក់ត្រង់ចំណុចទី១រួចហើយ មុននឹងស្រឡាញ់នារីណាម្នាក់គេសុទ្ធតែសង្កេតរាប់ខែឆ្នាំ តែបើបានជាស្រឡាញ់នារីណាហើយ គឺស្មោះត្រង់ និងឲ្យតម្លៃបំផុត។ ទោះទៅថ្ងៃមុខមិនថា មាននារីផ្សេងស្អាតជាងនារីកំណាន់ចិត្តរបស់ខ្លួន១០០០ដងក៏ដោយ ក៏មិនអាចធ្វើឲ្យរង្គោះរង្គើបេះដូងគេឡើយ៕
ចុចអាន៖
អត្ថបទ៖ វឌ្ឍនៈ