ផ្លូវ៥កន្លែងនៅកម្ពុជា កាច់កុងដូចអន្ទង់អាំង ពុះជ្រែកកាត់ព្រៃភ្នំស្អាតបំផុត
- 2018-01-30 05:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវ៥កន្លែងនៅកម្ពុជា កាច់កុងដូចអន្ទង់អាំង ពុះជ្រែកកាត់ព្រៃភ្នំស្អាតបំផុត
ចន្លោះមិនឃើញ
កន្លងមក Sabay តែងចុះផ្សាយជារឿយៗអំពីផ្លូវដ៏ស្អាតនានានៅកម្ពុជាមកបង្ហាញប្រិយមិត្ត តែនៅថ្ងៃនេះសុំលើកម្ដង៥កន្លែងតែម្ដង។ តោះទៅស្គាល់ទាំងអស់គ្នាណា!
១. ផ្លូវឡើងទៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»
ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា។ ភ្នំបូកគោ មានកម្ពស់ប្រមាណ ១០៧៥ ម៉ែត្រ គ្របដណ្ដប់ដោយអាកាសធាតុដ៏ត្រជាក់ខុសប្លែកពីតំបន់ណាៗទាំងអស់។ អ្វីដែលទាក់ចិត្តភ្ញៀវទេសចរមិនអាចបំភ្លេចបានពេលទៅដល់ទីនោះ គឺផ្លូវបត់បែន កាច់កុងតាមជម្រាលភ្នំ ពុះជ្រែកកាត់ព្រៃព្រឹក្សាដ៏ស្អាតបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន។
ផ្លូវដ៏វែងអន្លាយនេះត្រូវបានសាងសង់តាំងពីសម័យអាណានិគមនិយមបារាំង និងអភិវឌ្ឍកាន់តែខ្លាំងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ។
២. ផ្លូវទៅខេត្តកោះកុង
ធ្វើដំណើរតាមផ្លូវជាតិលេខ ៤៨ បំបែកពីស្រែអំបិល ឆ្ពោះទៅខេត្តកោះកុង ក្នុងចម្ងាយផ្លូវជាង ១៤០ គីឡូម៉ែត្រ អ្នកប្រាកដជានឹងលង់សម្រស់ធម្មជាតិតាមដងផ្លូវ វាលស្រែរំលេចពណ៌ខៀវស្រងាត់ ក្រោយរងដំណក់ទឹកភ្លៀងជោកជាំនាខែវស្សា និងទេសភាពរំលេចពណ៌មាសនារដូវប្រាំង ជាមួយភ្នំតូចធំយ៉ាងវែងអន្លាយនាំអារម្មណ៍ស្រស់ស្រាយ ទោះបីហត់នឿយក្នុងការធ្វើដំណើរយ៉ាងណាក៏ដោយ។
៣. ផ្លូវពីរតនគីរីទៅមណ្ឌលគីរី
បើអ្នកដំណើរចេញពីទីរួមខេត្តរតនគីរីដល់ស្រុកលំផាត់ និងបន្តដំណើរឆ្ពោះទៅស្រុកកោះញែកខេត្តមណ្ឌលគីរី លោកអ្នកប្រាកដជាមានអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ ភ្លេចអត់ទុក្ខហ្មងសៅនានាជាមួយនឹងសម្រស់ធម្មជាតិតាមដងសង្ខាងផ្លូវប្រៀបដូចជាផ្ទាំងគំនូរដែលផុសចេញពីវិចិត្រករដៃឯក។
ផ្លូវជាង២០០គីឡូម៉ែត្រហាក់ដូចជាឆ្ងាយ ប៉ុន្តែពេលធ្វើដំណើរលើងផ្លូវដែលពោរពេញដោយសម្រស់ធម្មជាតិ និងគ្មានអ្វីរំខានដល់ចរាចរណ៍ ស្រាប់តែទៅដល់ទីរួមខេត្តមណ្ឌលគីរីក្នុងរយៈពេលមួយដែលអារម្មណ៍របស់លោកអ្នកមិនទាន់អស់ចិត្តនឹងធម្មជាតិឡើយ។
៤. ផ្លូវទៅដាក់ដាំ
ធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឆ្ពោះទៅឃុំដាក់ដាំ ស្រុកអូររាំង រហូតដល់ទល់ដែនប្រទេសវៀតណាម ចម្ងាយផ្លូវប្រហែល ៣០គីឡូម៉ែត្រ លោកអ្នកនឹងឃើញមានទេសភាពដ៏ស្រស់ត្រកាល ប្រៀបដូចជានៅបណ្ដាប្រទេសអភិវឌ្ឍយ៉ាងដូច្នោះដែរ។
ជាមួយនឹងអាកាសធាតុត្រជាក់នៅតំបន់ឦសានខេត្តមណ្ឌលគិរី ផ្លូវទៅដាក់ដាំ ក្រាលដោយកៅស៊ូ ស្អាត ខណៈតាមផ្លូវមានឡើងភ្នំចុះភ្នំ ផ្លូវមានរៀងអក្សរ N បត់បែន ថែមទាំងមានដើមឈើតូចធំអមសងខាងផ្លូវ ជាពិសេសគឺមានដើមស្រល់ដុះលើភ្នំ និងមានស្មៅលើភ្នំពណ៌មាសទៀតនោះ ធ្វើឲ្យអ្នកស្ទើរតែមិនជឿថា ជាដែនដីរបស់ដូនតាខ្មែរយើងឡើយ។
៥. ផ្លូវស្រុកវាលវែង ខេត្តពោធិ៍សាត់
បើធ្វើដំណើរទៅកាន់ខេត្តពោធិ៍សាត់ កាត់តាមស្រុក ក្រវាញ ស្រុកវាលវែង រហូតដល់ស្រុកថ្មបាំង ព្រំដែនកម្ពុជា-ថៃ ប្រិយមិត្តប្រាកដជាលង់នឹងសម្រស់ផ្លូវដ៏ស្រស់ស្អាតបំផុត ទើបនឹងស្ថាបនារួច ពុះជ្រែកកាត់ព្រៃភ្នំដ៏ខៀវស្រងាត់ មានឡើង មានចុះ បត់បែនប្រៀបដូចអន្ទង់អាំងដូច្នោះដែរ។
ផ្លូវជាតិលេខ៥៥នេះ មានប្រវែងជាង ១៨២គីឡូម៉ែត្រ ទទឹង 9ម៉ែត្រ។ ជាផ្លូវហាយវេថ្នាក់ទី៣ និងត្រូវបានកំណត់ល្បឿនក្នុងការបើកបរ នៅតំបន់ធម្មតា គឺក្នុងល្បឿន60km/ម៉ោង។ ចំពោះផ្លូវស្ថិតក្នុងតំបន់ភ្នំ គឺបានកំណត់ល្បឿន 30គីឡូម៉ែត្រ/ម៉ោង។ផ្លូវមួយខ្សែនេះ គឺជាបណ្ដាញផ្លូវដ៏សំខាន់មួយ នៃការតភ្ជាប់ការដឹកជញ្ជូនពីខេត្តពោធិ៍សាត់ ទៅតភ្ជាប់នឹងផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀត នៃព្រំដែនកម្ពុជា-ថៃ ហើយវាជាផ្នែកមួយដ៏សំខាន់បំផុតនៃបណ្ដាញផ្លូវ នៅភាគខាងលិច ប្រទេសកម្ពុជា៕
អត្ថបទ៖ វឌ្ឍនៈ