ចុងខែសល់តែ១៥ដុល្លារក្នុងដៃ ចាយតាមក្បាច់ទាំង៤នេះ ទើបរស់ដល់បើកប្រាក់ខែ
- 2018-02-25 04:00:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងខែសល់តែ១៥ដុល្លារក្នុងដៃ ចាយតាមក្បាច់ទាំង៤នេះ ទើបរស់ដល់បើកប្រាក់ខែ
ចន្លោះមិនឃើញ
នៅលើលោកនេះ គ្មាននរណាម្នាក់ចង់ដាច់លុយចាយនោះទេ តែអាចមកពីប្រាក់ខែតិចពេក រីឯការចំណាយច្រើន ឬមួយមកពីចាយមិនចេះគិត តាំងដល់ចុងខែដាច់ខ្យល់មាត់ម្ហបៗ។ ដើម្បីជាការចូលរួមចំណែកជួយដល់អ្នកជិតដាច់លុយ Sabay សូមប្រាប់ពីគន្លឹះចាយលុយពេលនៅសល់តែ ៦ម៉ឺនរៀលដូចខាងក្រោម៖
១. ត្រូវសម្ងំតែក្នុងផ្ទះបានហើយ
លុយមានកម្រិតបែបនេះបើចេញក្រៅញ៉ាំអី ឬណាត់ជួបមិត្តភក្ដិ គឺប្រឈមហានិភ័យបំផុត។ ជម្រើសដ៏ល្អគឺ នៅតែផ្ទះបានហើយ សុខចិត្តហូបអត់ឃ្លាន ប្រសើរជាងត្រូវបណ្ដើរម៉ូតូ ព្រោះអស់លុយចាក់សាំងដែរ។
២. ដាច់ខាតហាមចំណាយលើអ្វីក្រៅពីថ្លៃម្ហូប និងថ្លៃសាំង
ក្នុងស្ថានភាពបែបនេះ ហាមគិតរឿងហ៊ឺហា ចូលហាង ណាត់ជាមួយមិត្តភក្ដិឲ្យសោះ។ មកដល់វិនាទីនេះរឿងតែម្យ៉ាងគត់ គឺធ្វើយ៉ាងម៉េចមានលុយទិញបាយហូបទម្រាំដល់បើកលុយ។ ដូច្នេះត្រូវតាំងចិត្តឲ្យបានថា៖ «ក្រៅពីថ្លៃសាំង និងម្ហូបថោកៗ ខ្ញុំមិនចំណាយលើរឿងណាទាំងអស់ សូម្បីកាតទូរសព្ទក៏ដោយ»។
៣. កែច្នៃម្ហូបបែបងាយៗកុំឲ្យអស់លុយច្រើន
ពេលមានគិតតាមមាន ពេលអត់គិតតាមអត់។ ក្នុងកាលៈទេសៈនេះមិនបាច់ស្រមៃដល់ ភីហ្សា សាច់មាន់ សាច់គោអ្វីទេ មានត្រឹមស៊ុតមាន់ ស៊ុតទា ត្រីខ គឺល្អពេកក្រៃហើយ។ ដូច្នេះទោះជិតដាច់លុយក៏មិនសូវព្រួយបារម្ភដាច់បាយដែរ ម្ហូបនៅផ្ទះមានស្រាប់ហើយ ឱ្យតែមានអង្ករច្រកឆ្នាំង។
៤. ដាក់គោលការណ៍ចាយលុយ
ចំណុចនេះមានន័យថា យកលុយដែលនៅសល់ ទៅចែកនឹងថ្ងៃដែលនៅសល់។ ដូច្នេះនឹងរកឃើញថារយៈពេល៤ថ្ងៃ ចំណែកលុយនៅសល់ ១៥ដុល្លារ ឬ៦ម៉ឺនរៀល ដាច់ខាតកុំចំណាយលើសពី១ ៥០០០រៀល។ បើមិនដូច្នោះទេប្រាកដជាត្រូវខ្ចីគេមិនខាន៕
អត្ថបទ៖ វឌ្ឍនៈ