៣កន្លែងនៅកម្ពុជា ស្អាតបំផុតនឹកស្មានមិនដល់ តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍

  • 2018-03-18 04:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់​ធម្មជាតិ​៣​កន្លែង​នៅ​កម្ពុជា នៅ​មិន​ទាន់​បាន​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​ប្រជាជន​ឧស្សាហ៍​ទៅ​លេង​កម្សាន្ត​ទីនោះ ដើម្បី​ផ្ដិត​យក​ទេសភាព​ដ៏​ល្អ​ឯក​ដូច​រូប​គំនូរ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​នៅ​ទី​នោះ​។ ​ខាង​ក្រោម​នេះ​ជា​តំបន់​ធម្មជាតិ​ពីរ​កន្លែង​ទេស​ភាព​ស្អាត​បំផុត​ កម្រ​មាន​អ្នក​ទៅដល់​៖

១.ដី​ច្រោះ​នៅ​ឧត្ដរមានជ័យ​ទេសភាព​ដូច​ផ្ទាំង​គំនូរ

មើល​មួយ​ភ្លែត​ស្មាន​តែ​​នៅ​ស្រុក​គេ តាម​ពិត​មិន​មែន​ទេ​ទេសភាព​ដ៏​ស្រស់​ស្អាត​នេះ គឺ​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ ភូមិខ្នាច​ឬស្សី​ សង្កាត់​បន្សាយរាក់​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​។ ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​រូប​គំនូរ​នេះ គឺ​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ​ នៃ​​ភ្នំ​ពស់​រលួស​ធំ​ ដែល​ជា​ទី​តាំង​ធម្មជាតិ​មួយ​ នៅ​តាម​ខ្សែ​ក្រវាត់​ នៃ​បន្ទាត់​ព្រំដែន​ក្នុង​​ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​​ដី​ច្រោះ​បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​។

សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នេះ​ បាន​លាក់​ខ្លួន​ពួន​អាត្មា​ ជា​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ណា​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ​ទេ​។

២. ពើង​តានន់​ផ្ទាំង​សិលា​ដូច​ប្រាសាទ​បុរាណ​នៅ​សៀមរាប

​ផ្ទាំង​សិលា​ធំៗ ជា​ច្រើន​បង្គរ​បណ្ដាក់​លើ​គ្នា​ជា​ច្រើន​រាប់​មិន​អស់ រួម​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ប្រៀប​ដូច​សម្រស់​ក្រមុំ​ព្រហ្មចារី ​អម​ដោយ រុក្ខជាតិ​ខៀវ​ខ្ចី កំពុង​រីក​លូត​លាស់ បញ្ចេញ​សម្រស់​ផ្កា​ធម្មជាតិ និង ខ្យល់​អាកាស​បរិសុទ្ធ ធ្វើ​ឱ្យ​ពើង​តានន់​ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ ប្រៀប​ដូច​ឋានសួគ៌​​លើ​ដី​អ៊ីចឹង​។

តំបន់​ទេសចរ​ដ៏​ប្រណិត​នេះ​ មាន​ទីតាំង ស្ថិតនៅ ភូមិ គោកដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ចម្ងាយ​ប្រមាណ​តែ ៨៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​សៀមរាប​។ ​ ​កាល​ពី​មុន​ទីតាំង​ខាង​លើ​ពិបាក​ធ្វើ​ដំណើរ​ដោយសារ​ផ្លូវ​ធ្វើ​មិន​ទាន់​រួច ប៉ុន្តែ​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល មិន​ពិបាក​ទៀត​ទេ​។ ក្រៅ​ពី​មាន​ដំ​ថ្ម​ជា​ច្រើន​ត្រួត​លើ​គ្នា​ជា​ច្រើន​ហើយ​ខ្ពស់ បញ្ចេញ​រូបរាង​ដូច​នឹង​ប្រាសាទ​បុរាណ​ហើយ​នោះ ​នៅ​ទី​នោះ​មាន​អាស្រម​របស់​ព្រះសង្ឃ​ដែល​គង់​នៅ​លើ​ភ្នំ ​មើល​ថែ​រក្សា​កន្លែង​ដ៏​ស្ងប់ស្ងាត់​នោះ​ទៀត​ផង​។

៣. ផ្កា​ចាហួយ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​សៀមរាប

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឡូយ សុវណ្ណ រស់​នៅ​ក្បែរ​ភ្នំ​អំពិល ក្នុង​ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប បាន​​ធ្លាប់​ប្រាប់​មក​កាន់​ Sabay ថា​ នៅ​ខែ​កញ្ញា​ រហូតដល់ខែតុលា ផ្កា​ចាហួយ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ភ្នំ​អំពិល ចាប់​ផ្ដើម​រីក​ស្គុះស្គាយ​ទៀត​ហើយ អ្នក​ដែល​ចូល​ចិត្ត​តំបន់​ធម្មជាតិ​ទេសភាព​ស្រស់​​ត្រកាល​អាច​ទៅ​លេង​កម្សាន្ត​បាន។

លោក​ ឡូយ សុវណ្ណ បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​នៅ​ទី​នោះ​មិន​ទាន់​បាន​អភិវឌ្ឍ​ ជា​តំបន់​ទេសចរណ៍​នោះ​ទេ ភាគ​ច្រើន​អ្នក​ទៅ​លេង​កម្សាន្ត​ជា​អ្នក​ស្រុក​ក្បែរ​នោះ​ដែល​ស្គាល់​តៗ​គ្នា។ ចំពោះ​ភ្ញៀវ​ទេសចរណ៍​ ចង់​ទៅ​លេង​កម្សាន្ត​មិន​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​ទេ ត្រូវ​ជួល​គោយន្ត​អ្នក​ភូមិ​ពាក់​ស្នែង​ជិះ​ពេញ​មួយ​ថ្ងៃ​តម្លៃ ២០​ដុល្លារ​ប៉ុណ្ណោះ អាច​ជិះ​បាន​គ្នា​២៤​នាក់។

ទៅ​ដល់​ទីនោះ​ភ្ញៀវ​ទេសចរ​ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត មាន​វាល​ស្មៅ​ខៀវ​ស្រងាត់​ដាច់​កន្ទុយ​ភ្នែក ជា​ពិសេស​ផ្កា​ចាហួយ​រំលេច​ពណ៌​ផ្កា​ឈូក​គួរ​ឱ្យ​គយគន់​ក្រៃ​លែង។ អ្នក​ទៅ​លេង​កម្សាន្ត​វេច​ខ្ចប់​អាហារ​យក​ទៅ​ញ៉ាំ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​ក្នុង​តម្លៃ​សមរម្យ និង​ជា​អាហារ​របស់​ភូមិ​ផ្ទាល់​។

ភ្នំអំពិលមានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត៕


អត្ថបទ៖ វឌ្ឍនៈ