មហោស្រពអាស៊ានបូកបី ត្រលប់មកវិញម្ដងទៀតហើយ
- 2018-03-23 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពអាស៊ានបូកបី ត្រលប់មកវិញម្ដងទៀតហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីបានទទួលជោគជ័យក្នុងការរៀបចំមហោស្រពអាស៊ានបូកបីកាលពីឆ្នាំ ២០១៧ (ASEAN Plus Three Festival 2017) ម្ដងរួចមកហើយនោះ ឥលូវឆ្នាំ២០១៨នេះកម្មវិធី “មហោស្រពអាស៊ានបូកបី” (ASEAN Plus Three Festival) នឹងរៀបចំម្ដងទៀតដោយនិស្សិតខាងដេបាតឺម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យខេមរភូមិន្ទ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅក្នុងបរិវេណ វិទ្យាស្ថាន ភាសាបរទេសនៃសាកលវិទ្យាល័យខេមរភូមិន្ទ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៨:00 ព្រឹក ដល់ ០៦:00 ល្ងាច ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានទូតនៃប្រទេសជប៉ុន ចិន និងកូរ៉េ ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងនិស្សិតសរុបប្រមាណជាង ៨,០០០នាក់។
មហោស្រពអាស៊ានបូកបី មានគោលបំណងចែករំលែកបទពិសោធន៍ និងលើកកម្ពស់ការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូពិភាក្សាក្នុងតំបន់មានដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ មហោស្រពនេះក៏នឹងបង្ហាញពីសក្តានុពលទេសចរណ៍ និងភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសជាសមាជិកអាស៊ានបូកបី ក៏ដូចជាជំរុញសក្តានុពលនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និង កសាងទំនុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សម្រាប់តំបន់នាពេលអនាគត។
លក្ខណៈពិសេសនៃមហោស្រពអាស៊ានបូកបីឆ្នាំនេះមានដូចជា៖
១.ស្តង់ពិពរណ៌អំពីប្រទេសនីមួយៗ ស្តីអំពីប្រជាជន សង្គម សេដ្ឋកិច្ច និងតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសអាស៊ានបូកបី
២.ពិពរណ៌ម្ហូបអាហារជាតិ
៣.ពិពរណ៌វត្ថុអនុស្សាវរីយ៍
៤. ល្បែងប្រពៃណី
៥.ការបញ្ចាំងវីដេអូឯកសារអំពីប្រវត្តិសាស្ត្រ ការវិវឌ្ឍន៍ ថ្មីៗ និងវិស័យទេសចរណ៍
៦.ការសម្តែងសិល្បៈប្រពៃណី និង
៧.ស្តង់សំនួរកម្សាន្តអាស៊ានបូកបី។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង កញ្ញា ជរ ស៊ាវអ៊ីង ប្រធានក្រុមផ្សព្វផ្សាយ និងព័ត៌មាននៃមហោស្រពអាស៊ានបូកបីតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៥៧៨ ៦០០ ឬគេហទំព័រASEAN + 3 Festival
អត្ថបទ៖ chanvutha yin