មុនហោះទៅស្រុកគេ មកដើរលេង៣កន្លែងនៅកោះកុងសិន ទេសភាពកំពូលស្អាត

  • 2018-03-25 07:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​តាតៃ​ខេត្ត​កោះកុង មាន​តំបន់​ទេសចរណ៍​រាប់​មិន​អស់ សុទ្ធ​សឹង​តែ​មាន​ទេសភាព​ស្រស់​ត្រកាល​ និង​មាន​ភាព​ទាក់ទាញ​រៀង​ខ្លួន។ ថ្ងៃ​នេះ​ Sabay លើក​យក​តែ​តំបន់​ទេសចរណ៍​ក្នុង​ដឹក​ខេត្ត​បៃតង​មួយ​នេះ មក​បង្ហាញ​ប្រិយ​មិត្ត​ដូច​ខាង​ក្រោម​នេះ៖

១. ទឹកជ្រោះ​តាចាត

ទឹកជ្រោះ​​សហគមន៍​ តាចាត ជា​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ ដែល​កំពុង​ពេញ​និយម​ ​ក្នុង​ខេត្ត​កោះកុង ស្ថិត​នៅ​ឃុំ​ទួលគគីរ​ ស្រុក​មណ្ឌល​សីមា ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ២០គីឡូម៉ែត្រ ពី​ទី​រួម​ក្រុង​ខេមរភូមិន្ទ។

ទឹកជ្រោះតាចាតមាន​ទឹក​ហូរ​ល្មម​ ប្រៀប​ដូច​អាង​ទឹក និង លោត​លេង ហែល​យ៉ាង​សប្បាយ​រីករាយ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ព្រៃ​ឈើ​តូច-ធំ ក្រាស់​ក្រែល ដែល​បង្កើត​ជា​បរិយាកាស​ខ្យល់​បរិសុទ្ធ គួរ​ជាទី​សម្រាក​លំហែលំហើយ​ នា​ថ្ងៃ​ឈប់​សម្រាក​ បាន​យ៉ាង​ល្អ។

ទន្ទឹម​នឹង​នេះ ភ្ញៀវ​ទេសចរ​ក៏​អាច​វេច​ខ្ចប់​អាហារ​ខ្លួន​ឯង​មក​ញាំ​ក៏​បាន ឬ​កុម្ម៉ង់​ម្ហូប​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​ក៏​បាន ដោយ​មាន​តម្លៃ​សមរម្យ។ ចំពោះ​តម្លៃ​វិញ គឺ​ម៉ូតូ​ ១គ្រឿង ២ ០០០ រៀល ឯ​ឡាន​ ៣ ០០០ រៀល ដែល​តម្រូវ​ឲ្យ​បង់​ទៅ​​ក្រុម​សហគមន៍។

២. ឆ្នេរ​ពយ

“ពយ" គឺឈ្មោះឆ្នេរមួយ ស្ថិត​ក្នុងភូមិ​ពយ​ជប៉ុន​ ​ឃុំកោះ​ស្ដេច​ ​ស្រុក​គិរីសាគរ​ ខេត្ដ​កោះកុង បាន​កំពុង​លាក់​ខ្លួន បង្អួត​សម្រស់​មិនចាញ់​តំបន់​ឆ្នេរដទៃ​ឡើយ​។

ពយ​តំបន់​ទេសចរណ៍​ថ្មី មាន​ឆ្នេរស្រស់ស្អាត​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​ ​ហើយកាន់​តែពិសេស​ទៀតនោះ​ ​គឺ​មាន​ទីឋាន​ស្ងប់ស្ងាត់​ ​មានសម្លេង​ទឹករលក​បក់តិចៗ​ និង​មានផ្ទែ​ទឹកថ្លា​ឈ្វេង ​ជាមួយ​នឹងឆ្នេរ​ខ្សាច់​សក្បុស ​លាយឡំ​នឹង​សំបកគ្រំ​​ ដើម​ដូង​នៅ​តាម​បណ្ដោយ​ឆ្នេរ និង​ថ្ម​ដុះធំៗក្នុងសមុទ្រថែមទៀត។

ប្រិយមិត្ត​អាចដំណើរ​កម្សាន្ត​ជាលក្ខណៈ​ក្រុមគ្រួសារ​ និង​មិត្តភក្ដិ​ មក​កាន់​ទីនេះ​ដើម្បី​បរិភោគ​អាហារ​ជួបជុំ នាថ្ងៃឈប់សម្រាក។​ ស្រ្តី​ម្នាក់​ដែលជា​អ្នក​យាម​ឆ្នេរនេះ​និយាយ​ដោយ​មិ​នចង់​បញ្ចេញ​ឈ្មោះ លើក​ឡើ​ងថា​ឆ្នេរនេះ​ជា​ឆ្នេរ​របស់​ឯកជន​ និងថា​ម្ចាស់​ឆ្នេរ​នេះ​មាន​គម្រោង​អភិវឌ្ឍឆ្នេរ​នេះ​ទៅ​ជា​រមណីយ​ដ្ឋាន​ទេសចរណ៍​នៅពេលអនាគត។ ​អ្នកដំណើរ​ដែល​មកដល់​ទីនេះ​ ​អាចមក​សម្រាក​លេង​ ដោយ​ចំណាយ​ប្រាក់បន្តិច​​សម្រាប់​ជួល​កញ្ចុះ​អង្គុយ​លេង ​និង​អាចកម្មង់​អាហារ​ពី​អ្នកស្រី​​បាន​ផង​ដែរ​។

យ៉ាង​ណា​ក្ដី​នៅតំបន់​ឆ្នេរពយ​នេះ​ គឺ​ស្ថិតឆ្ងាយ​ពីទីក្រុង​ និង​មិនមាន​ផ្ទះសំណាក់​ និង​សណ្ឋាគារ​សម្រាក​ឡើយ​។

៣.ពាម​ក្រសោម

​តំបន់​ពាម​ក្រសោម ស្ថិត​ក្នុង​ភូមិ ពាម​ក្រសោប ឃុំ​ពាម​ក្រសោប ស្រុក មណ្ឌលសីមា ខេត្ត​កោះកុង សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ពាម​ក្រសោប គឺ​ជា​កន្លែង​ទេសចរណ៍​ព្រៃ​កោងកាង​ដ៏​ធំ​មួយ​របស់​ខេត្ត កោះកុង ។ ព្រៃ​កោង​កាង​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក​ដ៏​ថ្លា​ឈ្វេង បូករួម​នឹង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ដុះ​ជា​ជួរ​ដូច​គេ​តម្រង់​ បាន​ក្លាយ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ប្រណិត​បំផុត។ ​

​ចំពោះ​ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​ទី​នេះ​ត្រូវ​ទិញ​សំបុត្រ សម្រាប់​​ភ្ញៀវ​ជាតិ​តម្លៃ​៣ពាន់រៀល ​ហើយ​ចំពោះ​ភ្ញៀវ​អន្តរជាតិ៥ពាន់​រៀល។ ក្រៅ​ពី​ដើរ​ទស្សនា​នៅ​តំបន់​​មួយ​ចំនួន នៅ​ទី​នេះ​ក៏​មាន​​ទូក​ជួល​ជិះ ទស្សនា​​ទេសភាព​ព្រៃ សម្រាប់​ឆ្នេរ សត្វ និង ភូមិ​នេសាទ ផង​ដែរ។ តម្លៃ​ទូក​​​មាន​​ថ្លៃ​ចាប់​ពី២ម៉ឺនរៀល រហូត ដល់​៧ម៉ឺនរៀល អាស្រ័យ​ទៅ​តាម​ទីកន្លែង​ជិត​ឬ​ឆ្ងាយ។

បច្ចុប្បន្ន តំបន់​ព្រៃ​កោងកាង​នៅ​ខេត្ត​កោះកុង​មាន​ប្រមាណ​មួយ​ម៉ឺន​ហិកតារ​ ក្នុង​នោះ​មាន ​ពាម​ក្រសោប, កោះកាពិ, កោះស្រឡៅ,​បឹង​កាឆាង,ខេង​ខូង, ជ្រោយ​ប្រស់,តាតៃ, និង ទូល​គគីរ ជាដើម៕


អត្ថបទ៖ វឌ្ឍនៈ