ដើរលេងចូលឆ្នាំ ៥ កន្លែងនៅសៀមរាប ល្បីសប្បាយ ហើយទេសភាពស្អាតខ្លាំង

  • 2018-04-11 06:50:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀមរាប ជា​ទឹក​ដី​មាន​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែបបំផុត​នៅ​កម្ពុជា រួម​មាន​ទាំង​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ភាគ​ច្រើន​តែង​សំដៅ​តំបន់​អង្គរ​មុន​គេ ពេល​ទៅ​ដល់​ទឹក​ដីដ៏​អច្ឆរិយ​មួយ​នេះ។ ដោយ​ឡែក​ថ្ងៃ​នេះ Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​៥កន្លែង ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន ក្រៅ​ពី​តំបន់​អង្គរ​នៅ​ក្នុង​ខេត្ត​មួយ​នេះ៖ ​​​

១. គយគន់​ថ្ងៃ​លិច​នៅ​ភ្នំ​ក្រោម

និយាយ​ដល់​រឿង​គយគន់​ថ្ងៃ​លិច​នៅ​សៀមរាប គេ​ប្រាកដ​ជា​នឹក​ដល់​ប្រាសាទ​បាខែង​ជា​មិន​ខាន ព្រោះ​អី​កន្លែង​នេះ​មាន​មនុស្ស​ទៅ​មើល​ច្រើន​រាល់​ថ្ងៃ មិនដែល​អត់​ម្ដង​ណា​ទេ។ ប៉ុន្តែ​កន្លែង​មើល​ថ្ងៃ​លិច​មួយ​ទៀត ដែល​កំពុង​តែ​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ​ឱ្យ​ទៅ​ទស្សនា ត្បិត​អី​វា​មិន​សូវ​មាន​មនុស្ស​ច្រើន​ដូច​នៅ​បាខែង។ កន្លែង​មួយ​នេះ ​គឺ​មាន​ឈ្មោះ​ថា​ប្រាសាទ​ភ្នំ​ក្រោម ដែល​មាន​ទី​តាំង​​នៅ​ទិសនិរតី​ ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប​។

​អ្នក​ចង់​ទៅ​ទស្សនា​អាច​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រប​នឹង​ដងស្ទឹង​សៀមរាប​ពី​ជើង​ទៅ​ត្បូង​ ហើយ​​ភ្នំ​នេះ​ស្ថិត​នៅ​ខាងជើង​បឹង​ទន្លេ​សាប ​អាច​ឱ្យ​ប្រិយមិត្ត​គយគន់​ទេសភាព​ថ្ងៃ​លិច ​ឆ្លុះ​ចាំង​ពី​ទន្លេ​បាន​យ៉ាង​ស្រស់​ស្អាត​ទៀត​ផង។

២. អាហារដ្ឋាន​ចម្ការ​ត្រាវ

អាហារដ្ឋាន​ចម្ការ​ត្រាវ​ គឺ​ជា​កន្លែង​សម្រាក​លម្ហែ​កាយ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​ទេសភាព​បែប​ស្រុកស្រែ និង​ស្ងប់​ស្ងាត់។ រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​មួយ​នេះ កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ឲ្យ​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ។ ក្រៅ​ពី​មាន​ទេស​ភាព​ដ៏​ស្រស់​បំព្រង មាន​ទាំង​វាល​ស្រែ ​ស្រះទឹក​ធំៗ​ដ៏​ថ្លា​ឈ្វេង​ព្រម​ទាំង​ផ្កាឈូក​កំពុង​រីក​ក្រពុំ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ជះ​ក្លិន​ក្រអូប​ប្រហើរ​នៃ​ក្លិន​ស្រូវ រុក្ខជាតិ​តូចធំ​ហើយ​នោះ គឺ​ម្ហូប​អាហារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។

ដូច្នេះ​ប្រសិន​បើ​ចង់​ភ្លក់​រសជាតិ​ម្ហូប​ខ្មែរ​គ្រប់​មុខ​ដ៏​ឈ្ងុយឆ្ងាញ់ និង​សម្រាក​លម្ហែ​កាយ​ក្រវាត់​ចោល​ភាព​ស្មុគស្មាញ​ទាំង​ឡាយ​អាច​ទៅ​ទីនោះ​បាន ដោយ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេ​ខ៦ ក្នុង​សង្កាត់ទឹកវិល​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។

បើបានទៅលេងសៀមរាប អង្គរសង្ក្រាន្ដឆ្នាំនេះ ហើយចង់ចំណាយតិចបំផុតលើការធ្វើដំណើរ អ្នកអាចជិះរ៉ឺម៉កកង់បី របស់ Grab (GrabRemorque) ដោយមានតម្លៃធូរជាងតម្លៃរ៉ឺម៉កកង់បីទូទៅ។ ស្រួលមិនស្រួល អ្នកអាចជិះអត់អស់លុយក៏ថាបាន ព្រោះ Grab កំពុងផ្ដល់ប្រូម៉ូសិនបញ្ចុះតម្លៃ ៨០០០ រៀល ដោយបញ្ចូលកូដ SIEMREAP ពេលហៅរ៉ឺម៉កកង់បីរបស់ Grab ជិះ។ កូដ SIEMREAP អាចប្រើបាន ២ ដង​ក្នុងមួយថ្ងៃ មានសុពលភាពចាប់ពីថ្ងៃទី ១ មេសា ដល់ ៣១ ឧសភា ២០១៨

សម្រាប់អ្នកមិនទាន់មាន Grab app សូមចុចត្រង់នេះដើម្បីដោនឡូត

៣. សារមន្ទីរ​ជាតិ​អង្គរ​នៅ​ក្រុង​សៀមរាប

លោក​ សេង កុម្ភៈ ប្រធាន​ផ្នែក​ថែរក្សា​សមច្ច័យ​(ថែរក្សា)នៃ​សារមន្ទីរ​​ជាតិអង្គរ​បាន​ឲ្យ​ដឹង​ថា សារមន្ទីរនេះ​បាន​សាង​សង់​ឡើង​លើ​ផ្ទៃ​ដី​ប្រមាណ ​២ម៉ឺន​ម៉ែត្រ​ក្រឡា ​និង​​មាន​បែង​ចែក​ជា ​៨វិចិត្រ​សា​ល​​ធំៗ។ លោក​បញ្ជាក់​ថា សារមន្ទីរ​ជាតិអង្គរ​ជាកន្លែ​ង​ផ្ដល់​ចំណេះ​​ដឹងអំពី​អរិយធម៌​ខ្មែរ​ដល់ភ្ញៀវទេសចរ មុន​នឹង​អ្នកទាំង​នោះ​​ទៅ​ទស្សនា​ដល់​ប្រាសាទ​ផ្ទាល់​។

បច្ចុប្បន្ន​សារមន្ទីរ​ជាតិ​អង្គរ​មាន​ដាក់​តាំង​បង្ហាញ​រូបបដិមា និង​ចម្លាក់​នានា​សរុប​ជាង ១៣០០​រូប។ លោក សេង​ កុម្ភៈ ឲ្យ​ដឹង​ថា បដិមា​ទាំង​នេះ​ត្រូវ​បាន​នាំយក​មក​ពី​អភិរក្សដ្ឋាន​អង្គរ និង​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​។

វិចិត្រ​សាល​នីមួយៗ​របស់​សារមន្ទីរ​ជាតិ​អង្គរ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​មាន​របៀប​រៀប​រយ ក្នុង​នោះ​រួម​មាន​​វិចិត្រ​សាល​ឯក​ព្រះ​ពុទ្ធ​បដិមា ១ពាន់​អង្គ វិចិត្រសាល​​អរិយ​ធ​ម៌ខ្មែរ​ ជំនឿ​សាសនា វិចិត្រសាល​ទាក់​ទង​​នឹង​អង្គរវត្ត អង្គរធំ ព្រះ​មហាក្សត្រ​ខ្មែរ​ដ៏អស្ចារ្យ​ សិលា​ចារិក និង​សម្លៀក​បំពាក់​សម័យ​បុរាណ​ខ្មែរ​ជា​ដើម​។​

ចំពោះ​តម្លៃ​សំបុត្រ​ចូល ទស្សនា​វិញ​គឺមាន​តម្លៃ​បីដុល្លារសម្រាប់​ភ្ញៀវជាតិ និង​១២​ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស។ ក្នុង​មួយ​ថ្ងៃ​មន្ត្រី​របស់សារមន្ទីរថា​មាន​អ្នក​ចូលទស្សនា​ប្រហែលជា​៤០០​នាក់ក្នុងនោះមាន​ជនជាតិ ចិន ជប៉ុន និង​កូរ៉េ ជាដើម។

៤. ពើង​តានន់

ផ្ទាំង​សិលា​ធំៗ ជា​ច្រើន​បង្គរ​បណ្ដាក់​លើ​គ្នា​ជា​ច្រើន​រាប់​មិន​អស់ រួម​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ប្រៀប​ដូច​សម្រស់​ក្រមុំ​ព្រហ្មចារី ​អម​ដោយ រុក្ខជាតិ​ខៀវ​ខ្ចី កំពុង​រីក​លូត​លាស់ បញ្ចេញ​សម្រស់​ផ្កា​ធម្មជាតិ និង ខ្យល់​អាកាស​បរិសុទ្ធ ធ្វើ​ឱ្យ​ពើង​តានន់​ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ ប្រៀប​ដូច​ឋានសួគ៌​​លើ​ដី​អ៊ីចឹង​។

តំបន់​ទេសចរ​ដ៏​ប្រណិត​នេះ​ មាន​ទីតាំង ស្ថិតនៅ ភូមិ គោកដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ចម្ងាយ​ប្រមាណ​តែ ៨៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​សៀមរាប​។ ​ ​កាល​ពី​មុន​ទីតាំង​ខាង​លើ​ពិបាក​ធ្វើ​ដំណើរ​ដោយសារ​ផ្លូវ​ធ្វើ​មិន​ទាន់​រួច ប៉ុន្តែ​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល មិន​ពិបាក​ទៀត​ទេ​។

ក្រៅ​ពី​មាន​ដំ​ថ្ម​ជា​ច្រើន​ត្រួត​លើ​គ្នា​ជា​ច្រើន​ហើយ​ខ្ពស់ បញ្ចេញ​រូបរាង​ដូច​នឹង​ប្រាសាទ​បុរាណ​ហើយ​នោះ ​នៅ​ទី​នោះ​មាន​អាស្រម​របស់​ព្រះសង្ឃ​ដែល​គង់​នៅ​លើ​ភ្នំ ​មើល​ថែ​រក្សា​កន្លែង​ដ៏​ស្ងប់ស្ងាត់​នោះ​ទៀត​ផង។

៥. រមណីយដ្ឋាន​ភូមិ​លិច​ទឹក​កំពង់ភ្លុក

កំពង់ភ្លុកជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្បីល្បាញ​លើ​ទឹក​ដី​ខេត្ត​សៀមរាប កើត​ចេញ​ពី​៣​ភូមិ​បណ្ដែត​លើ​ទឹក​រួម​គ្នា។ តំបន់​ទេសចរណ៍​ដ៏​កម្រ​នេះ មាន​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត និង​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​លិច​ទឹក​ជា​ច្រើន​ប្រភេទ ហើយ​ក៏​ជា​តំបន់​អភិរក្ស​សត្វ​ស្លាប​សំខាន់​មួយ​ ក្នុង​ប្រទេស​កម្ពុជា។

តាម​ប្រភព​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ភូមិ​បណ្ដែត​ទឹក​កំពង់ភ្លុក មាន​ប្រជាជន​រស់​នៅ​ប្រមាណជាង ​៣០០០ ​នាក់។ ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ​ ភ្ញៀវទេសរ​នឹង​លង់​ជាមួយ​សម្រស់​ធម្មជាតិដ៏​ត្រកាល អាច​ទស្សនា​សត្វ​ស្លាប​រហូត​ទៅ​ដល់​ជាង​១០០​ប្រភេទ រួម​ទាំង​ត្រី​ចម្រុះ​ហែល​ឆ្វាត់ឆ្វែង​គួរ​ជា​ទី​ទស្សនា៕

រូបភាព៖ ក្រសួងទេសចរណ៍

អត្ថបទ៖ វឌ្ឍនៈ