ត្រឹម២២ឆ្នាំ បើធ្វើបាន៨ចំណុចនេះ ទុកថាជាមនុស្សដ៏អស្ចារ្យបំផុតហើយ
- 2018-04-23 07:59:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម២២ឆ្នាំ បើធ្វើបាន៨ចំណុចនេះ ទុកថាជាមនុស្សដ៏អស្ចារ្យបំផុតហើយ
ចន្លោះមិនឃើញ
ពេលវេលាមិនដែលរង់ចាំមនុស្សទេ មានតែមនុស្សទេ ជាអ្នករង់ចាំពេលវេលា។ មានរបស់ជាច្រើនមនុស្សអាចទិញបាន លើកលែងតែពេលវេលាមិនអាចទិញបាន ហើយគ្មាននរណាម្នាក់អាចបង្វិលពេលវេលាឲ្យត្រឡប់ក្រោយនោះឡើយ។ ដូច្នេះត្រូវសួរខ្លួនឯងថា រយៈពេលនៃផែនដីវិល ស្មើនឹង៣៦៥ថ្ងៃ តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯង? បើសិនជាអ្នកធ្វើបាន ៨យ៉ាងដូចខាងក្រោមនេះ គឺមានន័យថា អ្នកប្រើពេលវេលា នៃការវិលមួយជុំរបស់ផែនដីមានន័យបំផុត។
១. អាចឆ្លងកាត់រឿងលំបាកៗខ្លាំង
គ្រប់ស្ថានភាពលំបាកៗជាច្រើន ដែលចូលមកក្នុងជីវិតមិនថា រឿងគ្រួសារ ស្នេហា មិត្តភក្ដិ កន្លែងការងារ ប៉ុន្តែអ្នកអាចដោះស្រាយបាន នោះមានន័យថាជាភាពជោគជ័យមួយជំហានហើយ។ ចំណុចនេះបញ្ជាក់ថា អ្នកក្លាយជាមនុស្សរឹងមាំ មិនចុះចាញ់រឿងអ្វីងាយៗ ក្លាហានហ៊ានប្រឈម និងអាចរកដំណោះស្រាយដ៏សមស្របបំផុត។
២. មានលុយចាយគ្រប់គ្រាន់ទោះមិនទាន់សល់
ទោះមិនទាន់មានលុយកាក់សល់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែអ្នកអាចរកចំណូលបានល្មមមួយចាយគ្រប់គ្រាន់ មិនខ្វះមុខ ខ្វះក្រោយ មិនចាំបាច់រកខ្ចីអ្នកណា នោះក៏ចាត់ទុកជាភាពជោគជ័យដែរ។ មនុស្សក្នុងវ័យស្របាលអ្នក មិនប្រាកដថាមានលុយចាយខ្លួនឯងទេ ព្រោះអ្នកខ្លះនៅតែលាដៃសុំលុយឪពុកម្ដាយចាយនៅឡើយ។
៣. ឡើងតំណែង និងប្រាក់ខែនៅកន្លែងការងារ
បើក្រឡេកមកមើលការងារក្នុងឆ្នាំនេះ អ្នកបានសាងស្នាដៃល្អៗជាច្រើន ធ្វើឲ្យអ្នកថ្នាក់ដឹកនាំសប្បាយចិត្ត ហើយរីករាយនឹងដំឡើងតំណែង និងប្រាក់ខែ។ ដូច្នេះអ្នកគួរតែសប្បាយចិត្ត និងមានមោទនភាពលើខ្លួនឯង ចំពោះអ្វីដែលបានបំពេញកន្លងមក។
៤. ក្លាយជាមនុស្សគួរជាទីរាប់អានពីអ្នកជុំវិញខ្លួន
ទៅដល់ទីណាក៏មានអ្នកស្រឡាញ់រាប់អាន ចូលចិត្ត ក៏ចាត់ទុកជាភាពជោគជ័យដែរ។ ចំណុចនេះបង្ហាញថា អ្នកជាមនុស្សល្អ ចេះបត់បែនគ្រប់កាលៈទេសៈ អាចសម្របខ្លួនគ្រប់ជាមួយប្រភេទមនុស្ស មិនមានសត្រូវ មានតែមិត្ត។ ដូច្នេះទៅថ្ងៃមុខ មិនថាមានរឿងអ្វីក៏មានអ្នកនៅពីក្រោយខ្នងចាំលើកទឹកចិត្តដែរ។
៥. ជាមនុស្សចាស់ទុំមិនមែននៅក្មេងដូចពីមុន
ឈប់លេងសើច ឡិកឡក់អត់ប្រយោជន៍ ឈប់ទន់ជ្រាយ តែប្រែក្លាយជាមនុស្សចាស់ទុំ ទាំងសម្ដីសំដៅ ទាំងការការស្លៀកពាក់ ករិយាមាយាទ។ ទាំងនេះហើយជាចំណុចចាប់ផ្ដើមដ៏ល្អបំផុត ដើម្បីឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។
៦. អាចធ្វើដំណើរកម្សាន្តទៅកន្លែងដែលខ្លួនឯងប្រាថ្នាតាំងពីតូច
កាលពីតូចធ្លាប់មានក្ដីស្រមៃដើរលេងកន្លែងឆ្ងាយៗ ឫទៅកាន់តំបន់ទេសចរណ៍ណាមួយ ដោយខ្លួនឯងទេ? បើក្នុងឆ្នាំនេះ អ្នកបានធ្វើដំណើរកម្សាន្តជាច្រើនកន្លែងដោយខ្លួនឯង ដោយមិនចាំបាច់ចាយលុយគ្រួសារ នោះហើយជាអ្វីដែលអ្នកសម្រេចបានក្នុងជីវិត។ ចំណុចនេះអាចជារឿងតូចតាចសម្រាប់អ្នកមាន តែជាជោគជ័យដ៏ធំសម្រាប់អ្នកដែលប្រឹងប្រែងរកលុយដោយសមត្ថភាព និងអាចទៅកាន់កន្លែងទាំងនោះដូចបំណង។
៧. អាចកំណត់ពីអ្វីដែលខ្លួនចង់បាននៅអនាគត
ជាជំហានឆ្ពោះទៅរកភាពជោគជ័យ បើអ្នកដឹងពីអ្វីដែលគោលបំណងពិតប្រាកដរបស់អ្នក ហើយបើបានរៀបចំផែនការ ដើម្បីសម្រេចឲ្យបាន គឺកាន់តែល្អប្រសើរថែមទៀត។ តើអ្នកបានកំណត់គោលដៅរបស់ខ្លួនឯងសម្រាប់ឆ្នាំថ្មីឫ? បើមិនទាន់ទេ សូមគិតពិចារណាឡើងវិញ។
៨. លែងជាបន្ទុកឪពុកម្ដាយ
ពាក្យថា បន្ទុកឪពុកម្ដាយ មិនមែនសំដៅតែលើរឿងសុំលុយចាយតែម្យ៉ាងនោះទេ តែចំណុចនេះសំដៅថា អ្នកអាចមើលខុសត្រូវខ្លួនឯងបាន ចេះបែងចែកអ្វីល្អ អ្វីមិនល្អ អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ មិនឲ្យលោកទាំងពីរហត់មាត់តទៅទៀត។ បើធ្វើចំណុចនេះបាន នោះអ្នកអាចត្រួសត្រាយផ្លូវដោយខ្លួនឯង មិនចាំបាច់រុកកួនឪពុកម្ដាយទៀតទេ៕
អត្ថបទ៖ វឌ្ឍនៈ