ទៅលេងកោះបាលី១សប្ដាហ៍ ចាយ​លុយ​ប៉ុន្មាន​?

  • 2018-07-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​បាលី​ជា​គោល​ដៅ​ទេសចរណ៍​មួយ​ដ៏​មាន​ប្រជាប្រិយភាព នៃ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ក៏​មាន​បងប្អូន​ខ្មែរ​មិន​តិច​អ្នក​ឡើយ​ធ្លាប់​ទៅ​ដល់​ទីនោះ​ផ្ទាល់​ដើម្បី​ផ្ដិត​​ទេសភាព​ដ៏​ស្រស់​ត្រកាល។ ថ្ងៃ​នេះ​មក​ដឹង​ទាំង​អស់​គ្នា​ថា បើ​ចង់​ទៅ​លេង​កោះ​បាលី​រយៈ​ពេល​១​សប្ដាហ៍​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ទើប​គ្រប់? ហើយ​ចំណាយ​ទៅ​លើ​អ្វី​ខ្លះ? ត​ទៅ​នេះ​គឺ​ជា​ការ​ចែក​រំលែក​ពី​ រុន វិរៈ ទើប​តែ​ទៅ​កម្សាន្ត​កាល​ពី​ថ្មី​ៗ​នេះ។

យុវជន រុន វិរៈ ជា​ប្រធាន​ក្រុម Unseentra ប្រាប់​ថា​ចំណាយ​ដែល​ធំ​ជាង​គេ​នោះ​គឺ សំបុត្រ​យន្ត​ហោះ ដែល​មាន​តម្លៃ​ ២២២​ដុល្លារ ​ហើយ​អ្នក​ទាំង​អស់​គ្នា​និង​ត្រូវ​ចំណាយ​ពេល យ៉ាង​ហោច​ណាស់ ១​ថ្ងៃ​ដើម្បី​ធ្វើដំណើរ ព្រោះ​ត្រូវ​ប្ដូរ​ជើង​ហោះ​ហើរ​នៅ​កូឡាឡាំពួរ បើ​អ្នក​ជិះ Air Asia Malindo Air ឬ Malaysian Air ។​

​​​ប្រធាន​ក្រុម​រៀប​ចំ​ដំណើរ​កម្សាន្ត​បែប​បោះតង់ និង ជា​អ្នក​សរសេរ​អត្ថបទ​ខ្លី ពី​ទីតាំង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ ក្នុង​ប្រទេស​កម្ពុជា និង ក្រៅ​ប្រទេស​រូប​នេះ​បន្ត​ថា ចំណាយ​ធំ​ទី២ គឺ ថ្លៃ​ស្នាក់​នៅ គឺ ១២៥ ដុល្លារ​ម្នាក់ ក្នុង​រយៈ​ពេល​មួយ​អាទិត្យ ហើយ​ត្រូវ​ស្នាក់នៅ Bangalow និង Hotel ស្អាត​មាន​ផាសុកភាព​គួរ​ឲ្យ​ចង់​ស្នាក់​នៅ។

អតីត​និស្សិត​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង់​និយាយ​ថា៖ «​ចំណែក​អាហារ​យើង​ចំណាយ​ប្រហែល ១០០ ដុល្លារ។ ប៉ុន្តែ​កុំ​ភ្លេច​វេច សៀង ត្រីខ និង មី​កំប៉ុង​ទៅ​ផង​ទើប​គ្រប់ បើ​មិន​អញ្ចឹង​ទេ ដឹង​តែ​អំបិល​ហើយ ម្ហូប​ញ៉ាំ​អត់​កើត ហើយ​ថ្លៃ​ទៀត ១ ពេល បើ​ញ៉ាំ​នៅ​ភោជនីយដ្ឋាន​អាច​អស់​ម្នាក់ ១០ ដុល្លារ​ជាង។» ហើយ​ចុង​ក្រោយ​ថ្លៃ ជួល​ម៉ូតូ ឡាន​ជិះ និង ទូក គឺ សរុប​អស់​ប្រហែលជា ១២០ ដុល្លារ​ក្នុង​ម្នាក់។សរុប​ចុង​ក្រោយ​ចំណាយ​យ៉ាង​ហោច​ណាស់ ៥៥០ដុល្លារ ក្នុង​ម្នាក់ សម្រាប់​រយៈពេល ១ អាទិត្យ​នៅ​កោះ​បាលី៕

រូបភាព៖ ផ្ដល់ដោយផេក Unseentra


ប្រភព៖ Sabay News ប្រែ​សម្រួល៖ chanvutha yin