កុំឲ្យស្តាយ! ពេលទៅលេងសិង្ហបុរី មិនគួររំលងកន្លែងថតរូបស្អាតៗ ដោយមិនបាច់ចំណាយលុយ
- 2019-11-20 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យស្តាយ! ពេលទៅលេងសិង្ហបុរី មិនគួររំលងកន្លែងថតរូបស្អាតៗ ដោយមិនបាច់ចំណាយលុយ
ចន្លោះមិនឃើញ
ដោយសារតែភាពជឿនលឿន ស្រស់ស្អាត និងមានសុវត្ថិភាព បានធ្វើឲ្យសិង្ហបុរី ក្លាយជាប្រទេសមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករ។ ថ្វីដ្បិតតែប្រទេសនេះ ផ្ញើខ្លួននៅលើដីកោះ និងមានទំហំតូចត្រឹម ៧១៩,៩ គម២ ពិតមែន ប៉ុន្តែវាបានគ្របដណ្តប់ទៅដោយរុក្ខជាតិបៃតងធម្មជាតិ ដល់ទៅជាង ៥០% ឯណោះ។ ក្រៅពីនេះ នៅមានអាគារទំនើបខ្ពស់ៗ និងកន្លែងជាច្រើនទៀត ដែលអ្នកគួរទៅលេង ដើម្បីទទួលបាននូវទិដ្ឋភាពថ្មីប្លែក អាចថតរូបលេងយ៉ាងសប្បាយ ដោយពុំចាំបាច់ចំណាយលុយទិញសំបុត្រចូល។
១ . Haji Lane
កន្លែងនេះស្ថិតនៅក្នុងតំបន់មួយមានឈ្មោះថា Kampong Glam។ វាគឺជាផ្លូវតូចចង្អៀតបំផុតហើយក៏ទាក់ទាញបំផុតដែរនៅក្នុងប្រទេសសិង្ហបុរី។ នៅលើជញ្ជាំងពោរពេញទៅដោយសិល្បៈគំនូរស្រស់ស្អាតចម្រុះពណ៌ ចំណែកឯនៅជុំវិញ មានហាងកាហ្វេ ម្ហូបអាហារ និងហាងទំនិញជាដើម ដែលជាទីតាំងដ៏មានប្រជាប្រិយភាព សម្រាប់យុវវ័យនៃប្រទេសនេះ ជួបជុំគ្នាផងដែរ។
២ . Arab Street
នៅមិនឆ្ងាយពីគ្នាប៉ុន្មាន អ្នកនឹងមកដល់ Arab Street ដែលជាផ្លូវសម្បូរទៅដោយ ហាងលក់សម្លៀកបំពាក់ ម្ហូបអាហារ និងហាងទំនិញផ្សេងៗ ស្ថិតនៅក្នុងអាគារមានពណ៌ផ្សេងៗគ្នា។ ជាពិសេស វាជាកន្លែង មួយស័ក្តិសមបំផុតសម្រាប់អ្នកដែលស្វែងរកម្ហូបបែបអិស្លាម (Halal food )។
៣. Sultan Mosque
នេះគឺជាវិហារអិស្លាមធំជាងគេបង្អស់នៅក្នុងប្រទេសសិង្ហបុរី ដែលមានទីតាំងស្ថិតនៅលើផ្លូវ North Bridge ក្បែរជាមួយនឹង Arab Street។ វិហារ Sultan ដ៏លេចធ្លោ ក្នុងទីប្រជុំជន ត្រូវបានសាងសង់ឡើង ចាប់តាំងពីឆ្នាំ ១៨២៤ មកម្ល៉េះ។
៤. Bugis Street
មិនត្រឹមតែជាកន្លែងថតរូបពេលរាត្រី Bugis Street ក៏ជាតំបន់ពេញនិយមមួយ ដែលមានផ្សារទំនើប រួមទាំងផ្សារលក់ទំនិញធូរថ្លៃសមរម្យផងដែរ។
៥. Library@Orchard
library@orchard បានបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសិល្បៈ ក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាភិបាលបណ្ណាល័យជាតិនៃប្រទេសសិង្ហបុរី។ នេះជាបណ្ណាល័យសាធារណៈ ដែលបើកទទួលស្វាគមន៍ដល់ទាំងភ្ញៀវជាតិនិងអន្តរជាតិ។ ក្រៅពីមានសៀវភៅ ដល់ទៅជាង៤៥០០០ក្បាល សម្រាប់អាន ភ្ញៀវជាច្រើនក៏បានទៅថតរូបដោយភាពស្ងៀមស្ងាត់ ព្រោះបណ្ណាល័យនេះ មានការរចនាច្នៃប្រឌិតដ៏ទាក់ទាញបំផុត។
៦. សារមន្ទីរជាតិ
ជ្រុលទៅដល់ប្រទេសសិង្ហបុរីហើយ គួរឆ្លៀតពេលចូលលេងសារមន្ទីរជាតិ ដែលដាក់បង្ហាញពីប្រវត្តិសាស្ត្រអស្ចារ្យជាច្រើននៃប្រទេសនេះ។ ប្រសិនបើទៅដល់មុនម៉ោង ១០ព្រឹក អ្នកក៏អាចថតរូបលេងនៅបរិវេណខាងក្រៅសិន មុននឹងសារមន្ទីរបើក។
Fort Canning
ធ្វើដំណើរចេញពីសារមន្ទីរជាតិបន្តិច អ្នកនឹងមកដល់ Fort Canning។ នៅកន្លែងនេះដែរ មិនត្រឹមតែជាសួនច្បារស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងមានលាយឡំជាមួយនឹងប្រវត្តិសាស្ត្រ និងទីតាំងថតរូបទាក់ទាញផងដែរ។
៧. Garden by the Bay
មិនគួររំលងទេ ព្រោះវាជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាព។ បើបានទៅលេងពេលយប់ កាន់តែស្អាតប្លែកភ្នែកមួយកម្រិតទៀត ជាមួយនឹងភ្លើងចែងចាំង ហ៊ុមព័ទ្ធលាយឡំនឹងធម្មជាតិស្រស់បំព្រង។
៨. Jewel Changi Airport
នៅក្នុងព្រលាន Changi ស្ថិតនៅស្ថានីយលេខ៤ គឺជាទីតាំងដែលអ្នកអាចចូលទៅដល់ Jewel មុនគេ។ សម្រាប់អ្នកដែលមានជើងហោះហើរនៅស្ថានីយលេខ ១ ២ និង៣ ក៏អាចចំណាយពេលចូលលេងបានដែរ ជាពិសេសវាធំទូលាយ មានរុក្ខជាតិតូចធំ ទឹកធ្លាក់ និងកន្លែងជាច្រើនទៀត ដែលអាចផ្តិតយករូបស្អាតៗរាប់មិនអស់ និងមិនធ្វើឲ្យធុញទ្រាន់ ក្នុងការរង់ចាំជើងហោះហើរ។
ចុចអានបន្ត៖ របៀបចាយលុយ កុំឲ្យក្រខ្សត់ទៅថ្ងៃមុខ
អត្ថបទ៖ ដេត ឈុនអ៉ី