ចូលឆ្នាំថ្មីជិតមកដល់ហើយ តោះមកមើលទំនាយថ្ងៃសង្ក្រាន្តទាំងបីជាមុនសិន
- 2017-03-29 02:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំថ្មីជិតមកដល់ហើយ តោះមកមើលទំនាយថ្ងៃសង្ក្រាន្តទាំងបីជាមុនសិន
ចន្លោះមិនឃើញ
ជាការពិតណាស់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនខ្មែរ កាន់តែខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះហើយ។ បើតាមជំនឿរបស់ខ្មែរពីបុរាណមក លោកតែងគន់គូរតាមទំនាយមួយចំនួន ដើម្បីជាការប្រមើលមើលចំពោះរឿងល្អ និង រឿងមិនល្អដែលអាចកើតមានឡើងសម្រាប់ឆ្នាំថ្មី។
តាមរយៈសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី២០១៧ ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ ព្រមទាំងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន្តសម្រាប់ឆ្នាំថ្មីដូចតទៅ៖
ថ្ងៃទី១ ឬ ថ្ងៃមហាសង្ក្រាន្ត៖ ចំពោះថ្ងៃចូលឆ្នាំថ្មីខាងមុខនេះគឺត្រូវចំថ្ងៃសុក្រ។ ក្នុងទំនាយបានសរសេរថាស្រូវអង្ករ សណ្ដែក ល្ង និង ផលដំណាំទាំងឡាយ នឹងទទួលបានផលបរិបូរណ៍។ អាចនឹងមានទឹកភ្លៀង ខ្យល់ព្យុះច្រើន។ មិនតែប៉ុណ្ណោះក៏អាចកើតមានរោគឈឺភ្នែក ហើយអាចនឹងមានមនុស្សស្លាប់ដោយសារជំងឺជាច្រើនទៀតផង។
ថ្ងៃទី២ ឬ ថ្ងៃវ័នបត៖ ថ្ងៃកណ្ដាលឆ្នាំនេះគឺត្រូវនឹងថ្ងៃសៅរ៍។ ក្នុងទំនាយបានបញ្ជាក់ថាស្រូវអង្ករ សណ្ដែក ល្ង ផលដំណាំនានា ព្រមទាំងត្រីសាច់នឹងមានតម្លៃ ដែលអាចធ្វើអោយសមណជីព្រាហ្មណ៍ក្ដៅក្រហាយចិត្តច្រើនអនេក។
ថ្ងៃទី៣ ឬ ថ្ងៃឡើងស័ក៖ ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំគឺត្រូវនឹងថ្ងៃអាទិត្យ។ ក្នុងគម្ពីរចែងថា ព្រះមហាក្សត្រនឹងទទួលបានភាពរុងរឿង ដោយមានតេជានុភាព និង មានជ័យជម្នះ លើអស់សត្រូវ គ្រប់ទិស។ ជាងនេះទៅទៀត ប្រសិនបើប្រទេសត្រូវធ្លាក់ក្នុងយុទ្ធសង្គ្រាមវិញ ក៏ព្រះអង្គនឹងអាចយកឈ្នះលើបច្ចាមិត្តទាំងអស់នោះបានដែរ។
សូមបញ្ជាក់ផងដែរថា ទេវតាឆ្នាំថ្មី ឆ្នាំរកានេះ សង្ក្រាន្តនឹងចូលមកចំថ្ងៃសុក្រ ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧ នាវេលាម៉ោង ០៣:១២ នាទី។ ចំពោះទេវតាឆ្នាំថ្មីនេះ ព្រះនាម កិមិរាទេវី ជាបុត្រីទី៦នៃកបិលមហាព្រហ្មទ្រង់សោយចេកណាំវ៉ា ជាអាហារ ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ដែលជាពាហនៈ ចំណែកឯព្រះហស្តស្ដាំរបស់ទ្រង់កាន់ព្រះខ័ន្ធ រីឯព្រះហស្តឆ្វេងទ្រង់កាន់ពិណ។
ប្រែសម្រួល៖ ចន្ថា
សៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី២០១៧