ត្រណម២ ត្រូវអនុវត្តក្នុងពេលបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃ
- 2017-03-30 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រណម២ ត្រូវអនុវត្តក្នុងពេលបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃ
ចន្លោះមិនឃើញ
ត្រណមមួយចំនួនត្រូវអនុវត្តយ៉ាងតឹងរឹង ក្នុងពេលបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ នេះដោយផ្អែកតាមសៀវភៅបុណ្យទំនៀមខ្មែរ របស់លោក ឆឹង ផាន់សុផុន ដែលបានកែសម្រួលដោយ ភិក្ខុ មហាយិន នឿន។ ត្រណមដែលត្រូវអនុវត្តនោះមាន៖
កំហឹង៖
ឥរិយាបទច្រងេងច្រងាង និងការវាយតប់គ្នា ត្រូវតែហាមឃាត់ជាដាច់ខាត នេះដោយយោងតាមសារមួយបង្កប់ក្នុងរឿងអត្ថន័យនៃរឿងដំណាលបុណ្យចូលឆ្នាំថ្មី ដែលរៀបរាប់ពីមុខទាំង៤របស់កបិលមហាព្រហ្ម គឺជានិម្មិត្តរូបនៃព្រហ្មវិហារធម៌ទាំង៤ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានគឺ៖ មេត្តា១ ករុណា១ មុទិតា១ និងឧបេក្ខា១។ ហើយព្រហ្មវិហារធម៌ទាំង៤នេះ គឺជាគុណសម្បត្តិខាងផ្លូវចិត្ត និងការទំនាក់ទំនងក្នុងសង្គម។ បើសិនមនុស្សគ្រប់រូប មិនប្រតិបត្តិតាមព្រហ្មវិហារធម៌ទាំង៤ នោះទេ បញ្ហាស្មុគស្មាញក្នុងសង្គម នឹងកើតមានឡើងជាពុំខានឡើយ។
ប្រុងប្រយ័ត្នក្នុងការជេរប្រទេចសត្វ៖
នៅថ្ងៃបុណ្យចូលឆ្នាំ ឥរិយាបថមួយចំនួនគួរតែតម ដូចជាការជេរប្រទេច សត្វ ទោះបីជា សត្វចិញ្ចឹម ដូចជាមាន់ ជ្រូក គោ ក្របី សេះ ដំរី ឆ្កែ ឆ្មា និងសត្វទៀតដទៃទៀតក៏ដោយ។ បន្ថែមពីនោះទៀត សម្រាប់សត្វទាំងនោះ គេត្រូវឲ្យទឹក ដុសលាងឲ្យបានស្អាតបាត បំប៉នចំណីអាហារ និងក្នុងករណីខ្លះ សត្វខ្លះត្រូវដោះលែងឲ្យមានសេរីភាពទៀតផង។
គួររំលឹកដែរថា បុណ្យចូលឆ្នាំខ្មែរមានគោលបំណងច្បាស់លាស់មួយ ដែលគ្មានផ្លាស់ប្ដូរតាំងអំពីបុរាណកាល រហូតមកទល់សព្វថ្ងៃនេះគឺ៖
១. កសាងជីវភាពផ្ទាល់ខ្លួន និងសង្គមថ្មី ព្រមទាំងបំភ្លេចនូវរឿងរ៉ាវអពមង្គលក្នុងឆ្នាំចាស់ចោល។ ២. អបអរចំពោះធម្មជាតិ និងផលិតផលកសិកម្ម ក្នុងក្ដីសង្ឃឹមថា ឆ្នាំក្រោយភោគផល នឹងបានបរិបូរណ៍។ ៣. សម្ដែងកតញ្ញុតាធម៌ ចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ ជាដើម។ ៤. អបអរសាទរចំពោះកេរដំណែលអមតៈ របស់បុព្វការីជន។ ៥. គោរពវិញ្ញាណក្ខន្ធនៃវីរបុរសអ្នកស្នេហាជាតិ គ្រប់ជំនាន់។ ៦. ទំនុកបម្រុង និងរក្សាព្រះពុទ្ធសាសនា អស់កាលយូរអង្វែង។ ៧. បណ្ដុះព្រហ្មវិហារធម៌ និងសាមគ្គីធម៌ ក្នុងដួងចិត្តខ្មែរគ្រប់រូប៕
អត្ថបទ៖ មាន រតនា