ឆ្ងល់​អត់​! ​ម៉េច​បាន​សត្វ​ស្វា​​ចូល​ចិត្ត​នាំ​គ្នា​ចាប់​ចៃ​?

  • 2017-04-04 02:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជានិច្ច​កាល​ ​យើង​តែង​ឧស្សាហ៍​​ឃើញ​សត្វ​ស្វា​ផ្តុំ​គ្នា​​​ជា​ក្រុម​​ ​​ដើម្បី​​រក​ចៃ​អោយ​គ្នា​​​​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​។​ ​តើ​មូល​ហេតុអ្វី​បាន​ជា​ពួក​វា​នាំ​គ្នា​​ធ្វើ​បែប​នេះ?​ ​

យោង​តាម​សៀវភៅ​" ហេតុអ្វី " ​របស់​​លោក​ ហ៊ុន​ គឹម​ស៊ា​ បាន​បកស្រាយថា​ ជាទម្លាប់​សត្វ​ស្វាតែង​​វែក​​រោម​គ្នាវាមើល​ចុះ​​ឡើង​ ហាក់​ដូច​ជា​​កំពុង​​ចាប់​ចៃ​ដើម្បី​យក​មក​ស៊ី​អ៊ីចឹង។​ ​ប៉ុន្តែ​តាម​ការ​ពិត​​ទៅ សត្វ​ស្វា​វា​គ្មាន​​ចៃ​​នៅ​លើ​ខ្លួន​ដូច​ដែល​យើង​គិត​នោះ​ឡើយ។ តាមការពិត នៅពេល​​​ណាដែលមាន​អាកាសធាតុ​ក្ដៅ​​ វា​នឹង​បណ្ដាល​អោយ​​ស្វា​បែក​ញើស រួច​ញើស​ទាំង​នោះ​ក៏​ក្រៀម​ទៅ​ជា​​សារជាតិ​អំបិល​។ លុះ​យូរ​ថ្ងៃ​ទៅ​ វា​លាយ​ឡំ​​ជាមួយ​ក្អែល​​​ដែល​នៅ​លើ​ស្បែក​ស្វា​ទាំង​នោះ​ផង​​ ក៏​បង្កើត​អោយ​មាន​ជា​ក្រាម​អំបិល​ឡើង​ជាប់​នឹង​ស្បែក​​ខាង​លើ​ របស់​វា​​ គឺ​មាន​កម្រិត​រហូត​ដល់​ 0.9 % ឯ​ណោះ​។ ម៉្លោះ​ហើយ​ពួក​វា​មិន​មែន​ស៊ី​ចៃ​នោះ​ឡើយ​​​ គឺ​​ពួក​​វា​រក​​សារជាតិ​អំបិល​​នៅ​លើ​ស្បែក​ដើម្បី​ស៊ី​។​​​ ពិសេស​បើ​យើង​​ពិនិត្យ​អោយ​បាន​ម៉ត់​ចត់​​​ នោះ​យើង​នឹង​ឃើញ​ថា​​ពេល​ខ្លះ​ក៏​វា​ស៊ី​អំបិល​ញើស​ដែល​នៅ​លើ​ខ្លួន​ឯង​ផង​ដែរ​។​​

សូម​បញ្ជាក់​ផង​ដែរ​ថា​ សត្វ​​មាន​​ជីវិត​ទាំងអស់​​​​តែង​​ត្រូវ​ការ​សារជាតិ​អំបិល​​ខនិជ​ជានិច្ច​ ​គ្រាន់​តែ​ត្រូវ​ការ​តាម​ប្រភេទ​សត្វ​តូច​ រឺ ធំ​ និង តិច​រឺ ​ច្រើន​ប៉ុណ្ណោះ​។​ តួ​យ៉ាង​ដូច​ជា​​សត្វ​ដំរី​ទឹក​​មួយ​ក្បាល​ដែល​ត្រូវ​ការ​ជាតិ​អំបិល​ច្រើន​ជាង​គេ​ក្នុង​មួយ​ថ្ងៃ​ៗ​ គឺ​ប្រហែល​៦០០​ ក្រាម​​ឯ​ណោះ​។​​