សុភីរម្យ តារាចម្រៀងខ្មែរនិពន្ធចម្រៀង ៣ ភាសា
- 2016-04-19 01:37:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុភីរម្យ តារាចម្រៀងខ្មែរនិពន្ធចម្រៀង ៣ ភាសា
ចន្លោះមិនឃើញ
លោក Sophyrum Mang ជាតារាចម្រៀងនៅប្រទេសកាណាដាដែលមានដើមកំណើតជាជនជាតិខ្មែរ ដោយសារមានការគាំទ្រខ្លាំងពីប្រទេសកម្ពុជា និងជាសិល្បករមួយរូបដែលមានទឹកចិត្តចង់លើកស្ទួយសិល្បៈចម្រៀង Original ខ្មែរកាន់តែរីកមុខរីកមាត់ខ្លាំង លោកបានខិតខំបង្កើតបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ។ សព្វថ្ងៃនេះលោកទទួលបានប្រជាប្រិយភាពខ្លាំងគួរសមទាំងក្រៅប្រទេស និងច្រើនជាងគេជាអ្នកគាំទ្រនៅកម្ពុជា ហេតុនេះហើយទើបលោកបានសម្រេចមកកាន់ប្រទេសកម្ពុជាដើម្បីបង្ហាញនូវស្នាដៃនិពន្ធរបស់លោកផ្ទាល់ ក៏ដូចជាឱកាសអាចជួបជាមួយអ្នកគាំទ្រទាំងអស់គ្នានៅស្រុកខ្មែរផងដែរ។ ចង់ដឹងពីដំណើរចាប់ផ្ដើមនៃជីវិតក្នុងវិថីសិល្បៈរបស់លោកយ៉ាងណា តោះទៅមើលការសម្ភាសន៍ជាមួយលោកបន្តិចមើល៍ !
Sophyrum :តាមពិតទៅដោយសារតែប៉ាខ្ញុំគាត់ជាអ្នកចម្រៀងខ្មែរ តាំងពីតូចមកខ្ញុំក៏មានកូនចិត្តមួយស្រលាញ់ការច្រៀងដូចជាគាត់ដែរហើយចាប់ផ្ដើមរៀនច្រៀងតាំងពីអាយុ១២ឆ្នាំ ហើយមកទល់ពេលនេះខ្ញុំចេញ Album ដំបូងជាភាសាបារាំងនិងអង់គ្លេសបានចំនួន ៨ បទ និងគម្រោងចេញ Album ទីពីរនៅក្នុងខែមេសាខាងមុខនេះជាភាសាខ្មែរ បារាំងនិងអង់គ្លេសផងដែរ។
Sabay : ធ្លាប់បានដឹងថាមានគេឲ្យ Sophyrum និពន្ធបទចម្រៀងឲ្យគេច្រើនដែរតែ Sophyrum មិនសូវទទួលធ្វើ ចង់ដឹងថាហេតុអីដែរអាចប្រាប់បានអត់ ? Sophyrum : ពីព្រោះនៅក្នុងការនិពន្ធចម្រៀងផ្ទាល់ គឺខ្ញុំភាគច្រើនប្រើមនោសញ្ចេតនានិងរឿងពិតរបស់ខ្ញុំដាក់នៅក្នុងនោះ ដូច្នេះបទចម្រៀងទាំងអស់ហាក់ដូចជាបង្ហាញពីខ្លួនខ្ញុំតែម្ដង បើសិនជាខ្ញុំនិពន្ធចម្រៀងមួយនោះឲ្យគេប្រៀបដូចខ្ញុំឲ្យខ្សែជីវិតរបស់ខ្ញុំទៅគេដែរអញ្ចឹង។
Sabay : តើលោកយល់យ៉ាងម៉េចដែរចំពោះ Original Song នៅប្រទេសកម្ពុជាសព្វថ្ងៃ?
Sophyrum : ខ្ញុំសប្បាយរីករាយមែនទែនដែលមានក្មេងៗជំនាន់ក្រោយចាប់ផ្ដើមនាំគ្នាបង្កើនស្នាដៃ Original Song មិនថាតិចក៏ដោយឲ្យតែខំប្រឹងបង្កើតថ្មីគឺខ្ញុំពេញចិត្តនឹងគាំទ្រ ហើយឃើញថាស្នាដៃរបស់ពួកគាត់ក៏មិនអន់ដែរ។ «ខ្ញុំផ្ទាល់ក៏មានគោលបំណងរួមមួយដូចជាពួកគាត់ដែរគឺចង់ឲ្យមានការបង្កើត Original Song បានកាន់តែច្រើននឹងអាចជ្រៀតចូលទីផ្សារអន្តរជាតិលើកស្ទួយសិល្បៈចម្រៀងខ្មែរជំនាន់ក្រោយផងដែរ» ។
រូបភាព៖ Mr.Lee
អត្ថបទ៖ និតា