ម្ចាស់បទ «រៀបការនឹងបងបានទេ» ជាអ្នកណា?
- 2016-06-21 04:32:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទ «រៀបការនឹងបងបានទេ» ជាអ្នកណា?
ចន្លោះមិនឃើញ
កាលពីមុនគេមិនសូវទទួលស្គាល់ស្នាដៃបទចម្រៀងដែលនិពន្ធថ្មីរបស់ខ្មែរទេ ប៉ុន្តែគួរឲ្យស្ងើចសរសើរណាស់ដល់ក្មេងៗជំនាន់ក្រោយដែលនៅតែខិតខំប្រឹងប្រែងបង្កើតនូវអ្វីដែលថ្មី និងជារបស់ខ្មែរហើយនាំគ្នាលើកទឹកចិត្តជួយគាំទ្រគ្នាឯងយ៉ាងពេញទំហឹង។ Sabay ក៏ចង់ចូលរួមចំណែកគាំទ្រដល់ស្នាដៃថ្មីៗក្នុងការនិពន្ធចម្រៀងរបស់កូនខ្មែរដែរ ដូច្នេះក៏បានជួបសម្ភាសជាមួយកំលោះសង្ហាម្នាក់ដែលបាននិពន្ធបទចម្រៀងថ្មីជារបស់ខ្មែរតែមានលាយឡំជាចង្វាក់ R&B បន្តិចដែលធ្វើឲ្យអ្នកស្ដាប់ទទួលបានអារម្មណ៍ថ្មីមួយបែបទៀត ក្នុងលក្ខណៈខុសពីអ្នកដទៃ។ ចង់ស្គាល់គាត់ជាអ្នកណា?
អូន ជាឈ្មោះដែលគេបានស្គាល់តាមរយៈវីដេអូចម្រៀងកំពុងពេញនិយមក្នុងស្រទាប់យុវវ័យនោះគឺបទ «រៀបការនឹងបងបានទេ» ។ ដោយសារស្រលាញ់សិល្បៈចម្រៀងខ្លាំងពេក ពេលរៀនចប់នៅវិទ្យាល័យ លោក អូន បានសុំប៉ាម៉ាក់ទៅរៀនបន្តនៅសាលាវិចិត្រសិល្បៈតែត្រូវប៉ាម៉ាក់បដិសេធ រួចហើយក៏សម្រេចចិត្តមិនបន្តការសិក្សាដល់សព្វថ្ងៃនេះ។ ប៉ុន្តែផ្ទុយទៅវិញយុវជនរូបនេះ មិនបោះបង់ការស្រលាញ់ក្នុងសិល្បៈចោលដាច់ខាត រហូតបានហាត់រៀនច្រៀង Rap និងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្ម Kalp Ya Handz ក៏ដូចជាអ្នកនិពន្ធ តួសម្ដែង និងអ្នករាំផងដែរ។ មកទល់សព្វថ្ងៃបទចម្រៀងដែលគាត់បាននិពន្ធសម្រាប់ខ្សែភាពយន្ត «ប៉ុបពីទៅហូលីវូដ» ធ្វើឲ្យកក្រើកដល់អ្នកស្ដាប់ជាច្រើនតែងតែស្ដាប់គ្រប់ពេលវេលា និងនាំគ្នា Share ពេញបណ្ដាញផ្សព្វផ្សាយសង្គមច្រើនហួសគួរឲ្យកត់សម្គាល់។
ជាចុងក្រោយ ម្ចាស់បទ«រៀបការនឹងបងបានទេ» រូបនេះ ចង់ផ្កាំផ្ញើដល់អ្នកដែលស្រលាញ់សិល្បៈទាំងអស់គ្នាឲ្យក្រោកឈរឡើងចូលរួមច្នៃប្រឌិតសិល្បៈចម្រៀងខ្មែរឲ្យលេចមុខលេចមាត់ក្នុងឆាកអន្តរជាតិសារឡើងវិញ ព្រោះយើងធ្លាប់មានសិល្បៈវប្បធម៌ដ៏ល្បីល្បាញស្រាប់តពីបុព្វបុរសយើង នៅខ្វះតែការខិតខំរក្សានិងអភិវឌ្ឍសិល្បៈទាំងនោះឲ្យរស់រវើកតែប៉ុណ្ណោះ។
រូបភាព៖ Pu Sam
អត្ថបទ៖ និតា