ស្គាល់ Hella Chluy ទេ?
- 2016-08-03 02:50:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់ Hella Chluy ទេ?
ចន្លោះមិនឃើញ
ផានិត ដួង មានអាយុ ៣២ ឆ្នាំ ដែលមានស្រុកកំណើតនៅ Pacific Northwest (Washington) ប៉ុន្តែមានដើមកំណើតជាជនជាតិខ្មែរ សព្វថ្ងៃនេះគេស្គាល់ផានិតច្រើនតាមរយៈរហស្សនាម Hella Chluy ដោយសារគាត់ច្រៀងចម្រៀង Parodies បរទេសជាភាសាខ្មែរហើយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Youtube។
Sabay:តើ Hella ចាប់ផ្តើមធ្វើបទចម្រៀងតាំងពីពេលណា ?
Hella :ខ្ញុំចេះនិពន្ធបទចម្រៀងជាង២០ឆ្នាំហើយ ដំបូងឡើយខ្ញុំចូលចិត្តច្រៀងថតចម្រៀងលេងតាមម៉ាស៊ីនKaraokeរបស់ម៉ាក់ខ្ញុំ ក្រោយទៀតមកខ្ញុំចាប់ផ្ដើមនិពន្ធបទចម្រៀងដោយខ្លួនឯង តែដោយសារកាលនោះខ្ញុំនៅក្មេងពេកច្រៀងមិនសូវល្អ ហើយRap ខុសតុងរហូត។ តែដោយសារការខិតខំព្យាយាមយូរខែឆ្នាំក្រោយមកខ្ញុំក៏បានអភិវឌ្ឍការច្រៀងរបស់ខ្ញុំ ដោយមានការសហការជាមួយមិត្តភ័ក្ដិជិតស្និទ្ធរបស់ខ្ញុំម្នាក់ឈ្មោះ(Jeff Lek) ដែលគាត់មានចំណូលចិត្តលើការបង្កើតបទRap ជាមួយគ្នា។បទដែលពួកយើងធ្វើមានដូចជាប្រភេទបទ Hip Hop, R&B និងPop ហើយបទចម្រៀងដែលធ្វើឲ្យខ្ញុំក្លាយជាអ្នកចម្រៀងRap ដំបូងគឺបទ«Thuggish Ruggish Bone» បន្ទាប់មកនៅឆ្នាំ២០១០ខ្ញុំបានទទួលការគាំទ្រខ្លាំងដោយសារបទ«Dime»។
Sabay: តើបទចម្រៀងដែលមានទំនុកជាភាសាខ្មែរដែលលោកបានបង្កើតរាល់អត្ថន័យគឺចង់សំដៅទៅនរណាម្នាក់មែនដែរអត់? Hella: វាដូចជាមិនបែបហ្នឹងទាំងស្រុងទេ ខ្ញុំគ្រាន់តែសរសេរវាទៅតាមទិដ្ឋភាពពិតដែលគ្រប់គ្នាកំពុងចូលចិត្ត ហើយបែបកំប្លែងៗសប្បាយៗតែប៉ុណ្ណោះ។
Sabay: តើនៅក្នុងបទចម្រៀងទាំងនោះមានបង្កប់នូវសារអ្វីខ្លះដល់អ្នកមើល?
Hella: តាមពិតទៅសុទ្ធតែមានសារពិសេសដែលខ្ញុំបានបង្ហាញនៅក្នុងន័យបទចម្រៀង តែរាល់ការបង្កើតទាំងនោះគឺខ្ញុំចង់ឲ្យអ្នកមើលសើចហើយមានភាពសប្បាយរីករាយ តែនៅក្នុងបទមួយដែលមានចំណងជើងថា «Started from the bottom»វានិយាយពីជីវិតពិតរបស់គ្រួសារដែលតស៊ួប្រឹងប្រែងដោយបេះផ្លែប៊ឺរីដើម្បីចិញ្ចឹមជីវិត។
Sabay: តើលោកនឹងមានគម្រោងថ្មីៗអ្វីខ្លះសម្រាប់បទចម្រៀងបន្ទាប់ទៀត ?
Hella: ខ្ញុំនឹងបន្តធ្វើវីដេអូចម្រៀងបែបកំប្លែងសើចសប្បាយបន្តទៅទៀត ដែលមានទស្សនីយភាពថ្មីៗនឹងគួរឲ្យចាប់អារម្មណ៍ ហើយខ្ញុំក៏សង្ឃឹមថាថ្ងៃណាមួយដែលខ្ញុំបានទៅដើរកម្សាន្តនៅសមាគមខ្មែររស់នៅប្រទេសបារាំង អូស្ត្រាលី អង់គ្លេស និងជាពិសេសគឺប្រទេសខ្មែរតែម្តង ដែលខ្ញុំស្រមៃថានឹងអាចផ្ដល់ការសម្ដែងដ៏ល្អបំផុតរបស់ខ្ញុំជាមួយបងប្អូនជនជាតិខ្មែរយើងទាំងអស់គ្នា។ «ខ្ញុំស្រលាញ់ការធ្វើបទចម្រៀងខ្លាំងមែនទែន លុះត្រាតែខ្ញុំឈប់ដកដង្ហើមទើបខ្ញុំឈប់ច្រៀង» ។
អត្ថបទ៖ និតា